រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានចាត់បញ្ជូនមុខសញ្ញជាជនដៃមឹកម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធអំពើឆក់កាបូបចំនួន៣ករណី ។
ជនសង្ស័យខាងលើឈ្មោះ មឿង សុគន្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មុខរបរជាអ្នក បើកបររថយន្ត ជាប់ចោទពីបទ.លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ជាច្រើនលើក ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ជនសង្ស័យបានជិះម៉ាកឃ្លឹក ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ១HK ៣៥៨១ ម្នាក់ឯង បានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះនៅចំណុចកន្លែងលាងរថយន្ត យីហោ ឌីឡៃ ផ្លូវលលេខ៤៨៤ កែងផ្លូវលេខ១០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ជនរងគ្រោះក្នុងអំពើឆក់នោះមាន ឈ្មោះ កេត ផារ៉ែន ភេទប្រុស អាយុ៣៧ឆ្នាំ ហើយនៅម៉ោងខាងលើជនរងគ្រោះបើករថយន្តផ្ទាល់ខ្លួនចេញពីកន្លែងធ្វើការក្នុងគោលបំណងទៅលាងរថយន្តនៅយានដ្ឋានយីហោឌីឡៃនោះ ។ ខណៈពេលទៅដល់ជនរងគ្រោះចុះពីលើរថយន្ត ហើយឈរនៅមុខយានដ្ឋាន ដោយដៃកាន់កាបូបលុយមួយ (ពាត់ដៃទៅក្រោយ) ស្រាប់តែចោរជិះម៉ូតូដូចម្នាក់ឯង ឆក់យកកាបូបលុយពីដៃ ហើយភ្លាមៗនោះជនរងគ្រោះក៏ស្រែក និងស្ទុះដេញតាម ប៉ុន្តែចោរបានយកកាបូបលុយទៅបាត់។
សមត្ថកិច្ចបង្ហើបបន្តថា ក្នុងកាបូបលុយនោះមានប្រាក់២៥០ដុល្លារអាមេរិក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក កាត ATM ចំនួន៣សន្លឹក និងឯកសារមួយចំនួនទៀត ។ ក្រោយពេលកើតមានអំពើឆក់នោះ ស្នងការ និងស្នងការរងទទួលការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ បានដាក់ផែនការឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ឲ្យចុះធ្វើការស្រាវជ្រាវតាមភិនភាគ និងសកម្មភាព ដូចដែលមានក្នុងកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់ខ្លួនមុខឆក់នោះឲ្យខាងតែបាន។
ជាក់ស្តែងក្រោមការខិតខំប្រឹងប្រែង ពីសំណាក់លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន នៅថ្ងៃទី២៣ ខែមេសា នោះ ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួនត្រូវបានដកហូត ជាពិសេសមធ្យោបាយម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ហើយវត្ថុតាងទាំងអស់នោះក៏បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ។
អ្វីដែលគួរចាប់អារម្មណ៍នោះ គឺជនសង្ស័យបានឆ្លើយសារភាពទៅសមត្ថកិច្ច ស្តីពីអំពើទុច្ចរិចរបស់គេកន្លងមក ធ្លាប់ឆក់កាបូបចំនួន៣លើក ។ ក្រោយមកសុទ្ធតែមានពាក្យបណ្តឹងគ្រប់គ្រាន់ សម្រាប់តំណាងអយ្យការធ្វើការចោទប្រកាន់លើជនសង្ស័យជាផ្លូវការផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ