ប្រសិនបើអ្នកមានសមត្ថភាពក្នុងការគិតឃើញគំនិតរកស៊ីជាច្រើនតែអ្នកមិនដែលមានភាពក្លាហានក្នុងការធ្វើឲ្យវាក្លាយជាការពិត ឬអ្នកកំពុងតែប្រកបអាជីវកម្មមួយហើយតែអ្នកតែងតែមិនជឿទុកចិត្តលើខ្លួនម្តងហើយម្តងទៀតនោះ វាប្រហែលជាដល់ពេលក្នុងការហ្វឹកហាត់ខួរក្បាលអ្នកឡើងវិញហើយ ។
ដើម្បីក្លាយជាអាជីវករដែលជោគជ័យ អ្នកត្រូវការគុណសម្បត្តិច្រើនជាងភាពច្នៃប្រឌិត និងមហិច្ចតាទៅទៀត ។ ចំណុចសំខាន់ គឺអ្នកត្រូវការផ្នត់គំនិតដែលត្រឹមត្រូវ ។ ខាងក្រោមនេះ គឺជាវិធីងាយៗក្នុងការហ្វឹកហាត់ខួរក្បាលរបស់អ្នកដើម្បីជួយឲ្យអ្នកកាន់តែជោគជ័យក្នុងអាជីវកម្ម៖
១. ប្តូរការភ័យខ្លាចជាមួយនឹងការចូលចិត្តឆ្ងល់
អាជីវករជាមនុស្សដែលឧស្សាហ៍ដើរឆ្ពោះទៅកាន់ទិសដៅមួយខណៈដែលពួកគេមិនទាន់ច្បាស់ផងថានឹងមានអ្វីនៅតាមផ្លូវនោះ ។ ពួកគេត្រូវសាកល្បងផ្នែកមួយចំនួនដែលពួកគេមិនដែលមានបទពិសោធន៍ពីមុនមក ។ប្រសិនបើអ្នកឧស្សាហ៍មានការភ័យខ្លាចហានិភ័យ ឬការធ្វើសម្រេចចិត្តដែលអ្នកដទៃមិនគាំទ្រនោះ អ្នកអាចប្តូរវាទៅជាការចង់ដឹងវិញថាតើលទ្ធផលវានឹងមានរូបរាងយ៉ាងដូចម្តេច ។ ការគិតដូច្នេះជំរុញឲ្យអ្នកមានភាពក្លាហានក្នុងការសាកល្បងអ្វីដែលថ្មីៗ ។
២. ធ្វើអ្វីដែលអ្នកខ្លាច
នៅថ្ងៃមួយដែលអ្នកអាចគ្រប់គ្រងការភ័យខ្លាចរបស់អ្នកបានហើយ អ្នកគួរតែមានភាពក្លាហានឡើងទោះជាមានហានិភ័យតិចឬច្រើនក៏ដោយ ។ វានឹងហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យមានភាពរឹងមាំ និងមិនងាយស្ត្រេសច្រើន ។ ជាក់ស្តែង វាមិនមែនមានន័យថាអ្នកត្រូវតែចាប់យកគ្រប់ឱកាសដោយមិនមានការគិតគូរឲ្យបានច្បាស់លាស់ទេ ។ ផ្ទុយមកវិញ អ្នកត្រូវតែគិតគូររួចធ្វើការសម្រេចចិត្តដោយមានជំនឿទុកចិត្តខ្ពស់លើខ្លួនឯង ។
៣. រៀនទាមទារអ្វីដែលអ្នកចង់បាន
ការទាមទារអ្វីដែលអ្នកចង់បាន ឬត្រូវការទោះជាអ្នកមិនប្រាកដថាអ្នកអាចទទួលវាបានឬអត់មិនងាយស្រួលទេពេលដែលអ្នកសាកល្បងដំបូង ។ ប៉ុន្តែការធ្វើដូច្នេះមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់ជោគជ័យ ។ ឧទាហរណ៍បើអ្នកចង់សម្រេចលើតម្លៃទំនិញរបស់អ្នក អ្នកគួរតែសម្រេចលើតម្លៃដែលអ្នកចង់បាន មិនមែនតម្លៃដែលអ្នកដទៃចង់បានទេ ។
៤. ធ្វើលំហាត់ប្រាណ និងថែរក្សាសុខភាព
រាងកាយដែលមានសុខភាពល្អជួយជំរុញដល់ផ្នត់គំនិតដែលល្អផងដែរ ។ ដូច្នេះអាជីវករគួរតែទុកពេលសម្រាប់ធ្វើលំហាត់ប្រាណជាប្រចាំ ។ លើសពីនេះទៅទៀត ការពង្រឹងសុខភាពរាងកាយរបស់អ្នកក៏ជំរុញឲ្យអ្នកកាន់តែមានជំនឿចិត្តលើខ្លួនដែរ ហើយវាក៏ជាកត្តាសំខាន់ដែលនាំភាពជោគជ័យដល់អ្នកដែរ ៕
ចែករំលែកព័តមាននេះ