ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​សម្រុក​ទៅ​ឆៀករថយន្ត និង​ធ្វើ​ប័ណ្ណ​បើកបរ​យ៉ាងច្រើន ខណៈសមត្ថ​កិច្ចនឹងរឹង​បន្តឹង​ច្បាប់​ចរាចរ​ណ៍ចាប់ពី​ស្អែក​ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​ជំនាញបាន​អះអាង​ថា ក្នុង​រយៈពេល​៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (​ឆៀក​) និង​ធ្វើ​ប័ណ្ណ​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ​យ៉ាងច្រើន​កុះករ…

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​ជំនាញបាន​អះអាង​ថា ក្នុង​រយៈពេល​៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (​ឆៀក​) និង​ធ្វើ​ប័ណ្ណ​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ​យ៉ាងច្រើន​កុះករ ឬ​មាន​ន័យ​ថា កើន​១០​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា ខណៈ​ពេល​ដែល​សមត្ថកិច្ច​ប្រកាស​ចាប់ផ្តើម​អនុវត្ត​ន៏ និង​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៏​ចេញ​ថ្មី ចាប់ពី​ថ្ងៃ​ទី១​ ខែឧសភា​នេះ​តទៅ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចុះបញ្ជី​រថយន្ត​ថ្មី​មាន​សភាព​ស្ងប់ស្ងាត់​ប្រមាណ​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា ។

លោក អ៊ុ​ន វ៉ាត ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​របស់​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន បានអោយ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​មេ​សា​នេះ​ថា បន្ទាប់​ពី​សមត្ថកិច្ច​ប្រកាស​ចាប់ផ្តើម​អនុវត្ត​ន៏ និង​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៏​ចេញ​ថ្មី​ចាប់ពី​ថ្ងៃ​ទី​១ ​ខែឧសភា​នេះ​តទៅ ហើយ​ចាប់ពី​ថ្ងៃ​ទី​២៧​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​គ្រប់​ប្រភេទ មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ។

លោក​បាន​បន្ត​ថា សម្រាប់​ថ្ងៃ​ធម្មតា​ នៅ​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នីមួយ​ៗ​មាន​តែ​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ប្រមាណ​តែ​៣០​ទៅ​៥០​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ចន្ទ​មកនេះ មានការ​កើនឡើង​ពី​៣០០​ទៅ​៥០០​គ្រឿង និង​កើន​ជា​រៀងរាល់ថ្ងៃ​ថែម​ទៀត​ផង ។

លោក អ៊ុ​ន វ៉ាត បានអោយ​ដឹង​ទៀត​ថា សម្រាប់​នៅ​រាជធានី​ភ្នំពេញ មាន​មជ្ឈមណ្ឌល​ត្រួត​ពិ​និ​យ្យ​លក្ខណៈ​បច្ចេកទេស​យានយន្តចំនួន​៥​ទីតាំង គឺ​ទី​១-​នៅ​ឬ​ស្សី​កែវ​ ឬ​ជិត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទី​២- មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ចំការ​ដូង ទី​៣-​មជ្ឈមណ្ឌល​ត្រួតពិនិត្យ វាល​ស្បូវ ទី​៤-មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៦ ខណ្ឌ​ជ្រោយចង្វារ និង​ទី​៥-​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បឹង​បៃតង ខណ្ឌ​សែន​សុខ ។

លោក​​បាន​បន្ត​ថា នៅ​ថ្ងៃ​ធម្មតា មជ្ឈមណ្ឌល​ត្រួតពិនិត្យ​រង​ចាំ​មើល​តែ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ចន្ទ​មក​ដល់​ពេល​នេះ ក្រុមការងារ​កំពុង​មមាញឹក​ខ្លាំង​សឹងតែ​រក​ពេល​ហូប​បាយ​មិន​បាន​ផង និង​ត្រូវធ្វើ​រហូត​ដល់​យប់ រហូត​ដល់​អស់​ឡាន​ដែល​ចូល​ទើប​ឈប់​សម្រាក​បាន ហើយ​បើ​តាម​ផែនការ​ណែនាំ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គឺ​តម្រូវ​អោយធ្វើ​ទាំង​ថ្ងៃ​សៅ​រ៏ និង​អាទិត្យ​ផង​ដែរ ។

លោក​ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត បាន​បញ្ជាក់​ថា ក្នុង​ចំណោម​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និ​យ្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ទាំង​៥​ទីតាំង​នោះ មាន​២​ទីតាំង​ដែល​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ច្រើន​ជាងគេ គឺ​នៅ​ឬ​ស្សី​កែវ​ឬ​ជិត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ចំការ​ដូង ។

លោក អ៊ុ​ន វ៉ាត បាន​អំពាវនាវ អោយ​ប្រជាពលរដ្ឋ​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​ទីតាំង​មជ្ឈមណ្ឌល វាល​ស្បូវ មជ្ឈមណ្ឌល​ផ្លូវជាតិ​លេខ​៦ ខណ្ឌ​ជ្រោយចង្វារ និង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បឹង​បៃតង ដើម្បី​ជា​ការ​រំលែក​គ្នា​កុំអោយ​មានការ​កកស្ទះ​ខ្លាំង​។

ពាក់​ព​ន្ធ័​ការងារ​ខាងលើ​នេះ លោកស្រី ម៉ែ​ន ច​ន្ទ័​សុ​កុ​ល ប្រធាន​នាយ​កក​ដ្ឋា​ន​ដឹក​ជញ្ជូន​ផ្លូវគោក របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានអោយ​កោះសន្តិភាព​ដឹង​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ធ្វើ​ថ្មី​ឬ​ពន្យា​រប័ណ្ណ​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គឺ​ថ្ងៃ​ធម្មតា​ប្រមាណ​តែ​៣០​ទៅ​៥០​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ មានការ​កើនឡើង​ពី​៣០០​ទៅ​៥០០​គ្រឿង និង​កើន​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ទីតាំង​មួយ​កន្លែង ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ប្រជាពលរដ្ឋ បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើ​បណ្ណ​បើកបរ​ថ្មី និង​ពន្យា បណ្ណ​ដែល​អស់​សុពលភាព និង​អ្នក​ដែល​ជ្រុះ​បាត់​បណ្ណ នៅ​ទីតាំង​ចំនួន​៣ គឺ​នៅ​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ នៅ​ផ្សារ​ទំនើប​AEON MALL​ទី​១ និង​នៅ​ផ្សារ​ទំនើប​AEON MALL​ទី​២ សម្រាប់​ថ្ងៃ​ធម្មតា​ក្នុង​មួយ​ទីតាំង​ប្រមាណ​ពី​៥០​ទៅ​៦០​ប័ណ្ណ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ កើន​ដល់​ជិត​៣០០​ប័ណ្ណ ដែល​សរុប​រួម​ជិត​៦០០​ប័ណ្ណ ដែល​ចំនួន​នេះ មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ។ លោក​បញ្ជាក់​ថា ទោះ​មានការ​កើនឡើង​បែប​នេះ​ក្តី​ក៏​មន្ត្រី​ជំនាញ​ធ្វើ​បាន​ទាន់​ពេលវេលា​ដែរ ។

ចំណែក​លោក ពន ប៉ូ ប្រធាន​អង្គភាព​ចុះបញ្ជី​រថយន្ត យាន​យ​ន្តុ​ប្បក​រណ៍ និង​ត្រាក់ទ័រ នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ផ្ទុះ​ករណី​កូ​វី​ដ​-១៩​មួយ​រយៈពេល​កន្លង​មកនេះ មាន​សភាព​ស្ងប់ស្ងាត់ គឺ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចុះបញ្ជី​រថយន្ត​ថ្មី​មានការ​ថយ​ចុះ​ប្រមាណ​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ