ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី សុ​ភី ប៉ះ​ពុទ្ធ ឆាយ​រិ​ទ្ធី ច្បាស់​ជា​កក្រើក​សង្វៀន​​ទៀត​ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស៊ីអិន​ស៊ី​បិទទ្វារ​នា​ថ្ងៃ​ទី​២ ឧសភា ខាង​មុខ​នេះ រំពឹង​ថា នឹង​ល្អមើល​ដោយសារ​វត្តមាន​កីឡាករ នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស៊ីអិន​ស៊ី​បិទទ្វារ​នា​ថ្ងៃ​ទី​២ ឧសភា ខាង​មុខ​នេះ រំពឹង​ថា នឹង​ល្អមើល​ដោយសារ​វត្តមាន​កីឡាករ នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិបពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ។ សង្ឃឹមថា គូ​នេះ​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ខកបំណង​នោះ​ទេ​។

អ្នក​ប្រដាល់​ជើង​ចាស់​ទាំង​ពី​រូប​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ថា​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​តាំងពី​កើត​មាន​រោគ​ឆ្លងកូ​វី​ដ​-១៩​រហូត​មក ពុទ្ធ ឆាយ​រិ​ទ្ធី តែងតែ​បង្ហាញ​វត្ត​មាននៅ​លើ​សង្វៀន​ជា​ញឹកញាប់​បំផុត ។ ម្យ៉ាងវិញទៀត​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​មកនេះ​គេ​មិនសូវ​ដែល​ចាញ់​ឡើយ ។

តែ​កុំ​អាល​អរ​អី​លើក​នេះ​ប៉ះ​ចំ នី សុ​ភី អ្នក​ប្រដាល់​ជើង​ចាស់​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ ថែម​ទាំង​មានចិត្ត​អំណត់​ទៀត​ផង ។ ចំណែក​ពុទ្ធ ឆាយ​រិ​ទ្ធី ពូកែ​តែ​ស្នៀត​កណ្ដាប់ដៃ​មួយ​មុខ​គត់ ហើយ​ចូល​ចិត្ត​ប្រើ​កម្លាំង​ទៀត​ផង ។ បើសិនជា​គេ​ចង់​ផ្ដួល នី សុ​ភី ប្រហែលជា​មិន​ងាយស្រួល​នោះ​ទេ។

កីឡាករ សុខ សា​វិ​ន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ត្រូវ​ប្រកួត​ជាមួយ​ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ។ អ្នក​ទាំង​ពីរ​រូប​នេះ​ក៏​ជា​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​នៃ​កម្មវិធី​កម្ពុជា សង្វៀន​គុន​ខ្មែរ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ ។ ទាំងសងខាង​សុទ្ធតែ​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា ក្នុង​ពេល​ពួក​គេ​ទាំង​ពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ទេ ប៉ុន្តែ​អ្នក​តាមដាន​ការ​ប្រកួត​ភាគ​ច្រើ​គេ​មាន​ជំនឿ​ចិត្ត​លើ​សុខ សា​វិ​ន​ច្រើន​ជាង​ព្រោះ​កីឡាករ​រូប​នេះ​មិន​ត្រឹមតែ​មាន​ថ្វីដៃ​ប្រកួត​ល្អ​នោះ​ទេ សូ​ម្បី​តែ​កម្លាំង​ក៏​រឹង​មាំ​ណាស់​ដែរ ។ ចំណែក​ពុទ្ធ សំបូរ ក៏​មិន​អន់​ដែរ​ប៉ុន្តែ​កីឡាករ​រូប​នេះ​ចិត្ត​មិនសូវ​សឿង​ទាល់តែ​សោះ​។

ទោះបី​យ៉ាងណា គេ​មិន​អាច​ទាយ​ទុក​មុន​បាន​ទេ​ថា​អ្នក​ណា​ជា​ម្ចាស់​ប្រាក់​លាន​នោះ​ទេ ។ មួយគូ​ទៀត​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ត្រូវ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ ឡុ​ង ប៊េ​ន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ