ការរក្សាប្រាក់ចំណូលឲ្យបាននឹងនរក្នុងកំឡុងពេលប្រទេសជួបនឹងវិបត្តិដែលបង្កឡើងដោយជម្ងឺកូវីដ ១៩ ជាវីធីសាស្ត្រល្អក្នុងការការពារខ្លួនឯង និងគ្រួសារ ។ ប៉ុន្តែដោយសារតែមនុស្សកាន់តែច្រើនជួបនឹងការលំបាកផ្នែកហិរញ្ញវត្ថុព្រោះតែកូវីដ ១៩ នេះ ទីផ្សារការងារក៏ប្រហែលជាកាន់តែមានភាពប្រកួតប្រជែងដែរ ។
ព្រោះតែប្រទេសស្ទើរតែគ្រប់ទាំងអស់លើលោកសម្រេចចិត្តបិទ ឬ រឹតបន្តឹងច្រកចេញចូលព្រំដែន និងខណៈដែលស្ថាប័ននានាមិនអាចរៀបចំសិក្ខាសាលា និងសកម្មភាពដទៃបាននៅទីសារធារណៈឡើយ ដែលធ្វើឲ្យការស្គាល់មនុស្សថ្មី និងពង្រឹងទំនាក់ទំនងចាស់ៗកាន់តែពិបាក ។ ក្រៅពីការខិតខំរកឱកាសការងារ និងដាក់ពាក្យសុំការងារឲ្យបានច្រើនហើយ មានចំណុចមួយទៀតដែលអ្នកមិនត្រូវមើលរំលងដាច់ខាត នោះគឺការរក្សាទំនាក់ទំនងជាមួយអ្នកដទៃ ។
មនុស្សជាច្រើនរកបានការងារព្រោះតែមានការណែនាំពីអ្នកស្គាល់គ្នា ។ នៅសហរដ្ឋអាមេរិក សេចក្តីរាយការណ៍មួយរបស់ការិយាល័យស្ថិតិការងារអាមេរិក និងសាកលវិទ្យាល័យ Yale បានឲ្យដឹងថា ៧០% នៃការងារទាំងអស់ក្នុងសហរដ្ឋអាមេរិកជាការងារដែលត្រូវបានណែនាំដោយមនុស្សស្គាល់គ្នា ។
តួលេខខាងលើឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាមួយមនុស្ស ។ ប៉ុន្តែសម្រាប់មនុស្សដែលមិនមានជំនាញ ឬបទពិសោធន៍ច្រើនក្នុងផ្នែកនេះ ពួកគេអាចបិទផ្លូវសម្រាប់ខ្លួនឯងប៉ុណ្ណោះ ។ ប៉ុន្តែយុទ្ធសាស្ត្រល្អមួយក្នុងការបង្កើត និងរក្សាទំនាក់ទំនងឲ្យបានជោគជ័យគឺការផ្តោតសំខាន់លើអ្វីដែលអ្នកអាចផ្តល់ជូនភាគីម្ខាងទៀតមុនពេលទាមទារពីអ្នកដទៃ ។
ជាដំបូង អ្នកត្រូវគិតថាក្នុងចំណោមមនុស្សដែលអ្នកស្គាល់ទាំងអស់ តើមាននរណាដែលអាចជួយឲ្យអ្នករកការងារបាន? បន្ទាប់មកចូរគិតពីអ្វីដែលអ្នកអាចជួយដល់ពួកគេបានទោះជារឿងតូចតាចក៏ពិតមែនក្តី ឲ្យតែអ្នកធ្វើវាចេញពីចិត្តស្មោះ ។
ក្នុងកំឡុងពេលដែលពោរពេញទៅដោយភាពមិនប្រាកដប្រជានេះ ការស្នើជួយដល់អ្នកដទៃអាចអនុញ្ញាតឲ្យអ្នកកសាងមុខមាត់របស់ខ្លួនដែលមានសារៈសំខាន់ក្នុងការស្គាល់មនុស្សកាន់តែច្រើន ។ ជាមួយគ្នានេះដែរ អ្នកមិនគួរភ្លេចអារម្មណ៍ល្អដែលអ្នកទទួលបានបន្ទាប់ពីជួយដល់អ្នកដទៃទេ ៕
ចែករំលែកព័តមាននេះ