ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ខាត់ សុ​ឃី​ម ប្រាប់​ពី​មូលហេតុ​​ដែល​ដឹកនាំ​តវ៉ា​មុខ​តុលាការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ចូលរួម​ដឹកនាំ​ប្រជាជន​រាប់រយ​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​មុខ សាលាដំបូង​តុលាការ​ខេត្តសៀមរាប ទាមទារ​ឲ្យ​ដោះ​លែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា ដែល​សមត្ថកិច្ច​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ចូលរួម​ដឹកនាំ​ប្រជាជន​រាប់រយ​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​មុខ សាលាដំបូង​តុលាការ​ខេត្តសៀមរាប ទាមទារ​ឲ្យ​ដោះ​លែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា ដែល​សមត្ថកិច្ច​អះអាង​ថា បាន​ឆបោក​ប្រាក់​អតិថិជន​រាប់​សិប​នាក់ រហូត​ជាង​១៤​លាន​ដុល្លា​អា​មេ​រិ​ក​។ អ្នក​នាង​ខាត់ សុ​ឃី​ម ពាក់ព័ន្ធ​អ្វី​ដែរ ?

មាន​ហេតុផល​២​សំខាន់​ដែល​អ្នក​នាង​ខាត់ សុ​ឃី​ម និង​ស្វាមី សម្រេច​ចេញ​មុខ​ជួយ​តវ៉ា​ជាមួយ​ប្រជា​ពលរដ្ឋ​ទាំងអស់​មិន​ខ្លាច​ប៉ះពាល់​ប្រជាប្រិយភាព​ក្នុង​នាម​ជាតា​រា​ល្បី ។ ថ្លែងប្រាប់​កោះ​សន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២០ ដោយ​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​អះអាង​ថា មូលហេតុ​ដែល​អ្នក​នាង​ចូលរួម​ចេញ​មុខ​ជួយ​តវ៉ា​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ ​គឺ​ដោយសារ​នាង​បាន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នោះ​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​នាង​ជឿជាក់​លើ​ម្ចាស់​ក្រុមហ៊ុន​ដែល​បាន​បើក​លុយ​ឲ្យ​រូប​នាង​រាល់​ខែ​មិន​ដែល​អាក់ខាន​ឡើយ ។

មូលហេតុ​មួយទៀត​គឺ​ដោយសារ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២​ពាន់​គ្រួសារ​សុំ​ឲ្យ​នាង​ធ្វើ​ជា​តំណាង​សម្រាប់​ការ​តវ៉ា​នេះ ព្រោះ​ពួក​គេ​យល់​ថា នាង​ជាតា​រា​មានកេរ្តិ៍ឈ្មោះ និង​មាន​អ្នកធំ​អ្នកតូច​ស្គាល់ និង​ចូល​ចិត្ត​ច្រើ​ន ។

អ្នក​នាង​ខាត់ សុ​ឃី​ម ថា​«​ហេតុនេះ​នាង​ក៏​សម្រេច​ចូលរួម​ជា​តំណាង​ជួយ​ពួក​គាត់ ព្រោះ​មើលទៅ​ពិបាក​ពេក ហើ​យ​បេី​ជួយ​បាន​នោះ​នាង​ខ្ញុំ​ក៏​ងាយស្រួល​ដូច​គ្នា ដោយសារ​នាង​ខ្ញុំ​ក៏​ដល់​ថ្ងៃ​បង់​ធនាគារ​ផង​ដែរ »​។

បើ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម បន្ទាប់​ពី​នាង និង​ប្រជាពលរដ្ឋ​ជិត​ពីរ​ពាន់​គ្រួសារ​នោះ​តវ៉ា​រួច​មក ក៏​ទទួល​បាន​លទ្ធ​ពី​ភាគី​ពាក់ព័ន្ធ ។ លទ្ធផល​គឺ​អ្នកតំណាង​មក​ពី​ក្រសួងយុត្តិធម៌ និង​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ពិភាក្សា​រួម​គ្នា និង​បាន​សម្រេច​ថា​ក្រសួងយុត្តិធម៌ យល់​ពី​ចិត្ត​បងប្អូន និង​ព្រម​ដោះ​លែង​លោក​ឌឹ​ម សួន​ណាត តាម​បងប្អូន​ស្នើ ដោយ​មាន​លក្ខខណ្ឌ តាម​អនុសាសន៍​របស់​ក្រសួងយុត្តិធម៌ ដូច​ខាងក្រោម​៖

១. អ្នក​តវ៉ា​ទាំងអស់​គ្នា គឺជា​អ្នក​វិនិយោគ មិនមែន​ជា​ជន​រង​គ្រោះ​ទេ អ្នក​ទាំងអស់​គ្នា ព្រម​ទទួល​យក​សំណង​ពី​លោក​ឌី​ម សួន​ណាត តាម​លិខិតធានា ដែល​បាន​បង្ហាញ​ស្នាម​មេដៃ និង​ត្រា​មេធាវី ដូច្នេះ​អ្នក​ទាំងអស់​គ្នា ពុំ​មាន​សិទ្ធិ​ប្តឹង លោក​ឌី​ម សួន​ណាត ទេ ព្រោះ​យើង​បាន​ជឿ​ទុកចិត្ត​លើ​គាត់ អ៊ីចឹង​យើង​ទទួល​សំណង​តាម​គោលការណ៍ លោក​ឌី​ម សួន​ណាត ។

២. ធ្វើការ​ដាក់​ញត្តិ​ស្នើ​ទៅ​ក្រសួងយុត្តិធម៌ ដោយ​តម្រូវ​ឲ្យ​អ្នកតំណាង​ទាំង​១៥​នាក់ ផ្តិត​មេដៃ​ស្នើ​ជំនួស​អ្នក​វិនិយោគ​ទាំងអស់ ដែល​មាន​ចំនួន​ជិត​២០០០​គ្រួសារ ។

៣.​តម្កល់​ប្រាក់​នៅ​តុលាការ ដោយ​មាន​តំណាង​ក្រសួងយុត្តិធម៌ និង​លោក​អភិបាលខេត្ត​សៀមរាប ទៀ សីហា ជា​សាក្សី ។ នេះ​ជា​ការងារ​បន្ទាន់​បំផុត គឺ​យ៉ាង​យូរ​ដល់​ត្រឹម​ថ្ងៃ​១៩ ខែឧសភា ឆ្នាំ​២០២០ ។អ្នកតំណាង​សម្ដែង​ការ​គាំទ្រ​ពី​បងប្អូន ដើម្បី​ព​ន្លឿ​ន​កិច្ចការ​នេះ ដើម្បី​ឲ្យ​លោក​អគ្គនាយក ចេញ​មក​ខាងក្រៅ ។ អ្នកតំណាង​នឹង​ត្រូវ​រំសាយ ក្រោយ​ពេល​ដែល​លោក​ឌី​ម សួន​ណាត មាន​សេរីភាព ។

ពាក់ព័ន្ធ​នឹង​លទ្ធផល​នេះ​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា ក្រោយ​ពី​មានការ​ឯកភាព​ដោះ​លែង លោក​ឌី​ម សួន​ណាត នា​ពេល​នេះ​ពួក​នាង​ទាំងអស់​នឹង​ត្រូវ​រំសាយ លែង​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​នេះ​ទៀត​ហើយ ។ ចំណែក​ថា​ តើ​អ្នក​នាង​អាច​នឹង​វិនិយោគ​បន្ត​ជាមួយ​ក្រុមហ៊ុន​នេះ​ទៀត​ឬ​យ៉ាងណា​នោះ? អ្នក​នាង​សុ​ឃី​ម ថា ​មិន​ទាន់​ច្បាស់​ឡើយ ដោយសារ​ពេល​ជួប​រឿង​មួយ​នេះ​នាង​ពិតជា​ហត់នឿយ​យ៉ាង​ខ្លាំង ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ