ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ផល​ប៉ះពាល់​ក្នុង​វិស័យ​កីឡា​​ចាប់តាំងពី​ផ្ទុះ​កូ​វី​ដ​​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ភាគច្រើន​បាន​ត្រឹមតែ​អះអាង​ថា មានការ​ប៉ះពាល់​គ្រប់​ផ្នែក នៅ​ក្នុង​វិស័យ​នេះ​វិស័យ​នោះ ចាប់តាំងពី​ផ្ទុះ​ជំងឺកូ​វី​ដ​-១៩ ប៉ុន្តែ​មិន​បានដឹង​ថា ទំហំ​នៃ​ការ​ខូចខាត​មាន​កម្រិត​ណា និង​ប៉ះពាល់​បែប​ណា​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ភាគច្រើន​បាន​ត្រឹមតែ​អះអាង​ថា មានការ​ប៉ះពាល់​គ្រប់​ផ្នែក នៅ​ក្នុង​វិស័យ​នេះ​វិស័យ​នោះ ចាប់តាំងពី​ផ្ទុះ​ជំងឺកូ​វី​ដ​-១៩ ប៉ុន្តែ​មិន​បានដឹង​ថា ទំហំ​នៃ​ការ​ខូចខាត​មាន​កម្រិត​ណា និង​ប៉ះពាល់​បែប​ណា​ឡើយ ។ គ្រាន់តែ​ក្នុង​វិស័យ​កីឡា​តែ​មួយ​មុខ មាន​ផល​ប៉ះពាល់​មិន​សល់​សហព័ន្ធ​ណាមួយ​ឡើយ​។

យោង​តាម​មន្ត្រី​សហព័ន្ធ​ស្ទើរ​គ្រប់​ផ្នែក​ទាំងអស់​បញ្ជាក់​ថា កីឡាករ​ដែល​ត្រៀម​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅប្រទេស​ទាំងអស់ ត្រូវ​បាន​លុប​គម្រោង​ចោល ធ្វើ​ឱ្យ​កីឡាករ កីឡាការិនី​ទាំងនោះ​បាត់បង់​ឱកាស​បង្កើន​សមត្ថភាព​ជាមួយ​អ្នកជំនាញ​នៅ​ក្រៅប្រទេស និង​បាត់បង់​ឱកាស​ស្វែ​ករក​បទ​ពិសោធន៍​ដែល​ខ្លួន​ត្រូវ​ទទួល​បាន ។ ការ​ហ្វឹកហាត់​ជា​លក្ខណៈ​ជុំ​ៗ​ក្នុងស្រុក​ក៏​ត្រូវ​រំសាយ​ចោល ដោយ​កំណត់​ឱ្យ​កីឡាករ និង​គ្រូបង្វឹក​ហ្វឹកហាត់​នៅផ្ទះ​ជា​ជំនួស ។

ការ​ហ្វឹកហាត់​បែប​នេះ មិន​បាន​ជួយ​បង្កើន​ចំណេះ​ជំនាញ​កីឡាករ​កីឡាការិនី​ទាំងនោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​ធ្វើ​ឱ្យ​ពួក​គេ​ម្នាក់​ៗ​ក្លាយជា​កីឡាករ​ដែល​បាត់បង់​សមត្ថភាព ដោយសារ​តែ​ការ​ហ្វឹក​ហាត់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន បើ​ទោះជា​មាន​គ្រូបង្វឹក​តាមដាន ក៏​មិន​អាច​ម៉ត់ចត់​ដូច​ការ​ហ្វឹកហាត់​ជា​ក្រុម និង​មានការ​កំណត់​ម៉ោង​ពេល ប្រកបដោយ​រូបមន្ត​ច្បាស់លាស់ ។ ងាក​ទៅ​កាន់ការ​ប្រកួត​ដែល​បាន​គ្រោងទុក​វិញ គឺ​អាច​និយាយ​បាន​ថា លុប​ចោល​ជា​សាកល ។ ទាំង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស សុទ្ធតែ​ឯកភាព​គ្នា​លើក​ពេល និង​លុប​ចោល​ដែល​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​រំពឹង​ពី​ការ​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​សុទ្ធតែ​ខកបំណង ។

កីឡាករ​ដែល​មានឈ្មោះ​ត្រូវ​ប្រកួត សុទ្ធតែ​សម្ដែង​អារម្មណ៍​ខកចិត្ត ដែល​ម្នាក់​ៗ គិត​ថា​នឹង​បាន​បញ្ចេញថ្វីដៃ​លើ​ឆាក​អន្តរជាតិ ឬ​ក្នុង​ការ​ប្រកួត​ក្នុងស្រុក តែ​បែរជា​ត្រូវ​ដេក​ផ្ទះ ។ កីឡាករ​ខ្លះ​ដែល​គិត​ថា​ខ្លួន​នឹង​ឈ្នះ​ប្រាក់​រង្វាន់​ពី​ការ​ប្រកួត ឬ​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ ដើម្បី​ទទួល​បាន​ប្រាក់​​រង្វាន់​ពី​ថ្នាក់ដឹកនាំ ក៏​ក្លាយជា​អសារ​បង់​។ កីឡាករ​ដែល​មាន​ប្រាក់ខែ​ដូច​ជា​ក្នុង​វិស័យ​បាល់​ទាត់​អាជីព ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​កាត់​ប្រាក់ខែ ខណៈ​ដែល​បុគ្គលិក​ផ្នែក​ខ្លះ​ក៏​ត្រូវ​បាន​កាត់​ចោល ដើម្បី​កុំឱ្យ​មានការ​ចំណាយ​នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩​។

ការ​ប្រកួត​នៅ​ក្នុង​វិស័យ​បាល់ទាត់ ត្រូវ​បាន​លុប​ចោល ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​ជា​ម្ចាស់​ស្ពុ​ន​ស័​រ កាត់​ការ​ឧបត្ថម្ភ ហើយ​ក្រុមហ៊ុន​ខ្លះ​សម្រេចចិត្ត​ដកខ្លួន ។ កីឡាករ​ខ្លះ​អះអាង​ថា ធ្លាប់​រក​ចំណូល​បាន​​​ពី​ការ​ឡើង​ប្រកួត​ដូច​ជា​ក្នុង​វិស័យ​ប្រដាល់ និង​ធ្លាប់​អួត​ថា រក​ចំណូល​បាន​ពី​ការ​បង្វឹក​សិស្ស​តាម​ផ្ទះ ឬ​តាម​ក្លិប ក៏​ត្រូវ​បាត់​ចំណូល ។ បើ​ទោះ​ក្នុង​សង្វៀន​ប្រដាល់​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បើក​ទ្វារ​វិញ ប៉ុន្តែ​គេ​សុទ្ធតែ​មើលឃើញ​ថា មិន​បាន​ទូលាយ​ក្នុង​ការ​ផ្ដល់​ឱ្យ​អ្នក​ប្រដាល់​ដែល​ធ្លាប់​មាន​ទីផ្សារ​បាន​ឡើង​ប្រកួត​នោះ​ទេ ដោយសារ​តែ​សង្វៀន​ត្រូវ​បាន​បន្ថយ ហើយ​ការ​ប្រកួត​ក៏​មាន​ត្រឹមតែ​ការ​ប្រកួត​រវាង​កីឡាករ​ជាតិ និង​កីឡាករ​ជាតិ ដែល​មិនសូវ​បាន​តម្លៃ​ខ្លួន​ល្អ ។

អ្វី​ដែល​គេ​កត់សម្គាល់​ទៅ​ទៀត គឺ​ខណៈ​ពេល​ដែល​កីឡាករ និង​សហព័ន្ធ​ទាំងអស់ ប្រឈម​នឹង​បាត់​ចំណូល​ស្ទើរ​១០០​ភាគរយ ដោយសារ​តែ​ការ​ផ្អាក​សកម្មភាព​បែប​ហ្នឹង​ទៅ​ហើយ នៅ​តែ​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​លើ​ទឹក​អាល់កុល និង​ម៉ាស់​ចែក​ដល់​កីឡាករ ឬ​តម្កល់​ទុក​ក្នុង​សហព័ន្ធ និង​ទុក​តាម​ផ្ទះ ដើម្បី​ការពារ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩​ទៅ​ទៀត ។ អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ ដើម្បី​ទិញ​ទឹក​អាល់កុល និង​ម៉ាស់​ដែល​ឡើងថ្លៃ​នៅ​ក្នុង​រយៈពេល​នេះ​ដែរ ។

បើ​ទោះជា​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​បន្ត​ផ្ដល់​ប្រាក់ខែ និង​ផ្ដល់​ថ្លៃ​អាហារ ទោះ​មិន​ហាត់​ជុំ​គ្នា តែ​សតិអារម្មណ៍​នៃ​ការ​ភ័យ​ថា​ខ្លួន​មិនដឹង​ចុះ​ខ្សោយ​ក្រោយ​ចប់​កូ​វី​ដ​-១៩​កម្រិត​ណា នៅ​តែ​ធ្វើ​ឱ្យ​កីឡាករ​លែង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។

កីឡាករ​ស្ទើរ​គ្រប់​ផ្នែក​សុទ្ធតែ​អះអាង​ថា យ៉ាង​ហោច​ត្រូវការ​៣​ខែ​ដើម្បី​ហ្វឹកហាត់​ជាប់លាប់​ទើប​អាច​ដូច​ដើម ខណៈ​ដែល​ស្ថានភាព​នេះ​បើ​ទោះជា​ស្ងប់ស្ងាត់​ជាង​មុន​ក៏​មិនដឹង​អូស​បន្លាយ​ដល់​ពេល​ណា ។ កីឡាករ​មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ងាក​ទៅ​លក់​អន​ឡាញ និង​ខ្លះទៅ​សម្ងំ​នៅ​ស្រុក​ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​នោះផង​ដែល​រឹតតែ​ធ្វើ​ឱ្យ​ពួក​គេ​ឃ្លាតឆ្ងាយ​ពី​ការយកចិត្តទុកដាក់​ចំពោះ​អាជីព​កីឡា​ដូច​មុន​។

មានការ​ភ័យ​បារម្ភ​ថា កីឡាករ​មួយ​ចំនួន​ជា​ពិសេស​ក្នុង​វិស័យ​ប្រដាល់ អាច​នឹង​បោះបង់​អាជីព​ច្រើន​​នោះ​ផង នៅ​ពេល​ចប់​កូ​វី​ដ​-១៩ ដោយសារ​តែ​ក្នុង​ពេល​នេះ បាន​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​អាជីព​កីឡា ហើយ​ធ្វើ​ឱ្យ​សមត្ថភាព​ថមថយ ។ នេះ​ក៏​ជា​ការ​ប៉ះពាល់​ដល់​ថ្នាល​ឬ​ធនធាន​របស់​កម្ពុជា ដែល​បាន​ប្រកាស​ត្រៀមខ្លួន សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដែល​រំកិល​ជិត​ដល់​ផង​ដែរ ។ យ៉ាងណាមិញ គេ​នៅ​តែ​មើលឃើញ​ថា វិស័យ​ប្រដាល់​នៅ​កម្ពុជា​មាន​ផល​ប៉ះពាល់​តិចតួច បើ​ធៀប​នឹង​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​កូ​វី​ដ​-១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ