ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​ ត្រូវ​លើក​ពេល​ទៅ​​ឆ្នាំ​ក្រោយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ ដែល​គ្រោង​ធ្វើ​ក្នុង​ខែសីហា ឆ្នាំ​២០២០ នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​នោះ នឹង​ត្រូវ​លើក​ពេល​ទៅ​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ ដោយសារ​ការ​បារម្ភ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19​។ ស្រប​ពេល​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ ដែល​គ្រោង​ធ្វើ​ក្នុង​ខែសីហា ឆ្នាំ​២០២០ នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​នោះ នឹង​ត្រូវ​លើក​ពេល​ទៅ​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ ដោយសារ​ការ​បារម្ភ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19​។

ស្រប​ពេល​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក កំពុង​ប្រឈម​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ខាងលើ កម្ពុជាបាន​សម្រេច​ផ្អាក​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​នៅ​ឆ្នាំ​នេះ​។ ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ពោល​គឺ​ក្រោយ​ស្ថានភាព​នៃ​ជំងឺ​COVID-19​មាន​ភាព​ធូរស្រាល​វិញ​។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។

តាម​លោក វ៉ា​ត់ ចំរើន នេះ​ជា​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ទី​២​ដែល​ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុងអន្តរជាតិ ភ្នំពេញ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែមិថុនា ឆ្នាំ​២០២០ ។ ការ​ផ្អាក​នេះ ធ្វើ​ឡើង​ក្រោយ​មានការ​សំណូមពរ​ពី​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ ។ លោក​បន្ត​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ និង​បង់ថ្លៃ​ចូលរួម​ព្រឹត្តិការណ៍​នេះ​រួច​ហើយ គណៈកម្មការ​នឹង​រក្សា​ទុក​រហូត​ដល់​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​វិញ ។ ដូច្នេះ អ្នក​ដែល​ចុះ​ឈ្មោះ និង​បង់​ថវិកា​រួច​ហើយ​នៅ​ឆ្នាំ​នេះ ពុំ​ចាំបាច់​ចុះ​ឈ្មោះ ឬ​បង់ប្រាក់​ម្តងទៀត​នោះ​ទេ​។

លោក វ៉ា​ត់ ចំរើន បន្ត​ទៀត​ថា សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​នៅ​ខេត្តសៀមរាប ដែល​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ឲ្យ​ចូលរួម នា​អំឡុង​ខែធ្នូ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ថា​តើ​គួរ​រៀបចំ​នៅ​ឆ្នាំ​នេះ ឬ​ត្រូវ​លើក​ពេល​ដូច​ព្រឹត្តិការណ៍​ទាំង​ពីរ​ខាងលើ ។ តែ​យ៉ាងណា លោក វ៉ា​ត់ ចំរើន អះអាង​ថា ការ​ផ្អាក ឬ​មិន​ផ្អាក វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​ពេល​នោះ​។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​បាន​អ្នក​ផ្ទុក​ជំងឺ​COVID-19​ចំនួន​១២២​នាក់ ហើយ​​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១១០​នាក់ ។ ដូច្នេះ​កម្ពុជា​នៅ​មាន​អ្នកជំងឺ​តែ​១២​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​ព្យាបាល​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នេះ កម្ពុជា​ពុំ​បាន​រក​ឃើញ​អ្នកជំងឺ​រលាក​សួត​ថ្មី​ដែល​បង្ក​ឡើង​ដោយ​កូ​រូ​៉​ណា​វីរុស
ប្រភេទ​​ថ្មី​នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ