រាជធានីភ្នំពេញ៖ ក្នុងន័យជម្រុញនិងលើកទឹកចិត្តពលរដ្ឋខ្មែរឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាពុំមានរកឃើញនូវករណីឆ្លងថ្មីរយៈពេលបីសប្តាហ៍ជាប់ៗគ្នាក៏ពិតមែន តែប្រទេសជាច្រើននៅលើពិភពលោកនៅបន្តឆ្លងខ្ពស់និងមានអ្នកស្លាប់កើនឡើង ។ នេះជាការលើកឡើងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។
លោក ម៉ម ប៊ុនហេង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌ថាតើស្ថានភាពកូវីដ-១៩នៅតែផុយស្រួយឬយ៉ាងណា ថា «យើងដឹងស្រាប់ហើយថា ស្រុកគេអត់ទាន់ជាទេ នៅមានការឆ្លងច្រើន បើស្រុកគេជាសះស្បើយ យើងអត់ព្រួយបារម្ភទេ ។ តែនៅស្រុកគេការឆ្លងកាន់តែច្រើន ស្លាប់ក៏កាន់តែច្រើន» ។
លោកបានបន្តថា «យើងជាចំណែកមួយនៅក្នុងពិភពលោក ។ យល់ទេ? ដូច្នេះមិនអាចជៀសផុតទេ អញ្ចឹងបានជាចេះតែភ័យហ្នឹងណា ទាំងខ្ញុំខ្លូនខ្ញុំក៏ដេកមិនសូវលក់ដែរ ខ្លាចតែវាមកក្ឌូងតើធ្វើម៉េច »។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាកន្លងមកកម្ពុជាបានជួបពីរករណីធំ ដែលដូចស្ថិតិដែលលោកបានបង្ហាញនោះ គឺយើងមានករណីផ្ទុះកូវីដ-១៩ ក្តូង ២ ខ្ញុំបានប្រាប់ហើយ ដែលមួយបងប្អូនមកពីម៉ាឡេស៊ី និងមួយទៀតមកពីបារាំង «អញ្ចឹងខ្លាចតែមានអីមោ ក្ឌូងទៀតមក វានឹងអន្តរាយ» ។
លោកបានបញ្ជាក់ថា «បើយកមកតិច យើងអាចគ្រប់គ្រងអ្នកជំងឺហ្នឹងបាន បានន័យថានៅក្នុងកណ្តាប់ដៃយើងដែលអាចត្រួតត្រា យើងអាច គ្រប់គ្រងបាន តែបើវាផ្ទុះមកច្រើន វាជួបការលំបាកហើយ ។ ដូចនៅស្រុកគេអញ្ចឹង នៅស្រុកគេដល់ពេលវាច្រើនហួស ឆ្លងរាលដាលដល់សហគមន៍ទៅ មិនងាយគ្រប់គ្រងទេ ឈឺពេញគ្រប់ទីកន្លែង គឺលំបាកគ្រប់គ្រងណាស់ »។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្ថែមថា «បើសិនជាមកក្តូង ដឹងតែវេទនាហើយ ហើយដឹងតែគេជេរខ្ញុំនិងក្រសួងសុខាភិបាលមុនគេតែម្តងហើយ» ។
សូមបញ្ជាក់ថាក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ថាមិនមានអ្នកសះស្បើយ និងករណីឆ្លងថ្មីទេនៅប្រទេសកម្ពុជាសម្រាប់ករណីកូវីដ-១៩ តែក្នុងនោះចំនួនអ្នកជាសះស្បើយពីកូវីដ-១៩ បានហក់ឡើងដល់ ១២០នាក់ ខណៈអ្នកកំពុងព្យាបាលជំងឺនេះសល់ត្រឹមតែ ២នាក់តែប៉ុណ្ណោះ ដែលម្នាក់ជាអ្នកជំងឺភេទស្រីនៅខេត្តបន្ទាយមានជ័យ និងអ្នកជំងឺវ័យចំណាស់ម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង ៕
ចែករំលែកព័តមាននេះ