ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ​! អតីត​តារា​សម្តែង​នា​ឆ្នាំ​៨០ និង​​៩០ ដែល​ឃ្លាត​ពី​សិល្បៈ​ជិត​៣០​ឆ្នាំ​មក​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​នា​ឆ្នាំ​៨០ និង​៩០ អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី នៅ​តែ​សន្សំ​ចិត្ត​ចង់​ហក់​ចូល​វិស័យ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ដដែល បើ​ទោះបី​មក​ទល់​ពេល​នេះ អ្នកស្រី​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ប្រមាណ​​ជិត​៣០​ឆ្នាំ និង​កំពុង​ផ្ញើ​វាសនា​ជីវិត​ថ្មី​ជាមួយ​ស្វាមី​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ក៏​ដោយ​។ យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ…

អតីត​តារា​សម្តែង​នា​ឆ្នាំ​៨០ និង​៩០ អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី នៅ​តែ​សន្សំ​ចិត្ត​ចង់​ហក់​ចូល​វិស័យ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ដដែល បើ​ទោះបី​មក​ទល់​ពេល​នេះ អ្នកស្រី​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ប្រមាណ​​ជិត​៣០​ឆ្នាំ និង​កំពុង​ផ្ញើ​វាសនា​ជីវិត​ថ្មី​ជាមួយ​ស្វាមី​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ក៏​ដោយ​។

យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​នៅ​មិន​ទាន់​មានឱកាស​បាន​វិល​មក​កាន់ការ​សម្តែង​ជា​ថ្មី ដូច​ទៅ​នឹង​តារា​រួម​ជំនាន់​មួយ​ចំនួន​ទៀត​នៅឡើយ​ទេ ដោយសារ​គេ​ហាក់​បាត់​មុខ​អ្នកស្រី​ឈឹង និង​មិន​មាន​ព័ត៌មាន​អ្វី​ចុះ​ផ្សាយ​ពី​ជីវិត​អ្នកស្រី ដែល​កំពុង​រស់នៅ​ប្រទេស​ក្រៅ​។

បើ​ទោះបីជា​មាន​មនុស្ស​តិច​ដែល​បានដឹង​ពី​ជីវភាព​ឯកជន ប៉ុន្តែ​អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី នៅ​តែ​រក្សា​នូវ​គោលបំណង​ចង់​វិល​មក​សង្វៀន​សិល្បៈ​ជា​ថ្មី​ឡើង​វិញ បើ​ទោះបីជា​ការ​វិល​មក​សម្តែង​ជា​ថ្មី​នា​ពេល​នេះ បាន​ត្រឹម​ជា​តួ​ម្តាយ តួ​យាយ ឬ​ក៏​តួ​ណាមួយ​ដែល​សម​ស្រប​ទៅ​នឹង​អាយុ​របស់​អ្នកស្រី​។

ក្នុង​វ័យ​៥២​ឆ្នាំ អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០​ថា បច្ចុប្បន្ន​អ្នកស្រី​កំពុង​រស់នៅ​ជាមួយ​ស្វាមី​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ខណៈ​ពេល​ដែល​អ្នកស្រី​មិន​មាន​កូនចៅ​នោះ​ឡើយ​។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​បាន​រៀប​មង្គលការ​ជាមួយ​ស្វាមី​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់ កាលពី​អំឡុង​ឆ្នាំ​២០០០ និង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា មក​រស់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ប្រមាណ​ជា​២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្នកស្រី​តែងតែ​មក​លេង​ស្រុក​ខ្មែរ​រៀង​រាល់​ឆ្នាំ មាន​ន័យ​ថា​១​ឆ្នាំ​ម្តង​។

អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី គឺ​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង ខេត្តកំពង់ចាម បាន​សម្រេច​ចាក​ចេញពី​អាជីព​សិល្បៈ​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ក្នុង​ពេល​ដែល​អ្នកស្រី​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​សម្តែង​ភាពយន្ត​បាន​ប្រមាណ​ជា​ជាង​២០​រឿង ដែល​រឿង​អស់នោះ​ភាគច្រើន​អ្នកស្រី​សម្តែង​ជាមួយ​លោក ចា រិ​ទ្ធី និង​លោក ចៅ ចាន់​ណា​រី​។

បើ​តាម​អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី បន្ត​ថា បើ​ទោះបីជា​មក​ទល់​ពេល​នេះ អ្នកស្រី​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ជា​ច្រើន​ឆ្នាំ​យ៉ាងណា​ក្តី ប៉ុន្តែ​អ្នកស្រី​នៅ​តែ​នឹករលឹក​នឹង​ចង់​សម្តែង​ឡើង​វិញ​ពីព្រោះ​អ្នក​ស្រី​ចូល​ចិត្ត និង​ស្រលាញ់​វិស័យ​សិល្បៈ​នេះ​ណាស់ ដោយ​មិន​មាន​បំណង​បោះបង់​ចោល​ឡើយ ទោះបីជា​អ្នកស្រី​មាន​ស្វាមី និង​មាន​អាយុ​កាន់តែ​ច្រើន​បន្តិច​ក្តី​។

យ៉ាងណា​អ្នកស្រី​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​នៅ​មិន​ទាន់​មានឱកាស​បាន​សម្តែង​ជា​ថ្មី​ឡើង​វិញ​នៅឡើយ​ទេ ដោយ​មិន​មាន​អ្នក​សួរ ឬ​ចង់បាន​អ្នកស្រី​យក​ទៅ​សំ​ណែ​ង ប៉ុន្តែ​ក្នុង​ករណី​ដែល​មាន​បណ្តា​ផលិតកម្ម​ណា​ត្រូវការ​តួ​អ្នកស្រី​សម្តែង​នោះ គឺ​អ្នកស្រី​នឹង​ចូលរួម​សម្តែង​ជូន​ភ្លាម ដោយ​អាច​ដើរតួ​ម្តាយ ឬ​យាយ​ក៏​ដោយ​។

អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី បាន​យល់​ឃើញ​ថា បច្ចុប្បន្ន​វិស័យ​សិល្បៈ​ខ្មែរ មានការ​រីក​ចម្រើន​ច្រើន និង​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ ខុស​ប្លែក​កាលពី​ជំនាន់​អ្នកស្រី​សម្តែង ព្រោះ​សម័យនេះ​មាន​បច្ចេកទេស​ទំនើប តួ​សម្តែង​ក៏​សម្បូរ​បែប និង​ស្អាត​ៗ តែ​ខុស​ប្លែក​ត្រង់​តួ​សម្តែង​សម័យ​អ្នកស្រី គឺ​ស្អាត​បែប​ធម្មជាតិ​ច្រើន​មិនសូវ​កែកុន​។

អ្នកស្រី​បញ្ជាក់​ថា មិនយូរ​ទេ អ្នកស្រី​នឹង​ទៅ​នៅ​ស្រុក​ខ្មែរ​វិញ ហើយ​បើ​មាន​ក្រុមហ៊ុន​ណា​ត្រូវការ​អ្នកស្រី​សម្តែង គឺ​អ្នកស្រី​ស្វាគមន៍​ជា​និច្ច ខណៈ​ពេល​ដែល​ស្វាមី​របស់​អ្នកស្រី​ក៏​មិន​បាន​ជំទាស់​អំពី​បញ្ហា​នេះ និង​យល់​ស្រប​ពី​ការ​ចង់​មក​រស់នៅ​ស្រុក​ខ្មែរ​រួម​គ្នា​ផង​ដែរ​។ ដោយសារ​ស្វាមី​អ្នក​ស្រី​​ស្រឡាញ់ និង​ចូល​ចិត្ត​ស្រុក​ខ្មែរ​។

ជា​ចុង​ក្រោយ​អ្នកស្រី សួ​ស សុគន្ធ​ថាវ​រី បាន​ផ្ញើ​ក្តី​នឹករលឹក​បងប្អូន​ខ្មែរ​ទាំងអស់​ឲ្យ​ជួប​តែ​សុខ​សំណាងល្អ ចៀស​ផុត​ពី​រោគា​ទាំងឡាយ និង​អរគុណ​រាល់​ការ​គាំទ្រ​អ្នកស្រី​ចំពោះ​ការ​សម្តែង​នា​ពេល​កន្លង​មក បើ​ទោះបីជា​មាន​ចំណុច​ខ្លះ​ល្អ និង​ចំណុច​ខ្លះ​មិនល្អ​ក៏​ដោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ