រាជធានីភ្នំពេញ ៖ ទោះបីជាកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពផុយស្រួយនៃជំងឺកូវីដ- ១៩ យ៉ាងណាក្ដី ក៏ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិនៅតែមានលទ្ធផលជាវិជ្ជមានដដែល ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំនេះឃើញថាមានកំណើនគួរអោយកត់សម្គាល់ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
ក៏ប៉ុន្តែខណៈការនាំចេញផលិតផលកសិផលទទៅក្រៅប្រទេសមានសន្ទុះកើនឡើង តែការនាំចេញសម្ភារៈសំខាន់ដូចជាការនាំចេញសម្លៀកបំពាក់ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅដើមឆ្នាំ ២០២០នេះ មានការថយចុះខ្លាំង ដោយសារតែមិនមានការបញ្ជាទិញពីខាងក្រៅ ទើបធ្វើអោយចង្វាក់ផលិតកម្មក្នុងវិស័យនេះ កំពុងជួបផលប៉ះពាល់ជាបន្តបន្ទាប់ ជាក់ស្ដែងតាមក្រសួងការងារ មានរោងចក្រប្រមាណជាង១៣០បានស្នើសុំព្យួរការងារ ដែលនឹងធ្វើអោយប៉ះពាល់ដល់ការងារប្រមាណ១០ម៉ឹននាក់ ។
យ៉ាងណាមិញ បើងាកទៅមើលរបាយការណ៍របស់កសិកម្ម បើទោះបីជាជំងឺកូវីដ-១៩ កំពុងកូរពិភពលោកឡើងវ៉ល់យ៉ាងណាក៏ដោយ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០នេះការនាំចេញកសិផលសរុបរបស់កម្ពុជាទៅកាន់អន្តរជាតិ មានប្រមាណជាង២លាន៧ពាន់តោន ក្នុងនោះអង្ករបាននាំចេញប្រមាណជាង៣០ម៉ឺនតោន ក្នុងនោះចិននៅតែជាទីផ្សារធំសម្រាប់អង្ករកម្ពុជា ។ ក្នុងរយៈពេល៤ខែនេះការនាំចេញអង្ករពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិទទួលបានកំណើនដល់ទៅ៤០,៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅនេះ ។
យោងតាមរបាយការណ៍នេះបានបង្ហាញថាទោះបីជាកម្ពុជានិងបណ្តាប្រទេសជាច្រើនលើពិភពលោកមានបញ្ហាជំងឺកូវីដ-១៩ ក្តី តែការនាំចេញកសិផលតាមផលិតផលនីមួយៗមានការកើនឡើងគួរអោយកត់សម្គាល់ក្នុងនោះមានដំណាប់ស្វាយ ចេក ផ្លែស្វាយ ដំឡូងមី និងគ្រាប់ស្វាយចន្ទី ។
បើតាមលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ផងដែរថា ទោះបីជាបច្ចុប្បន្ននេះកម្ពុជានិងប្រទេសជិតខាងជួបនឹងបញ្ហាជំងឺកូវីដ-១៩ ក្ដី តែការនាំចេញកសិផលកម្ពុជានៅតែមានកំនើន ។
លោកបានបន្តថា «បើគិតតែរបាយការណ៍ផ្លូវការនៃការនាំចេញកសិផលមានជាង២លានតោន តែមិនទាន់បូកសរុបនឹងការនាំចេញក្រៅផ្លូវការជង១លានតោនទៀតនោះទ
សូមបញ្ជាក់ថាការនាំចេញកសិផលកើនឡើងដូច្នេះ ត្រូវបានគេមើលឃើញថាចំពេលច្រកព្រំដែនត្រូវបានរឹតបន្តឹង ។
មន្ត្រីនៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃធ្លាប់បានឡើងថា នៅតាមព្រំដែនគឺរឹតត្បិតតែមនុស្សនិងភ្ញៀវទេសម្រាប់ការឆ្លងកាត់នោះ ដោយឡែកទំនិញនៅតែអាចឆ្លងកាត់បានដដែលធម្មតា មិនមានការបិទនោះទេ ប៉ុន្តែត្រូវប្តូរតៃកុង ប្តូរក្បាលសណ្ដោងនៅតំបន់ស ឬវិធីផ្ទេរផ្សេងទៀត ដូច្នេះការនាំចេញទៅកាន់ប្រទេសដែលមានតម្រូវការនៅបន្តដំណើរការធម្មតា ។
សូមបញ្ជាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបិទការនាំចេញអង្ករសនិងស្រូវទៅកាន់ទីផ្សារក្រៅប្រទេស ដើម្បីទប់ស្កាត់បញ្ហាខ្វះខាតស្បៀងនៅពេលណាមួយ ខណៈជំងឺកូវីដ១៩មិនទាន់សាបរលាប ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជាអោយបិទការនាំចេញអង្ករក្រអូបនោះទេ ដូច្នេះហើយទើបការនាំចេញអង្ករក្រអូបនៅលើទីផ្សារអន្តរជាតិនៅតែទទួលបានកំណើនខ្ពស់ ៕
ចែករំលែកព័តមាននេះ