ខេត្តកណ្ដាល ៖ ជនសង្ស័យជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ដែលបានបាញ់សម្លាប់ប្អូនថ្លៃ នៅកោះឧកញ៉ាតី ហើយរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃមក ត្រូវបានកម្លាំងនគរបាល តាមចាប់បានហើយ នៅល្ងាចថ្ងៃទី២២ មេសា ២០២០នេះ នៅខេត្ដស្ទឹងត្រែង ត្រូវបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលវិញ ។
ការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់បាន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល និងមានកិច្ចសហការរវាងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាល នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង ។
បើតាមលោកស្នងការខេត្ដកណ្ដាល ឈឿន សុចិត្ដ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រី នគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ខែង ។ ចំណែកឯ ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃនឹងគ្នា ។
សូមរម្លឹកថា មន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ប្អូនថ្លៃ នៅកោះឧកញ៉ាតី ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅម៉ោង១៨ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើតាមសាក្សី នៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្លោះគ្នាជាមួយប្រពន្ធខ្លួន មានឈ្មោះ គង់ សុខជា ពេលនោះ ជនសង្ស័យ បានយកអាវុធខ្លី មិនស្គាល់ម៉ាក មកភ្ជង់ប្រពន្ធខ្លួន ទើបជនរងគ្រោះចេញមកឃាត់ដោយនិយាយថា ចាំបាច់យកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី ? និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅលើជនរងគ្រោះ០១គ្រាប់ ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយធ្វើសកម្មភាពបាញ់ប្រហារហើយ ជនសង្ស័យបាន
យកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាង ជិះគេចខ្លួនបាត់ ដោយបន្សល់ទុក ស្រោមកាំភ្លើងខ្លី មួយ និងសំបកគ្រាប់ម៉ាក k59 ចំនួន០១គ្រាប់នៅកន្លែងកើតហេតុ ។
ក្រោយពីមានករណីនេះកើតឡើងភ្លាមៗលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងឆ្លងសាឡាង ទាំងយប់ចុះពិនិត្យកន្លែងកើតហេតុផ្ទាល់ ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ