ខេត្តបាត់ដំបង ៖ ក្រុមអ្នកញៀននឹងល្បែងចំនួន០៦នាក់ ត្រូវបានលោកស្នងការខេត្បញ្ជាឲ្យមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី០៥ ឧសភា នេះ ក្នុងនោះ មានទាំងអ្នកកាសែតប្រចាំតាមវង់ល្បែងម្នាក់ផង ក្រោយពីបញ្ចប់ការសាកសួរ ។
លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា ពួកអ្នកញៀនល្បែងស៊ីសង «អាប៉ោង» ទាំង០៦នាក់នោះ ត្រូវបានកម្លាំងអធិការក្រុងបាត់ដំបងចុះទៅបង្ក្រាប និងឃាត់ខ្លួនបាន កាលវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី០៤ ឧសភា ខណៈពួកគេកំពុងឈ្ងោកអ៊ុតអាប៉ោង
គគ្លើន ជាមួយនឹងក្រុមអ្នកលេងជាច្រើននាក់ទៀត នៅក្នុងភូមិតាព្រូច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។ លោកបានបញ្ជាក់ថា ក្រុមនេះសំងំប្រព្រឹត្តល្បែងស៊ីសងយ៉ាងស្ងាត់ស្ងាត់ស្ងៀម តែទំនងមានបញ្ហាផ្ទៃក្នុង ទើបមានអ្នកលួចផ្ដល់ព័ត៌មាន និងផ្ដល់ទីតាំងឲ្យសមត្ថកិច្ចចុះបង្ក្រាបបែបនេះ។
អធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បានឲ្យដឹងដែរថា ក្រុមអ្នកញៀនល្បែង អាចោរជើង១ ( អាប៉ោង ) ដែលកម្លាំងរបស់លោកឃាត់ខ្លួនបានទាំង០៦នាក់នោះមាន ១-ឈ្មោះ គឹម សុខជា អាយុ៤៩ឆ្នាំ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ (អ្នកកាសែត) ២-ឈ្មោះ ពូ ម៉ាច អាយុ៥២ឆ្នាំ នៅភូមិតាកុយ សង្កាត់ក្ដុលដូនទាវ ៣-ឈ្មោះ ម៉ៅ រូប អាយុ៦១ឆ្នាំ នៅភូមិតាព្រូច សង្កាត់ក្ដុលដូនទាវ ៤-ឈ្មោះ ម៉ែន អិ អាយុ៥៤ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ៥-ឈ្មោះ ម៉េត រដ្ឋា អាយុ៥៤ឆ្នាំ នៅភូមិកៀនកេះ ឃុំតាពូង ស្រុកថ្មគោល និង៦-ឈ្មោះ យ៉ាត យឿង អាយុ៦៩ឆ្នាំ នៅភូមិតាព្រូច សង្កាត់ក្ដុលដូនទាវ ។
យោងតាមរបាយការណ៍របស់លោកឆាង វណ្ណឆៃ បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនពួកអ្នកញៀនល្បែងនេះ មន្ត្រីជំនាញដកហូតវត្ថុតាងបាន ដូចជាមេអាប៉ោងចំនួន០៣គ្រាប់ ចានសំរាប់បាញ់អាប៉ោង០១ឈុត ប្រាក់ខ្មែរចំនួន៨០ម៉ឺនរៀល ប្រាក់ដុល្លាចំនួន៣០០ដុល្លារ រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
ជុំវិញករណីឈានដល់ការបង្ក្រាបនេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា តាមការពិតវង់ល្បែងដែលមានទាំងអ្នកកាសែតចូលរួមសហការលេងផងនេះ គឺបានបើកដំណើរការយ៉ាងរលូនអស់រយៈពេលយូរដែរហើយ ដោយគ្មានការរំខានពីអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានម្ដងណាទេ ។ ពួកអ្នកញៀននឹងល្បែងអាចោរជើង១នេះ ភាគច្រើនហាក់មានទំនុកចិត្តយ៉ាងខ្លាំងទៅលើមេ (អ្នកបើកល្បែង) ព្រោះមេអះអាងថា គេបានអះអាងថាគេបានសែនព្រេនជូនសមត្ថកិច្ច តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។
ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃដែលសមត្ថកិច្ចចុះបង្ក្រាបនោះទំនងមានបញ្ហាផ្ទៃក្នុង ហើយមានអ្នកលួចរាយការណ៏ប្រាប់លោកស្នងការខេត្ត ទើបលោកស្នងការខេត្តបញ្ជាឲ្យលោកឆាង វណ្ណឆៃ អធិការក្រុង ដឹកនាំកម្លាំងចុះបង្ក្រាបតែម្ដង។ បើតាមប្រភពដដែលបានបញ្ជាក់ដែរថា នៅមានទីតាំងល្បែងផ្សេងៗទៀត ដែលទើបចាប់ផ្ដើមបើកដំណើរការថ្មីៗ ហើយមេល្បែងនោះត្រូវគេដឹងថា ជាអតីតមេល្បែងដ៏ធំ ដែលធ្លាប់មានឈ្មោះបោះសំឡេងយ៉ាងល្បីល្បាញនៅក្នុងក្រុងបាត់ដំបង រឿង«បើកបនល្បែងស៊ីសង» ពេលនេះកំពុងប្រមូលជើងដំណើរយ៉ាងសន្សិមៗ យ៉ាងស្ងាត់ស្ងៀម ដែលទំនងអាចមានមន្ត្រីមួយចំនួនដែលធ្លាប់ខិលខូចនឹងល្បែងនេះ ជួយធ្វើជាខ្នងបង្អែកទៀតផង។
ពាន់ព័ន្ធនឹងក្រុមអ្នកញៀនល្បែងចំនួន០៦នាក់ ដែលសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការឯណេះវិញ បើតាមលោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា លោកស្នងការខេត្តបានបញ្ជាឲ្យមន្ក្រីរិយាល័យជំនាញ បញ្ជូនពួកគេទៅកាន់តុលាការហើយ តែគេមិនទាន់ដឹងថា តើត្រូវតុលាការចាត់វិធានការបែបណានៅឡើយទេ៕
ចែករំលែកព័តមាននេះ