ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ឪពុក​ម្តាយ​ខ្សត់​លុយ សាលា​​ឯក​ជន​ត្រូវ​បន្ធូរ​ថ្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ដែល​សាលា​ឯកជន និង​រដ្ឋ​ត្រូវ​បាន​ក្រសួង​អប់រំ​ប្រកាស​អោយ​ផ្អាក​ការ​រៀនសូត្រ​បណ្តោះ​អាសន្ន​នោះ សាលា​ឯកជន​មួយ​ចំនួន​បាន​ងាក​ទៅ​រក​ការ​សិក្សា តាម​បណ្តាញ​អន​ឡាញ និង​តម្រូវ​អោយ​មាតាបិតា​បង់លុយ​ដូច​ធម្មតា​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ឪពុក​ម្តាយ​មួយ​ចំនួន​មិន​សប្បាយ​ចិត្តនឹង​ជម្រើស​នេះ​ឡើយ ដោយ​ខ្លះ​យល់​ថា កូន​របស់​ខ្លួន​ក្មេង​ពេក​មិន​អាច​សម្រប​ខ្លួន​នឹង​ការ​សិក្សា​អន​ឡាញ​ហើយ​សំខាន់​ជាង​នេះ គឺ​មិន​ពេញចិត្ត​នឹង​បង់​តម្លៃ​សិក្សា​កូន​ៗ​របស់​ខ្លួន​ពេញ​ថ្លៃ​តាម​រយៈ​ការ​រៀន​អន​ឡាញ​នេះ​។…

ខណៈ​ដែល​សាលា​ឯកជន និង​រដ្ឋ​ត្រូវ​បាន​ក្រសួង​អប់រំ​ប្រកាស​អោយ​ផ្អាក​ការ​រៀនសូត្រ​បណ្តោះ​អាសន្ន​នោះ សាលា​ឯកជន​មួយ​ចំនួន​បាន​ងាក​ទៅ​រក​ការ​សិក្សា តាម​បណ្តាញ​អន​ឡាញ និង​តម្រូវ​អោយ​មាតាបិតា​បង់លុយ​ដូច​ធម្មតា​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ឪពុក​ម្តាយ​មួយ​ចំនួន​មិន​សប្បាយ​ចិត្តនឹង​ជម្រើស​នេះ​ឡើយ ដោយ​ខ្លះ​យល់​ថា កូន​របស់​ខ្លួន​ក្មេង​ពេក​មិន​អាច​សម្រប​ខ្លួន​នឹង​ការ​សិក្សា​អន​ឡាញ​ហើយ​សំខាន់​ជាង​នេះ គឺ​មិន​ពេញចិត្ត​នឹង​បង់​តម្លៃ​សិក្សា​កូន​ៗ​របស់​ខ្លួន​ពេញ​ថ្លៃ​តាម​រយៈ​ការ​រៀន​អន​ឡាញ​នេះ​។

កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឪពុក​ម្តាយ​របស់​សិស្ស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា CIA នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ដើម្បី​ធ្វើការ​តវ៉ា​មួយ ដើម្បី​ស្នើ សុំ​អោយ​សាលា​បញ្ចុះ តម្លៃ​៥០​ភាគរយ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​បង្រៀន​តាន​អន​ឡាញ ក្នុង ដំណាក់កាល មានការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ រហូត​ដល់​ពេល​មួយ​ដែល​ក្រសួង​អប់រំ​ប្រកាស​អោយ សិស្ស​រៀន​ដូច​ធម្មតា​វិញ​។ ចំណែក​ឪពុក​ម្តាយ​ខ្លះ​ទៀត និយាយ​ថា កូន​របស់​ពួក​គាត់​ក្មេង​ពេក​សម្រាប់​ការ​រៀន​អន​ឡាញ ហើយ​វា​នាំ​ដល់​ការ​រវល់​បន្ថែម​ដល់​ឪពុក​ម្តាយ​។

បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​ការ​តវ៉ា​សាលា CIA បាន​ស​ម្រេ​ចិត្ត​បញ្ចុះតម្លៃ​ចំនួន ២៥ ភាគរយ ចំពោះ​សិស្ស​ម​តេ​យ្យ និង​ចំនួន​១៥​ភាគរយ​សម្រាប់​សិស្ស ពី​ថ្នាក់​ទី​១ ដល់ ថ្នាក់​ទី​១២​។

រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ឪពុក​ម្តាយ​របស់​សិស្ស​យល់ព្រម ទទួលយក​ការ​ផ្តល់​អោយ​របស់​សាលា​នៅឡើយ​ទេ?

មិនមែន​តែ​ឪពុក​ម្តាយ​នៅ​សាលា CIA ទេ ដែល​មិន​មានការ​សប្បាយ​ចិត្តនឹង​ការ​បង់ លុយ​សាលា​ពេញ​ថ្លៃ ខណៈ​ដែល​សិស្ស​ត្រូវ​តម្រូវ​អោយ​រៀន​អន​ឡាញ ឬ​ក៏​មិន បាន​រៀន​សោះ​នោះ​។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឪពុក​ម្តាយ​របស់​សាលា ហ្វូ​ត​ព្រី​ន​អន្តរជាតិ FIS ម្នាក់​បាន​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​ការ​បង់លុយ​ពេញ ខណៈ​ដែល​កូន​របស់​គាត់​ត្រូវ សាលា​អោយ​រៀន​អន​ឡាញ​វិញ​។ គាត់​ថា គាត់​នឹង​មិន​បង់ថ្លៃ​សាលា​រហូត​ដល់​ពេល ក្រសួង​ប្រកាស​ចូល​រៀន​ធម្មតា​វិញ​។

កូ​វី​ដ​១៩ មិន​ត្រឹមតែ​កំពុង​គំរាមកំហែង​សុខភាព និង​ជីវិត​របស់​ប្រជាជន​កម្ពុជា និង​ពិភពលោក​ទេ វា​ថែម​ទាំង​កំពុង​បង្ក​ផល​ប៉ះពាល់​ផង​ដែរ ដល់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ​។

ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំ​ណួ​ល ឪពុក​ម្តាយ​ភាគច្រើន បំផុត​នឹង​កាន់តែ​មាន ការ​លំបាក​នៅ​ក្នុង​ការ​បង់ប្រាក់​សាលារៀន​សម្រាប់​កូន​ៗ​របស់​ពួក​គាត់​។

វា​ក៏​មិន​ទំនង​ដែរ បើសិនជា​សាលារៀន​ឯកជន​បន្ត​យក​លុយ​ថ្លៃបង់​សាលារៀន ដោយ សិស្ស​មិន​បាន​រៀន ឬ​ក៏​យក​លុយ​ពេញ​ថ្លៃ ខណៈ​ដែល​អោយ​សិស្ស​រៀន​អន​ឡាញ​។

នៅ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ សាលា​ឯកជន​ត្រូវ​មានការ​យោគយល់ ខ្លះ​ដល់ ឪពុក​ម្តាយ​របស់​សិស្ស​ចំពោះ​បញ្ហា​តម្លៃ​សិក្សា​របស់​កូន​ៗ​របស់​ពួក​គេ​។ ការ​បន្ថយ ការ​ចំណេញ ហើយ​បន្ធូរ​តម្លៃ​ខ្លះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នឹង​មិន​ត្រឹមតែ​ជួយ​ដល់​ឪពុក​ម្តាយ​របស់​សិស្ស​ទេ ប៉ុន្តែ​វា​ក៏​នឹង​បង្ហាញ​ពី​សាមគ្គីភាពរ​វារ​សាលា និង​មាតាបិតា​សិស្ស​។

នៅ​ពេល​ដែល​សាលា​ឯកជន​មានការ​យោគយល់​កាន់តែ​ច្រើន​ដល់​មាតាបិតា​សិស្ស វា​នឹង​ធ្វើ​អោយ​ឪពុក​ម្តាយ​សិស្ស​បន្ត​អោយ​កូន​រៀនសូត្រ​នៅ​តាម​សាលា​ឯកជន​មួយ​ដែល​គេ​គិត​ថា ជា​កន្លែង​បណ្តុះ​គំនិត និង​ការ​ចេះ​ដឹង​ពិតប្រាកដ​និង​មិនមែន​ជា​កន្លែង​ដែល​គិតតែ​ផល​ចំណេញ​ហួសហេតុ​នោះ​ឡើយ​។

រហូត​មក​ទល់​ពេល​នេះ គេ​មិន​ប្រាកដ​នៅឡើយ​ថា តើ​ក្រសួង​អប់រំ​នឹង​ប្រកាស​អោយ ចូល​រៀន​ឡើង​វិញ​នៅ​ពេល​ណា?

ជា​ការ​ចាំបាច់​ដែល​សាលា​ឯកជន និង​ឪពុក​ម្តាយ​រួម​គ្នា​រក​ដំណោះស្រាយ​មួយ​ដែល​ល្អ​សម្រាប់​ទាំង​សងខាង ដោយ​អាច​ធ្វើ​អោយ​ឪពុក​ម្តាយ​អាច​មាន​ល​ទ្ឋ​ភាព​នៅ​ក្នុង​ការ​បង់ ប្រាក់​សាលារៀន សម្រាប់​កូន ហើយ សាលារៀន​អាច​ទទួល​ចំណូល​បាន គ្រប់គ្រាន់ សម្រាប់​ដំណើរការ​របស់​ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ