ខេត្តព្រះវិហារ ៖ បន្ទាប់ពីចំនួនសត្វត្រយ៉ង ដែលជាប្រភេទសត្វកម្របានបង្ហាញខ្លួនកាន់តែច្រើនឡើងនៅក្នុងតំបន់ទំនប់បង្ហៀរទឹកអូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយនៅពេលនេះអាជ្ញាធរឃុំស្រឯម បានដាក់ចេញផែនការ និងផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមការពារ និងអភិរក្សសត្វស្លាបដ៏កម្រនេះ រស់នៅគង់វង្សយូរអង្វែង ។
លោក ប្រាក់ ភី មេឃុំស្រឯម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានប្រាប់ឲ្យដឹងថា ប្រភេទសត្វស្លាបដ៏កម្រដែលអ្នកខ្លះពុំដែលបានស្គាល់នោះ គឺប្រភេទសត្វត្រយ៉ង ដែលកំពុងប្រឈមនឹងការផុតពូជពីភពផែនដីនេះ ឃើញថា បច្ចុប្បន្ននេះ សត្វស្លាបដ៏កម្រនេះបានបង្ហាញខ្លួននៅក្នុងទឹកដីឃុំស្រឯម ស្ថិតក្នុងតំបន់ទំនប់ទឹកអូរស្វាយ ភូមិធម្មជាតិសម្តេចតេជោ ជាច្រើនរយក្បាល ។
លោកថា តាមការសង្កេតឃើញសត្វទាំងអស់នេះ កំពុងបង្ហាញខ្លួនជាប្រចាំថ្ងៃតែម្តង ឲ្យចំនួនសត្វនេះ ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ដូច្នេះហើយដើម្បីធ្វើការការពារ និងអភិរក្សសត្វស្លាបដ៏កម្រនេះឲ្យបានស្ថិតស្ថេរគង់វង្ស អាជ្ញាធរក៏មានវិធានការ ដោយដាក់ឲ្យមានអ្នកប្រចាំការនៅទីនោះផ្ទាល់តែម្តង ចំនួន១៣នាក់។ ក្រៅពីនេះអាជ្ញាធរបានចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅទីនោះ ធ្វើយ៉ាងណាហាមកាប់ព្រៃឈើ បរបាញ់ ដាក់ថ្នាំបំពុល នេសាទនៅក្នុងតំបន់ដែលសត្វនេះកំពុងរស់នៅ ឬលែងគោក្របីជាដើម កុំឲ្យផ្អើលហ្វូងសត្វទាំងអស់នេះ ក្នុងគោលបំណងដើម្បីឲ្យសត្វដ៏កម្រនេះមានជម្រករស់នៅទីនេះបានយូរអង្វែង និងជាប្រយោជន៍ដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅទីនោះបានច្រើនថែមទៀត ។
ជាមួយគ្នានេះ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានចាត់ទុកថា ការបង្ហាញវត្តមានរបស់សត្វស្លាបដ៏កម្រប្រភេទនេះ ជាការទាក់ទាញដ៏សំខាន់បំផុតដល់ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិចូលមកទស្សនាកម្សាន្តនៅទីនោះ ។
បច្ចុប្បន្ននេះ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត ក៏បានចុះពិនិត្យមើលទីតាំងសត្វដ៏កម្រនេះរួចរាល់ហើយដែរ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយបន្ថែម ពីសក្តានុពលទេសចរណ៍នៅទីនេះ ទៅដល់ភ្ញៀវទេសចរឲ្យបានជ្រាប ។
គួររំលឹកថា វត្តមានសត្វត្រយ៉ងនេះ បានបង្ហាញខ្លួននៅក្នុងតំបន់ទំនប់បង្ហៀរទឹកនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ រហូតមកដល់បច្ចុប្បន្នចំនួនសត្វនេះ មានការកើនឡើងរហូតដល់ជាង៤០០ក្បាលហើយ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ