ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាញ់​ កីឡាករ​​សូត្រ វាសនា ថា​កូ​វី​ដ​១៩​ មិន​គួរ​ឱ្យ​ខ្លាច​ដូច​ដាច់​ពោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០២០ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​បើក​ការ​​ប្រដាល់​របស់​ខ្លួន​ជា​ធម្មតា បើ​ទោះជា​សង្វៀន​ទាំងមូល​នៅ​តែ​កំណត់​មិន​ឱ្យ​អ្នកគាំទ្រចូល​​ទស្សនា​ដើម្បី​បញ្ចៀស​ពី​ជំងឺ​កូ​វី​ដ​-១៩​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​មួយគូ​ត្រូវ​គេ​កត់​សម្គាល់​គួរសមថា ​ទាក់ទាញ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០២០ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​បើក​ការ​​ប្រដាល់​របស់​ខ្លួន​ជា​ធម្មតា បើ​ទោះជា​សង្វៀន​ទាំងមូល​នៅ​តែ​កំណត់​មិន​ឱ្យ​អ្នកគាំទ្រចូល​​ទស្សនា​ដើម្បី​បញ្ចៀស​ពី​ជំងឺ​កូ​វី​ដ​-១៩​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​មួយគូ​ត្រូវ​គេ​កត់​សម្គាល់​គួរសមថា ​ទាក់ទាញ ដោយ​កីឡាករ​បង្គោល​ខៀវ សូត្រ វាសនា ក្រោយ​ពី​ចាញ់​កីឡាករ ថន ភឿ​ត បាន​អះអាង​ថា រវាង​អត់​លុយ​ដាច់​ពោះ និង​ខ្លាច​កូ​វី​ដ​-១៩ គឺ​លោក​សុខចិត្ត​ជ្រើស​យក​ការ​​ប្រកួត​ជា​ជាង​សម្ងំ​នៅ​ក្នុងផ្ទះ​។

កីឡាករ​បង្គោល​ខៀវ ថន ភឿ​ត ត្រូវ​គេឃើញ​ឈ្នះ​ប្រៀប​យ៉ាង​ខ្លាំង ដោយ​វាយ​បង្គោល​ក្រហម សូត្រ វាសនា បាន​ល្អ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​ល្អមើល​។

បង្គោល​ក្រហម​ថែម​ទាំង​ចង់​បោះបង់​ការ​ប្រកួត​ព្រោះតែ​បង្គោល​ខៀវ​វាយ​សម្រុក​ម្ដង​ជា​ពីរ​ដង​ខ្លាំង​ៗ​នោះ​ផង ។ ទោះជា​យ៉ាងណា ទំនងជា​ខ្លាច​បាត់បង់​ប្រជាប្រិយភាព និង​ចង់​កសាង​កេរ្តិ៍​ឈ្មោះ បន្ទាប់​ពី​មានឱកាស​ឡើង​ប្រកួត​ជា​គូ​ឯក បង្គោល​ក្រហម​ក៏​សុខចិត្ត​ប្រកួត​បន្ត ហើយ​វាយ​ត្រូវ​មួយ​ស្នៀត​ៗ ធ្វើ​ឱ្យ​បង្គោល​ខៀវ​ក្ដៅស្លឹកត្រចៀក ។ មួយគូ​នេះ​ឆ្លង​កាត់ទឹក​ទី​៣ កីឡាករ​​បង្គោល​ខៀវ​នៅ​តែ​មាន​ប្រៀប​ខ្លាំង ដោយ​វាយ​បង្គោល​ក្រហម​ត្រូវ​ចំ​ចំណុច​សំខាន់​ៗដែល​​ពិបាក​ឱ្យ​គេ​តស៊ូ ។ ប៉ុន្តែ​ទំនងជា​ស៊យរបស់​បង្គោល​ក្រហម​ផ្សំ​ផង ទើប​នៅ​ពេល​បង្គោល​ខៀវ​តដៃ​ម្ដង​ៗ គឺ​រមែង​ត្រូវ​ចំ​ចំណុច​សំខាន់​រហូត ដែល​កាន់តែ​ពិបាក​ឱ្យ​បង្គោល​ក្រហម​ទប់​ជាប់​។

កីឡាករ​បង្គោល​ក្រហម សូត្រ វាសនា ដែលធ្លាប់តែ​ឈ្នះ​គូប្រកួត​បញ្ជាក់​ថា ក្រោយ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​លោក​មិនសូវ​ទៅ​ក្លិប​ហ្វឹកហាត់​នោះ​ទេ ទើប​សមត្ថភាព​ដែល​បាន​ស្ដែង​ឡើង មិនសូវ​ល្អ​ដូច​មុន ។ ក្នុង​នោះ​សូ​ម្បី​តែ​ការ​ហ្វឹកហាត់​ផ្ទាល់ខ្លួន ក៏​មិនសូវ​បាន​ល្អ​នោះ​ដែរ ប៉ុន្តែ​លោក​ថា ក្រោយ​ស្ងប់​កូ​វី​ដ​-១៩ ហើយ​បាន​ហ្វឹកហាត់​ជាប់លាប់​ជា​ថ្មី គឺ​នឹង​ដូច​ដើម​វិញ​ហើយ ដោយ​មិន​ធ្លាក់ដៃ​នោះ​ទេ ។

លោក​ថា ខ្លួន​ពិតជា​ស៊យ​ផ្សែផ្សំ​ដែល​ត្រូវ​ទៅ​រួច តែ​បែរជា​ភ្លាត់​ឱ្យ​ចាញ់​ទៅ​វិញ ។ នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ស្ពឹក​ដៃ​ស្ពឹក​ជើង​ព្រោះ​មិនសូវ​បាន​ប្រកួត​ញឹកញាប់​ដូច​មុន ក្រោយ​ពេល​ការ​ប្រដាល់​មួយ​ចំនួន​ត្រូវ​ផ្អាក ហើយ​ការ​បើក​វិញ​ក៏​បាន​ត្រឹមតែ​មិន​ទូលំទូលាយ ។

លោក​ក៏​ចាត់​ទុក​ថា នេះ​គឺជា​បទ​ពិសោធន៍​មួយដែល​ត្រូវ​តែ​ប្រឹង​ជា​ថ្មី ប្រសិនបើ​ចង់​រក្ស​កេរ្តិ៍​ឈ្មោះ។ ជាមួយនឹង​សំណួរ​ថា ហេតុផល​មិនសូវ​បាន​ប្រកួត ឬ​ហ្វឹកហាត់​ច្រើន ដោយសារ​តែ​ខ្លាច​កូ​វី​ដ​-១៩​ឬ​យ៉ាងណា? លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា អត់​ខ្លាច​កូ​វី​ដ​-១៩​ទេ ប៉ុន្តែ​មក​ពី​ក្លិប​ក៏​គេ​មិនសូវ​បើក ហើយ​លោក​ក៏​ពិបាក​រក​កន្លែង​ហ្វឹកហាត់​ខ្លួនឯង ទើប​មិនដឹង​ទៅ​ហាត់​បង្កើន​សមត្ថភាព​ជាមួយ​អ្នក​ណា ឬ​កន្លែង​ណា ។

លោក​ថា អ្នកខ្លះ​មិន​ហ៊ាន​ទទួល​ការ​ប្រកួត​ព្រោះ​ខ្លាច​កូ​វី​ដ​-១៩ ប៉ុន្តែ​លោក​បន់​ឱ្យ​តែ​មានការ​ប្រកួត​ប៉ុណ្ណោះ ដើម្បី​ឆ្លៀតពេលហ្វឹកហាត់​បាន​រក​លុយ ។ លោក​ថា កូ​វី​ដ​-១៩​មិន​គួរ​ឱ្យ​ខ្លាច​ដូច​ដាច់​បាយ​ទេ ប៉ុន្តែ​លោក​ក៏​មាន​វិធានការ​ការពារ និង​រក្សា​អនាម័យ​រាល់ពេល​ហ្វឹកហាត់ និង​ពេល​ឡើង​ប្រកួត​តាម​ការ​ណែនាំ​ផង​ដែរ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រចាំទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា សូត្រ វាសនា ធ្លាក់ដៃ​អាច​មក​ពី​បញ្ហា​កូ​វី​ដ​-១៩​មិនសូវ​មាន​រេញ​ឱ្យ​ឡើង និង​ពិបាក​ហ្វឹកហាត់​ដូច​មុន​។ ប៉ុន្តែ​លោក​ថា ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​ម្ដងណា​ដូច​លើក​នេះនោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា ការ​បរាជ័យ​លើក​នេះ គឺជា​រឿង​ស៊យ​មួយ​ផ្នែក​។ លោក​មាន​គម្រោង​ឱ្យ សូត្រ វាសនា ប៉ះ ថន ភឿ​ត ម្ដងទៀត ប៉ុន្តែ​មិន​ច្បាស់​ថា​រហូត​ដល់​ពេល​ណា​នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ