ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​គោរព​ច្បាប់​​ជាង​មុន ក្រោយ​នគរបាល​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ (មានវីដេអូ)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្នុង​រយ​:​ពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា ចាប់តាំងពី​ថ្ងៃ​ទី​១ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ក្រុម​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ប៉ៃលិន បាន​សហ​ការ​ជាមួយ​នគរបាល​ចរាចរណ៍​អធិការ​នគរបាល​ក្រុង…

ខេត្ត​ប៉ៃលិន ៖ ក្នុង​រយ​:​ពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា ចាប់តាំងពី​ថ្ងៃ​ទី​១ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ក្រុម​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ប៉ៃលិន បាន​សហ​ការ​ជាមួយ​នគរបាល​ចរាចរណ៍​អធិការ​នគរបាល​ក្រុង ស្រុក បាន​បន្ត​ដាក់​គោលដៅ​រៀង​ៗ​ខ្លួន ដើម្បី​រឹតបន្តឹងច្បាប់ចរាចរណ៍ និង​ធ្វើការ​ផាកពិន័យ​ដល់​ម៉ូតូ និង​រថយន្ត ដែល​ល្មើសច្បាប់​ចរាចរណ៍ ដូច​ជា​បើកបរ​ហួស​ល្បឿន​កំណត់ អត់​ពាក់មួក​សុវត្ថិភាព ម៉ូតូ​អត់​កញ្ចក់ អត់​ប័ណ្ណបើកបរ​រថយន្ត​ជាដើម ។

ហេតុការណ៍​ដាក់​គោលដៅ​រឹតបន្តឹងច្បាប់ចរាចរណ៍ និងធ្វើការ​ផាកពិន័យដល់អ្នក​ល្មើសច្បាប់ចរាចរណ៍​​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​នគរបាល​ចរាចរណ៍​ធ្វើការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជើង​គោក ដោយ​ផាកពិន័យ​ទ្វេ​ដង លើស​ពី​លើក​មុន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន មានការ​ភ្ញាក់រលឹក និង​ខ្លាចរអា​ចំពោះ​សមត្ថកិច្ច ក៏​ដូច​ជា​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ខណ​:​ពេល​ពី​មុន គឺ​អ្នក​ពាក់មួក​សុវត្ថិភាព​នៅ​តែ​ពាក់ រីឯ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​នៅ​តែ​មិន​ពាក់​ដដែល ។ ដូច្នេះ តាំងពី​នគរបាល​ចុះ​ដាក់​គោលដៅ​ស្ទាក់​ចាប់​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​ថ្មី​នេះ​រួច​មក ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ និង​អ្នកបើកបរ​រថយន្ត​ម្នាក់​ៗ នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ស្ទើរតែ​ទាំងស្រុង ដោយនៅ​ថ្ងៃ​ខាង​មុខ អាច​នឹង​គោរព​ច្បាប់​គ្រប់​ៗ​គ្នា​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​ពេល​នេះ​មួក​សុវត្ថិភាព និង​កញ្ចក់​ម៉ូតូ តាម​ហាង​លក់ដាច់​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុកចូល​ទៅ​ទិញ​ដាក់​ម៉ូតូ​របស់​ខ្លួន ។ ចំណែកឯ​អ្នក​ដែល​អត់​មាន​ប័ណ្ណបើកបរ​រថយន្ត ក៏​ប្រញាប់​ទៅ​រៀន​បើកបរ និង​ធ្វើ​ប័ណ្ណបើកបរ​យ៉ាង​មមាញឹក ព្រោះ​ខ្លាច​នគរបាល​ផាកពិន័យ ។ ចំណែក​អ្នកខ្លះ​ទៀត ដែល​ធ្លាប់​ជិះ​ម៉ូតូ​អត់​ពាក់​ស្លាក​លេខ និង​អត់​មាន​លេខ​កុង​ទ័​រ ក៏​នាំ​គ្នា​ធ្វើ​ស្លាក​លេខ និង​ដាក់​លេខ​កុង​ទ័​រ​ផង​ដែរ ដើម្បី​ជៀសវាង​នគរបាល​ផាកពិន័យ​អស់ប្រាក់​ច្រើន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ប្រាក់ វិ​គុន នាយ​រង​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ឯកសារ​ដែល​យក​តាម​ខ្លួន គឺ​មាន​តែ​ប័ណ្ណបើកបរ​១​ប៉ុណ្ណោះ ដែល​ត្រូវ​តែ​ដាក់​ច្បាប់​ដើម ។ ចំណែក​ឆៀក និង​ឯកសារ​រថយន្ត​មួយ​ចំនួន​ទៀត អាច​ជា​របស់​ថតចម្លង​ក៏​បាន​ដែរ ។ លោក​បន្ត​ទៀត​ថា ចំពោះ​ការ​ដាក់​កុងត្រូល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នេះ ខាង​ស្នងការ​នគរបាល​ខេត្ត ធ្វើការ​តែ​ថ្ងៃ​គូ​ប៉ុណ្ណោះ រីឯ​ថ្ងៃ​សេស គឺ​ខាង​អធិការ​ស្រុក ឬ​អធិការ​ក្រុង ជា​អ្នក​ដាក់​តាម​គោលដៅ​រៀង​ៗ​ខ្លួន ។

លោក​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ នគរបាល​នឹង​ធ្វើការ​ផាកពិន័យ​ទាំង​ម៉ូតូ និង​រថយន្ត មិន​ឱ្យ​បន្ត​ល្មើសច្បាប់​ទៀត​នោះ​ឡើយ ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដទៃ ។ ទោះបីជា​មន្ត្រីរាជការ​ណា​ល្មើស ក៏​មិន​អាច​លើកលែង​បាន​ដែរ ព្រោះ​ធ្វើ​តាម​គោលការណ៍​ថ្នាក់លើ បើសិនជា​មិន​បង់ថ្លៃ​ផាកពិន័យ​ទេ ត្រូវ​តែ​យក​ទៅ​ដាក់​នៅ​អធិការ ឬ​នៅ​ស្នងការ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ