ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ​គ្រោង​បើក​ជំរំ​ហ្វឹកហាត់​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ បាន​កំណត់​ថ្ងៃ​ចូល​ជំរំ​ហ្វឹកហាត់​វិញ​ហើយ គឺ​នៅ​ថ្ងៃ​ទី​១ ឧសភា ខាង​មុខ ទោះបី​ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូលកម្ពុជា​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​ក៏​ដោយ ក្រោយ​សភាពការណ៍​ជំងឺ COVID-19…

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ បាន​កំណត់​ថ្ងៃ​ចូល​ជំរំ​ហ្វឹកហាត់​វិញ​ហើយ គឺ​នៅ​ថ្ងៃ​ទី​១ ឧសភា ខាង​មុខ ទោះបី​ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូលកម្ពុជា​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​ក៏​ដោយ ក្រោយ​សភាពការណ៍​ជំងឺ COVID-19 នៅ​កម្ពុជា បាន​ទទួល​សញ្ញា​វិជ្ជមាន​ឡើង​វិញ ពោល​គឺ​ចំនួន​នៃ​អ្នកជា​សះស្បើយ​កើនឡើង​ស្ទើរ​១០០​ភាគរយ ។

លោក ខូ​វ ឆាយ អគ្គលេខាធិការ​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ​បាន​ឲ្យ​ដឹង​ថា បើសិន​ស្ថានភាព​ជំងឺ​COVID-19 បន្ដ​ល្អ​ប្រសើរ​ដូច​បច្ចុប្បន្ន ពួក​យើង​នឹង​ចាប់ផ្ដើម​ហ្វឹកហាត់​ជា​ថ្មី​នៅ​ដើមខែ​ក្រោយ ។ តែ​ចំពោះ​មុខ ទោះ​ហ្វឹកហាត់​ក៏​មិន​ទាន់​ដូច​ដើម​ដែរ ពោល​គឺ​ក្លិប​នៅ​តែ​រក្សា​គម្លាត​សុវត្ថិភាព​រហូត​ដល់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​រៀបចំ​សកម្មភាព​កីឡា​ឡើង​វិញ ។

សូម​បញ្ជាក់​ថា មុន​ការ​សម្រាក ក្លិប​កង​យោធពលខេមរភូមិន្ទ បាន​ប្រកួត​ចំនួន​៥​លើក ក្នុង​រដូវ​កាល​ថ្មី​នេះ ដោយ​ស្មើគ្នា​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ ០-០ ក្នុង​ស​ប្ដា​ហ៍​ទី​១, ឈ្នះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ២-០ ក្នុង​ស​ប្ដា​ហ៍​ទី​២, ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ០-២ ក្នុងស​ប្ដា​ហ៍​ទី​៣, ស្មើ​អង្គ​រថា​យ​ហ្គឺ​រ ១-១ ក្នុងស​ប្ដា​ហ៍​ទី​៤ និង​ឈ្នះ​វិសាខា ១-០ ក្នុង​ស​ប្ដា​ហ៍​ទី​៥ ដោយ​មាន​ពិន្ទុសរុប​៨​ពិន្ទុ ឈរ​លេខ​រៀង​ទី​៧​ក្នុង​តារាង​។

ចំពោះ​ស្ថានភាព​ជំងឺ​COVID-19 នៅ​កម្ពុជា​បច្ចុប្បន្ន​វិញ មាន​ភាព​ធូរស្រាល​ច្រើន ជាក់ស្ដែង​គិត​ត្រឹម​ថ្ងៃ​ទី​២៩ មេ​សា ម្សិលមិញ​នេះ មាន​អ្នកជា​សះស្បើយ​១១៩​នាក់​ក្នុង​ចំណោម​១២២​នាក់ ពោល​គឺ​សល់​៣​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​ព្យាបាល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ