រាជធានីភ្នំពេញ ៖ បុរស២នាក់ឪពុក និងកូនត្រូវបានប៉ូលិសខណ្ឌដង្កោចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេទាំង២នាក់នេះ មាក់ងាយកូនក្រមុំ គេ និងព្រួតគ្នាកាប់ប្រហារទៅលើបុរសម្នាក់ទៀត បណ្តាលឱ្យរងរបួសក្បាលធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ មីនា ២០១១ នៅផ្ទះជួលក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌដង្កោ ។
បុរសរងគ្រោះឈ្មោះចៀវ ពុទ្ធី អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ រងរបួសក្បាលធ្ងន់ដោយគូជម្លោះកាប់
ច្រើន ។ ជនដៃដល់ឈ្មោះឆាង សាមុន អាយុ១៩ឆ្នាំ ជាកម្មករសំណង់ និងម្នាក់ទៀតជាឪពុកឈ្មោះឆាង សុភាព អាយុ៥០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរជនរងគ្រោះត្រូវសមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការឆាប់ៗនេះ។
អ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឈ្មោះឆាង សាមុន ឃើញនារី២-៣នាក់ ដើរកាត់ពីមុខខ្លួន ក្នុងនោះមានប្អូនស្រីជីដូនមួយរបស់ជនរងគ្រោះម្នាក់ផង ស្រាប់តែឆាង សាមុន បោះសម្តីជេរមាក់ងាយថា «មេចោរគូទ.ង គូទអីក៏ងៗម៉្លេះ» ។ ឮបែបនេះជនរងគ្រោះឈ្មោះចៀវ ពុទ្ធី ក៏ទៅប្រាប់ម្តាយនារីនោះ…ភ្លាមៗនោះម្តាយនារីដែលគេថា គូទ.ងបានមកដល់សួរនាំទៅឈ្មោះឆាង សាមុន ក៏កើតទៅជាការឈ្លោះប្រកែកគ្នាតឹងសរសៃ.ក ហើយឈ្មោះចៀវ ពុទ្ធី បានលូកមាត់ជួយម្តាយមីងរបស់គេ… ស្រាប់តែឈ្មោះឆាង សាមុន ទាញកាំបិត (ជិតប៉ុនប័ងតោ) ស្ទុះកាប់ទៅលើពុទ្ធី ឥតបណ្តាក់ដៃបណ្តាលឱ្យរងរបួសក្បាលធ្ងន់…ជាមួយនោះឪពុករបស់ឆាង សាមុន ឈ្មោះឆាង សុភាព បានទាញពូថៅប្រុងស្ទុះទៅកាប់ពុទ្ធី ថែមទៀត តែត្រូវអ្នកជិតខាងស្រែកឆោឡោឡើងក៏បង្អាក់ទៅវិញ ។ បន្តិចក្រោយមក ប៉ូលិសមកដល់ល្មមចាប់ខ្លួនជនដៃដល់២នាក់ឪពុក-កូន យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ៕
ចែករំលែកព័តមាននេះ