ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ព្រឹត្តិការណ៍​បាល់ទាត់​ថ្នាក់​ជាតិ​ចំនួន​2 ​នៅ​តែ​បន្ត​ផ្អាក​​សកម្ម​ភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​វិបត្តិ​ជំងឺ​COVID-19​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​នៅឡើយ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ទាំងអស់​បាន​ផ្អាកសកម្មភាព​របស់​ខ្លួន​ក្នុង​នោះ​ការ​ប្រកួត​បាល់ទាត់ថ្នាក់​​ជាតិ​ធំ​ៗ​ចំនួន​២​ដែល​កំពុង​តែ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ក៏​ត្រូវ​គេ​ឃើញ​ផ្អាក​សកម្មភាព​ទាំង​ស្រុង​ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​ថា បើក​ប្រកួត​វិញ​នៅ​ពេល​ណា​នោះ​ទេ ។ លោក ឈី កុ​ល​បុត្រា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​វិបត្តិ​ជំងឺ​COVID-19​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​នៅឡើយ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ទាំងអស់​បាន​ផ្អាកសកម្មភាព​របស់​ខ្លួន​ក្នុង​នោះ​ការ​ប្រកួត​បាល់ទាត់ថ្នាក់​​ជាតិ​ធំ​ៗ​ចំនួន​២​ដែល​កំពុង​តែ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ក៏​ត្រូវ​គេ​ឃើញ​ផ្អាក​សកម្មភាព​ទាំង​ស្រុង​ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​ថា បើក​ប្រកួត​វិញ​នៅ​ពេល​ណា​នោះ​ទេ ។

លោក ឈី កុ​ល​បុត្រា លេខាធិការ​ប្រតិបត្តិ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC)​ដែល​ជា​គណៈកម្មការ​គ្រប់គ្រង​ការ​ប្រកួត​បាល់ទាត់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពេល​នេះ​ពុំ​ទាន់​អាច​បញ្ជាក់​ពី​គម្រោង​ដំណើរ​ការ​ប្រកួត​ឡើង​វិញ​នៃ​ក្របខ័ណ្ឌ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​នៅ​ឡើយ ដោយ​ការ​ប្រកួត​ទាំង​ពីរ​កម្រិត​នៅ​តែ​បន្ត​ផ្អាក​រហូត​មក​ដល់​ពេល​នេះ អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់ស្តែង និង​សេចក្តី​ប្រកាស ឬ​ការ​ណែនាំ​រួម​ពី​ថ្នាក់ដឹកនាំ ។

លោក​អះអាង​ថា​យោង​តាម​ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​លើស​ពី​១០​នាក់​ទេ ដូច្នេះ​ការ​ប្រកួត​បាល់ទាត់​នេះ​លើស​គោលការណ៍​បែប​នេះ​បាត់​ទៅ​ហើយ ហើយ​ក៏​អត់​ទាន់​មានការ​ណែនាំ​ណា​ពី​ថ្នាក់​ជាតិ ឬ​មួយ​ក្រសួង ឬ​ស្ថាប័ន​ណា​ឲ្យ​យើង​ដែរ ។ ដូច​ឃើញ​ស្រាប់​ហើយ សេចក្ដីថ្លែងការណ៍​ចេញ​មក​មិន​ឲ្យ​មានការ​ជួបជុំ​នៅឡើយ ។

ជាក់ស្ដែង ការ​ប្រកួត​របស់​យើង គ្រាន់តែ​មួយ​ក្រុម​មាន​កីឡាករ​លើស​ការ​ហាមប្រាម​នេះ​បាត់​ទៅ​ហើយ ចុះ​ទម្រាំ​ពីរ​ក្រុម​ទៀត ទោះ​យើង​លេង​បិទទ្វារ​ក៏​ដោយ ក៏​មាន​ចំនួន​កាន់តែ​ច្រើន​ទៀត ។ យើង​ព្យាយាម​កុំ​ឲ្យ​ប៉ះពាល់​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ​សិន ចាំ​មើល​ការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ ឬ​សេច​ក្តី​ប្រកាស​ថ្នាក់​ជាតិ ឬ​ក៏​ក្រសួង​សិន បើ​គាត់​ចេញ​គោលការណ៍​ថ្មី​បែប​ណា​ទៀត ចាំ​យើង​នឹង​យក​មក​ពិភាក្សា​ក្នុង​ក្រុមការងារ ក៏​ដូច​ជាមួយ​ក្លិប​បាល់ទាត់​ទាំងអស់​ជា​សមាជិក​។

លោក ឈី កុ​ល​បុត្រា លើក​ឡើង​បន្ថែម​ថា CNCC តែងតែ​ទាក់ទង​គ្នា​តាម​អន​ឡាញ​ន៍​ជាប់​ជា​និច្ច ហើយ​ក៏​រង់ចាំ​ស្ថានការណ៍ និង​ការណែនាំ​ដូច​គ្នា ។ ប្រសិនបើ​មាន​សេចក្ដីថ្លែងការណ៍ ឬ​សេច​ក្ដីណែនាំ​ណាមួយ នោះ​ភាគី​ទាំងអស់​នឹង​ពិភាក្សា​គ្នា ។ ក៏​មាន​សេចក្ដីរាយការណ៍​ផ្សេង​ទៀត​ផង​ដែរ​ថា ទាំង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ ក៏​ដូច​ជា​បណ្ដា​ក្លិប​ទាំង​១៣ គ្រោង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​សម្រេច​ថា​នឹង​បន្ត​បែប​ណា​តទៅ​ទៀត​នៃ​ពានរង្វាន់​ទាំង​២​ខាងលើ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ២០២០ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារ​បញ្ហា​ជំងឺ​COVID-19 កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ ។ ការ​ប្រកួត​លី​គ​កំពូល​បាន​សម្រាក​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ស​ប្តា​ហ៍​ទី​៥ ខណៈ​ការ​ប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្អាក​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ថ្នាក់​ខេត្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ