ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ COVID-19 កីឡាករ​គ្រប់​ផ្នែក​​ត្រូវការ​ពេលវេលា​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​កីឡាករ​មិន​ខុស​គ្នា សុទ្ធតែ​បាន​ប្រកាស​ថា COVID-19 កំពុង​ធ្វើ​ឱ្យ​កម្លាំង និង​សមត្ថភាព​របស់​ពួក​គេ​ថមថយ បើ​ទោះជា​កីឡាករ​ម្នាក់​ៗសុទ្ធ​តែ​បាន​អនុវត្ត​គោលការណ៍​ហ្វឹកហាត់​ក្នុងផ្ទះ ក្នុង​ដំណាក់​កាលដែល​មាន​បញ្ហា​COVID-19​នេះ​ក្ដី ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​កីឡាករ​មិន​ខុស​គ្នា សុទ្ធតែ​បាន​ប្រកាស​ថា COVID-19 កំពុង​ធ្វើ​ឱ្យ​កម្លាំង និង​សមត្ថភាព​របស់​ពួក​គេ​ថមថយ បើ​ទោះជា​កីឡាករ​ម្នាក់​ៗ
សុទ្ធ​តែ​បាន​អនុវត្ត​គោលការណ៍​ហ្វឹកហាត់​ក្នុងផ្ទះ ក្នុង​ដំណាក់​កាលដែល​មាន​បញ្ហា​COVID-19​នេះ​ក្ដី ។ កីឡាករ​មិន​ខុស​គ្នា សុទ្ធតែ​អះអាង​ថា បើ​ពួក​គេ​គ្មាន​រយៈពេល​៣​ខែ​ក្នុង​ការ​ហ្វឹកហាត់​ជាមួយនឹង​អ្នកជំនាញ​ទេ ពួក​គេ​មិន​អាច​ដូច​ដើម​នោះ​ឡើយ​។

ជាក់ស្ដែង​កីឡាករ​តេ​ក្វា​ន់​ដូ ITF បាន​លើកឡើង​ថា ដោយសារ​តែ​កីឡា​មួយ​នេះ ប្រសិនបើ​ពឹង​លើ​ការ​ហ្វឹកហាត់​ម្នាក់​ៗ​ដូច​ក្នុង​ដំណាក់កាលCOVID-19​បច្ចុប្បន្ន គឺ​ពិតជា​មិន​អាច​បង្កើន​សមត្ថភាព ឬ​រក្សា​លំនឹង​សមត្ថភាព​កើត​ទេ ខណៈ​ការ​លើក​ឡើង​បែប​នេះ អ្នក​ណា​ៗ ក៏​យល់​ស្រប​។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​រំសាយ និង​ប្រកាស​ផ្អាក​រាល់​សកម្មភាព​ហ្វឹកហាត់​ជា​ក្រុម​ចាប់តាំងពី​ផ្ទុះ​COVID-19 រហូត​ដល់​ជាង​៣០​ប្រភេទ​កីឡា ដោយ​តម្រូវ​ឱ្យ​កីឡា​ឬ សហព័ន្ធ​ទាំងនោះ ហ្វឹកហាត់​នៅផ្ទះ​រៀងខ្លួន ហើយ​តាមដាន​សកម្មភាព​កីឡាករ​ជា​ជំនួស​។

កីឡាករ​ដែល​ជា​ថ្នាល​ជម្រើសជាតិ​ទាំងអស់ នៅ​តែ​ត្រូវ​បាន​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​ផ្ដល់​ជា​ប្រាក់ខែ​លើ​ការ​ហ្វឹកហាត់ និង​ថ្លៃ​អាហារដោយ​មិន​មានការ​កាត់​នោះ​ផង ។ ប៉ុន្តែ​គ្រប់យ៉ាង​វា​មិន​ស្រួល​ដូច​ការ​មក​ហ្វឹកហាត់​ជុំ​គ្នា​នោះ​ទេ ទើប​កីឡាករ​ម្នាក់​ៗ លើក​ឡើង​ពី​បញ្ហា​ផ្សេង​ៗ​ដែល​នាំ​ឱ្យ​កីឡាករ​ភាគច្រើន​ត្រូវការ​ពេលវេលា​ដើម្បី​ហ្វឹកហាត់​ជុំ​គ្នា ។

កីឡាករ​តេ​ក្វា​ន់ដូ ITF បាន​លើក​ឡើង​ថា សម្រាប់​សហព័ន្ធ​មួយ​យ៉ាង​ហោច​ត្រូវការ​ពេលវេលា​ពី​២​ទៅ​៣​ខែ​ក្នុង​ការ​ស្តារ​កម្លាំង​និង​បច្ចេកទេស​កីឡាករ​ឡើង​វិញ ។ នេះ​ជា​ការ​យល់​ឃើញ​របស់​កីឡាករប៉ា​ល់ ជីវ័ន ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​តេ​ក្វា​ន់​ដូ​ITF ។ លោក​បន្ត​ថា តេ​ក្វា​ន់​ដូ​ITF​ជា​កីឡា​មួយ​ស្ថិត​ក្នុង​ចំណោម​កីឡា​ជាង​៣០​ប្រភេទ​ដែល​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្អាក​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដោយសារ​បារម្ភ​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19 ។ ការ​លើក​ឡើង​នេះ គឺ​ស្រប​នឹង​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រកាស​រំសាយ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាលដោយសារ​បារម្ភ​ពី​ការ​រីក រាលដាល​នៃ​ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ថ្មី ។

ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​តេ​ក្វា​ន់​ដូ ITF កីឡាករ​ប៉ា​ល់ ជីវ័ន ថា ការ​ហ្វឹកហាត់​ដោយ​ខ្លួនឯង​នៅផ្ទះ​របស់​កីឡាករ​ពុំ​មាន​ប្រសិទ្ធភាព​ដូច​ការ​ហ្វឹកហាត់​ជា​ក្រុម​ក្រោម​ការ​ត្រួតពិនិត្យ​និង​ណែនាំ​ពី​គ្រូបង្វឹក​នោះ​ទេ​។

ដ្បិត​រូបគេ​ជឿជាក់​ថា ការ​ហ្វឹកហាត់​នៅផ្ទះកីឡាករ​ទំនងជា​គ្មាន​ឆន្ទៈ​និង​ហ្វឹកហាត់​ដិត​ដល់​ដូច​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​នោះ​ទេ ។ ការ​លើក​ឡើង​របស់​លោក សូ​ម្បី​តែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ផ្សេង​ទៀត​ក៏​វាយតម្លៃ​ថា ការ​ហ្វឹកហាត់​ងាយ​ៗ​ដោយ​គ្មាន​ការ​ជំរុញ​ផ្ទាល់​ពីគ្រូបង្វឹក អាច​ធ្វើ​ឲ្យ​កីឡាករ​ធ្លាក់​ចុះ​ទាំង​កម្លាំងកាយ​និង​បច្ចេកទេស​ផង​ដែរ ។

ដកស្រង់​ការ​លើក​ឡើង​ជាមួយនឹង​សារព័ត៌មាន​ក្នុងស្រុក លោក​និយាយ​ថា សម្រាប់​កីឡា​តេ​ក្វា​ន់​ដូ​ITF បើ​និយាយ​ពី​គុណភាព​កម្រិត​ខ្ពស់​គឺ​ត្រូវការ​ពេលហ្វឹកហាត់​យ៉ាងតិច​ពី​២​ទៅ​៣​ខែ​ទើប​អាច​ស្តារ​កម្លាំងកាយ​និង​បច្ចេកទេស​ឡើង​វិញ​បាន ។ លោក​ថ្លែង​បែប​នេះ​ដោយសារ​កន្លង​មក​មុន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ម្តង​ៗកីឡាករ​ប្រភេទ​នេះ​ត្រូវការ​ហ្វឹកហាត់​ទាំង​ព្រឹក​ទាំង​ល្ងាច​រយៈពេល​ដូច​គ្នា​ទើប​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ចេញ​ទៅ​ប្រកួត​បាន ។

ទោះបី​យ៉ាងនេះ​ក្តី ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​តេ​ក្វា​ន់​ដូ​ITF​នៅ​ប្រទេស​ប៊ុល​ហ្គា​រី កាល​ពី​ឆ្នាំ​២០១៩​រូប​នេះ គាំទ្រ​ចំពោះ​ការ​អនុវត្ត​រាល់ថ្ងៃ​របស់​កីឡាករ ព្រោះ​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ក្នុង​ការ​រក្សា​កម្លាំងកាយ​និង​គុណ​ផល​របស់​កីឡាករ​កុំ​ឲ្យ​មានការ​ធ្លាក់​ចុះ​ខ្លាំង ។

គួរ​រំលឹក​ថា ក្រោយ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​COVID-19 ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​រួមចំណែក​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំ​ងឹ​រលាក​សួត​បង្ក​ឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ ។ ក្នុង​នោះ​ក្រសួង​សម្រេច​ផ្អាក​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ការ​ប្រកួត​ជើងឯក​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ និង​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​លើស​ពី​១០​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជាដើម ។ កាលពី​ពេល​ថ្មី​ៗ ក្រសួង​សម្រេច​ឲ្យ​ផ្អាក​ដំណើរការ​ក្លិប​ហាត់ប្រាណ​និង​ការ​លេង​កីឡា​និង​ហាត់ប្រាណ​លក្ខណៈ​ជួបជុំ​នៅ​តាម​ទីលាន​ឯកជន និង​សាធារណៈ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ