ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កាត់ដេរ និង​ភាព​គ្រោះថ្នាក់​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

វា​ជា​ដំណឹង​ដ៏​ល្អ​ដែល​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មិន​មានការ​ឆ្លង​មេរោគ​កូ​វី​ដ ១៩​នៅ​ក្នុង​ចំណោម​កម្មករ​ឡើយ​។ វា​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​ដែល​ថា កម្ពុជា​ត្រូវ​ប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​ប្រមាណ​មួយ​លាន​នាក់​។ ហេតុការណ៍ អាក្រក់​ណាមួយ​កើត​ឡើង​​ទៅ​លើ​កម្មករ វា​នឹង​មិន​ត្រឹមតែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត​របស់​កម្មករ​ទេ…

វា​ជា​ដំណឹង​ដ៏​ល្អ​ដែល​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មិន​មានការ​ឆ្លង​មេរោគ​កូ​វី​ដ ១៩​នៅ​ក្នុង​ចំណោម​កម្មករ​ឡើយ​។

វា​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​ដែល​ថា កម្ពុជា​ត្រូវ​ប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​ប្រមាណ​មួយ​លាន​នាក់​។ ហេតុការណ៍ អាក្រក់​ណាមួយ​កើត​ឡើង​​ទៅ​លើ​កម្មករ វា​នឹង​មិន​ត្រឹមតែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត​របស់​កម្មករ​ទេ វា​ថែម​ទាំង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​ក៏​នឹង​ធ្វើ​អោយ​កម្ពុជា​ពិបាក​នឹង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​។

កន្លង​មក កម្ពុជា​បាន​បង្ហាញ​សញ្ញា​ល្អ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ជិត​១០​ថ្ងៃ​ចុង​ក្រោយ​នេះ​មិន​មាន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​ឡើយ ខណៈ​ដែល​មាន​ករណី​ជា​សះស្បើយ​បាន​មាន​ជា​បន្តបន្ទាប់​។ ក្នុង​ចំណោម ១២២ ករណី កម្ពុជា​បាន​ព្យា​បាល​​ជា​សះស្បើយ​ចំនួន ១១០​ករណី ដោយ​មាន​តែ ១២​ករណី​ទៀត​ប៉ុណ្ណោះ​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​ទាំង​នៅ​ក្រសួងសុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ពី​ភាព​ផុយ​ស្រួយ​នៃ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា ដោយ​តម្រូវ​អោយ​ប្រជាជន​ទាំងអស់​បន្ត​ការ​ប្រុង​ប្រយ័ត្ន​។

ហេតុការណ៍​នែ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​អគារ​ស្នាក់​នៅរបស់​​កម្ម​ករ​​បរទេស​ដែល​ធ្វើការ​នៅ​ប្រ​ទេ​សិង្ហ​បូ​រី បាន​បញ្ហា​ពី​សញ្ញា​ដ៏​គ្រោះថ្នាក់​មួយ ដែល​កម្មករ​កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន​។

ការ​ផ្ទុះ​ឡើង​នោះ​បាន​ធ្វើ​អោយ​ប្រទេស​សិង្ហ​បូ​រី បាន​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ខ្ពស់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​ដប់​នៅ​ក្នុង​អាស៊ាន ដោយ​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់​។

សេចក្តីរាយការណ៍​ព័ត៌មាន Channel News Asia បាន​និយាយ​ថា កំណើន​ដ៏​ខ្លាំង​នេះ បាន​បង្ខំ​អោយ​រដ្ឋាភិបាល​សិង្ហ​បូ​រី រឹត​បន្តឹង​កាន់តែ​ខ្លាំង​វិធានការ​ប្រឆាំង​កូ​វី​ដ​១៩ ដោយ រួម​មានការ​បិទ​កន្លែង​ការងារ​បន្ថែម​ទៀត ហាម​ប្រជាជន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ហាម​ហាត់ប្រាណ​ជា​ក្រុម​ជាដើម​។

សិង្ហ​បូ​រី​មាន​កំណើន​ខ្លាំង​នៃ​អ្នកជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​មាន​ករណី​ឆ្លង​នៅ​ក្នុង​អគារ​ស្នាក់ នៅ​របស់​កម្មករ​បរទេស​ដែល​ធ្វើការ​នៅ​ទីនោះ​។

ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​សិង្ហ​បូ​រី បាន​កើនឡើង​លើស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន ដោយ​ធ្វើ​ឱ្យ​ក្លាយទៅជា​ប្រទេស​ដែល​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ច្រើន​ជាងគេ​ក្នុង​អាស៊ាន​។

ដោយ​ពិនិត្យ​មើល​នឹង​ស្ថានភាព​នៃ​ការ​រស់នៅ និង​កន្លែងធ្វើការ​របស់​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​នោះ ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ណាមួយ​នៅ​ក្នុង​ចំណោម​ពួក​គេ វា​នឹង​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជា​ចង្កោម​ធំ និង​អាច​ឈាន​ដល់​ការ​ឆ្លង​ជា​សហគមន៍​។

ហេតុ​ដូច្នេះ វា​ជា​ការ​ចាំបាច់​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ចំណោម​កម្មករ។

រដ្ឋាភិបាល​កម្ពុជា មើលឃើញ​ពី​ភាព​ផុយ​ស្រួយ​នេះ បានជា​កន្លង​មក មានការ​ដាក់​កំហិត​ដល់​ការ​ធ្វើ​ដំណើរ​មុន​បុណ្យចូលឆ្នាំ ហើយ​បន្ត​មក​ទៀត​មានការ​ពិនិត្យ និង​ដាក់​នៅ​ដោយឡែក​ចំពោះ​កម្មករ​ដែល​វិល​ត្រឡប់​ពី​ស្រុក​កំណើត​មក​ធ្វើការ​ងារ​វិញ​។

ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រលប់​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០២០ មាន​កម្មករ​រោងចក្រ​សរុប ១២២១​នាក់ បាន​មក​ពិនិត្យ​សុខភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ក្រសួង​បាន​យក​សំណាក​ទៅ​ពិសោធន៍​បន្ត​សង្ស័យ​កូ​វី​ដ​១៩ មាន​ចំនួន ៧០ នាក់​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃ​ទី ២២ មេ​សា​នេះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​បងប្អូន​កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ហើយ ត្រឡប់ មក​ធ្វើការ​ងារ​វិញ មក​ដល់​ពេល​នេះ​មាន​ចំនួន ១២២១​នាក់​មក​ពិនិត្យ​សុខភាព នៅ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព ដែល​ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​ចំនួន ១១៤៦ នាក់​, ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ នៅ​វិទ្យាល័យ​ជម្ពូ​វ័ន ចំនួន​១៤​នាក់ និង​ដាក់​ឲ្យ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ នៅ​វិទ្យាល័យ​ជម្ពូ​វ័ន មាន​ចំនួន ៦១ នាក់ ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន ៥៨ នាក់ ក្នុង​នោះ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន​៤០​នាក់ និង​កម្រិត ២ ចំនួន​១៨​នាក់ ។

ដោយឡែក​លទ្ធផល​ថ្ងៃ​ទី ២២ មេ​សា គិត​ត្រឹម​ម៉ោង ១១ ព្រឹក មាន​កម្មករ​រោងចក្រ​មក ត្រួត​ពិនិត្យ​​សុខភាព​មាន​ចំនួន ៣១២ នាក់ ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ចំនួន​១៤ ថ្ងៃ​មាន​ចំនួន ៣១១ នាក់ ដាក់​ឲ្យ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន ០ នាក់ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត ២ ចំនួន ១ នាក់​។

ការងារ​ទប់ស្កាត់​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ក្នុង​ចំណោម​កម្មករ​កំពុង​តែ​បន្ត​ធ្វើ​យ៉ាង​សកម្ម​។

ចំណែក​កម្មករ​ទាំងអស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​បែប​យ៉ាង​ចំពោះ​សុខភាព​របស់​ខ្លួន ហើយ​ត្រូវ​លាងដៃ​អោយ​បាន​ញឹកញាប់ ពាក់​ម៉ាស​មុខ រក្ស​គម្លាត​ពី​គ្នា និង​ឆាប់​រាយ ការណ៍​តាម​ទូរស័ព្ទ ១១៥ បើសិនជា​មាន​រោគ​សញ្ញា​ដែល​នាំ​សង្ស័យ ដល់​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ដូច​ជា​ក្តៅខ្លួន ក្អក និង ពិបាក​ដកដង្ហើម​ជាដើម​។

កម្មករ​កម្ពុជា​ត្រូវ​ចៀស​អោយ​បាន​ពី​អ្វី​ដែល​កើត​មាន​ចំពោះ​កម្មករ​បរទេស​នៅ​ក្នុង​ប្រ​ទេ​សិង្ហ​បូ​រី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ