ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ដុត​ក្រឡាន​ជា​កេរ​ពី​ដូនតា​របស់​អ្នក​ខេត្តកំពង់ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ​រស់នៅ​ក្នុងភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ នៅ​តែ​បន្ត ប្រក​មុខរបរ​ដុត​ក្រឡាន​លក់​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ក្រៅពី​ការងារ​ស្រែ​ចម្ការ ខណៈ​ដែល​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ទៀត​បាន​បោះបង់​ចោល…


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ​រស់នៅ​ក្នុងភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ នៅ​តែ​បន្ត ប្រក​មុខរបរ​ដុត​ក្រឡាន​លក់​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ក្រៅពី​ការងារ​ស្រែ​ចម្ការ ខណៈ​ដែល​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ទៀត​បាន​បោះបង់​ចោល ។

យ៉ាងនេះ​ក្តី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​អំពាវនាវ​ឲ្យ​ពួក​គាត់​បន្ត​មុខរបរ​ដូនតា​នេះ​ជា​បន្ត​ទៀត ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ បងស្រី ឆុ​ន សុ​ឃី​ម អាយុ ៣៩​ឆ្នាំ បាន​មាន​ឱ្យ​ដឹង​ថា គាត់​បាន​បន្ត​មរតក​នេះ​ពី​ឪពុក​ម្ដា​យមក​ដល់​ពេល​នេះ​មាន​រយៈពេល ២០​ឆ្នាំ​ហើយ គឺ​ការ​ដុត​ក្រឡាន​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

បច្ចុប្បន្ន​គាត់​មានកូន​ដល់​ទៅ ៦​នាក់ រស់​ពឹង​អាស្រ័យ​លើ​ការ​ធ្វើស្រែ និង​បង្កើន​មុខរបរ​ដ៏​តូចតាច គឺ​ដុត​ក្រឡាន ។ កាល​ដើម​ឡើយ​អ្នក​ភូមិ​ទ្រា​ត្បូង នេះ​មាន​ប្រមាណ​ជាង ១០​គ្រួសារ ដែល​បាន​បង្កើត​មុខរបរ​ដុត​ក្រឡាន​លក់​ដូច​គាត់​ដែរ ប៉ុន្តែ​ក្រោយ​ពី​ពួក​គេ​មាន​ជីវភាព​ធូរធារ ព្រោះ​បានកូន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ពួក​គេ​បាន​នាំ​គ្នា​ឈប់​អស់​ទៅ នៅ​សល់​តែ ៣​គ្រួសារ​ប៉ុណ្ណោះ ។

ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ចាប់ពី​ម៉ោង​ប្រមាណ ៩​ព្រឹក​ទៅ គឺ​ចាប់ផ្ដើម​អារ​បំពង់​ឫស្សី រួច​លាង​អង្ករដំណើប​លាយ​ជាមួយ​វត្ថុ​ធាតុ​ផ្សំ​មួយ​ចំនួន រួច​ច្រក​ក្នុង​បំពង់​ឫស្សី និង​យក​ស្លឹក​ជ​ន្លុះ មក​ញាត់​ជា​គម្រប បន្ទាប់​មក​ទៀត​យក​ទៅ​ដាក់​បញ្ឈរ​ដុត​ឱ្យ​ឆ្អិន ទើប​យក​មក សក ឱ្យ​ស្អាត​ទុក​ព្រឹក​ឡើង​ម៉ោងជាង ៥​ភ្លឺ យក​ទៅ​លក់​នៅ​ផ្សារ ហើយ​មាន​ម៉ូយ​ចាំ​ទទួល និង​សល់​ប៉ុន្មាន​ទើប​ដើរ​លក់ ។ ដល់​ម៉ោង​ប្រហែល​ម៉ោង ៨​ព្រឹក គឺ​អស់​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ។

ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​បាន​ពី ៦ ទៅ ៧ ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ ។ មាន​ពេល​ខ្លះ មាន​អាណិកជន​មក​ពី​ក្រៅប្រទេស​កុម្ម៉ង់​ឱ្យ​គាត់​ដុត​ក្រឡាន តាម​គេ​ត្រូវការ​ដូច​ជា​ដាក់​ដូង​ឱ្យ​ច្រើន កាត់​បំពង់​ឫស្សី​ឱ្យ​វែង​ជាដើម ពួក​គេ​បាន​យក​ក្រឡាន​គាត់​ទៅ​ចែក​បងប្អូន​ពិសារ​ដល់​សហរដ្ឋអាមេរិក ជាដើម​ព្រោះ​ល្បី​ក្រឡាន​គាត់​ឆ្ងាញ់​ណាស់ ។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា មុខរបរ​ដុត​ក្រឡាន គឺជា​ប្រពៃណី​វប្បធម៌​ជាតិ​ដ៏​យូរលង់​ណាស់​មក​ហើយ បច្ចុប្បន្ន​ក្នុងភូមិ​ទ្រា​ត្បូង នេះ​គឺ​មួយ​ភាគ​ធំ​បាន​បោះបង់​មុខរបរ​នេះ​នៅ​សល់​តិចតួច​ប៉ុណ្ណោះ ។ លោក​នឹង​រៀបចំ​ឲ្យ​មានការ​ដុត​ក្រឡាន​នេះ​ជា​សហគមន៍​ឡើង​វិញ​ដើម្បី​ពង្រឹង​វិស័យ​ទេ​ចរណ៍​នៅ​ក្នុង​តំបន់​ផង និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ផង ព្រោះ​យោង​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន ផ្លូវ​ក្នុងភូមិ​ទ្រា​ត្បូង បាន​ចាក់​កៅស៊ូ​ហើយ​ថ្មី​ៗ​នេះ គាត់​សំណូម​អ្នក​ដែល​នៅ​សេសសល់​បន្ត​មុខរបរ​នេះ​ជា​បន្ត​ទៀត និង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ សូម​បង្កើន​មុខរបរ​ដោយ​ការ​ដុត​ក្រឡាន​នេះ​ឡើង​វិញ នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​គាត់​រៀបចំ​ចងក្រង​ជា​សហគមន៍ ។

សូម​ម​បញ្ជាក់​ដែរ​ថា ក្រឡាន គឺជា​អាហារ​ម្យ៉ាង​មាន​រស់ជាតិ​ឆ្ងុយ​ឆ្ងាញ់ ដែល​អាហារ​នេះ​គេ​បាន​យក​អង្ករដំណើប លាយ​សណ្ដែកក្រហម ជាមួយ​សាច់ដូង ដាក់​ស្ករ​បន្តិច អំបិល​បន្តិច រូ​ច​ច្រក​ក្នុង​បំពង់​ឫស្សី មាន​ប្រវែង​ប្រហែល​ពី ៣ ទៅ ៤ តឹក ដាក់​បញ្ឈរ រួច​ដុត​ឱ្យ​ឆ្អិន ទើប​យក​មក​បក​ពិសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ