ខេត្តមណ្ឌលគិរី ៖ អូរព្រំដែនកម្ពុជា-វៀតណាម មួយកន្លែងកំពុងក្លាយជាទីកម្សាន្តថ្មីស្រឡាង សម្រាប់អ្នកខេត្តមណ្ឌលគិរី ក្រោយផ្លូវក្រវ៉ាត់ព្រំដែនបានសាងសង់ទៅដល់ចំណុចនោះ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទៅទស្សនាកម្សាន្តបែបគ្រួសារ។
លោក ចាន់ បុត្រ អ្នករស់នៅស្រុកកែវសីមា បានឲ្យដឹងថា មានអ្នកភូមិជាច្រើនបានប្រើមធ្យោបាយរថយន្ត និងម៉ូតូ ភ្ជាប់ទៅដោយម្ហូបអាហារ ភេសជ្ជៈ កៅស៊ូតង់ ឬកន្ទេល អាវពោងហែលទឹក ជាដើម ធ្វើដំណើរទៅកម្សាន្ត នៅចំណុចអូរហ៊ុច ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកែវសីមា ឬតំបន់ដែនជម្រកសត្វព្រៃកែវសីមា ហើយក៏ស្ថិតក្នុងតំបន់ការពារព្រំដែនរបស់វរសេនាតូចនគរបាលការពារព្រំដែនគោក៦២១ និងវរៈការពារព្រំដែនលេខ២ ។
បើយើងធ្វើដំណើរពីផ្សារកែវសីមា លើកំណាត់ផ្លូវក្រាកៅស៊ូចម្ងាយជាងម្ភៃគីឡូម៉ែត្រ ឆ្ពោះទៅច្រកទ្វាទ្វេភាគីឡាប៉ាខេ រួចបត់ឆ្វេងឡើងលើផ្លូវក្រាលគ្រួសក្រហម ដែលស្ថាបនាដោយកងវិស្វកម្មក្រសួងកាពារជាតិ ចម្ងាយជិត២០គីឡូម៉ែត្រទៀតនោះ និងដល់ចំណុចអូរហ៊ុច នោះហើយ។
ទេសភាពតាមផ្លូវ មានរុក្ខជាតិតូចធំ ដុះលើកំពូលភ្នំ យ៉ាងខៀវ ស្រងាត់មើលស្ទើរដាច់កន្ទុយភ្នែក។ ធ្វើដំណើរលើស្ថានភាពផ្លូវ បត់បែន ឡើងចុះឡើងស្រៀវឆ្អឹងខ្នង ទម្រាំទៅដល់គោលដៅ។ លើផ្លូវវិស្វកម្ម ក៏សម្បូរទៅដោយដើមសំរ៉ង ជ្រុះផ្លែស្អេកស្កះ តត្រូវអ្នកភូមិរើសយកមកផ្ទះធ្វើបង្អែម។ ផ្លូវនេះសម្បូរភ្នំជាច្រើនដោយគេប្រើគ្រឿងចក្រ ពុះជាពីរ ឬមួយចំហៀង មើលទៅដូចជាផ្ទាំងគំនូរអ៊ីចឹង។
នៅពេលគេទៅដល់ចំណុចលេងកម្សាន្តនោះ គេសង្កេតឃើញមានរោងទាហានកងវិស្វកម្មចំនួនពីរខ្នងដែលពួកគាត់ស្នាក់នៅ ហើយអ្នកដំណើរអាចទុកមធ្យោបាយខាងនៅទីនេះ រួចដើរចុះទៅខាងក្រោយប្រហែល៣០ម៉ែត្រ លើកម្ទេចថ្ម មានសណ្ឋានដូចអាចម៍ផ្កាយ ទើបអាចហែលទឹកលេងបាន។
នៅប្របមាត់អូរមានរុក្ខជាតិតូចធំផ្សេងៗជាពិសេសដើមឬស្សីដុះត្រៀមត្រា ហើយបើគេឆ្លងផុតទឹកអូរ គឺចូលដល់ទឹកដីប្រទេសវៀតណាមតែម្តង។ នៅតាមមាត់អូរមានឆ្នេរថ្មតូចល្មម ដែលអាចក្រាលកន្ទេល បោះតង់ អង្គុយហូបអាហារ រួមទាំងការមុជទឹកនិងជិះក្បូនឬស្សីដែលទាហានវិស្វកម្ម បានធ្វើចំនួនពីរទុកឲ្យលេងយ៉ាងសប្បាយរីករាយ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមានប្រសាសន៍ថា សក្តានុពលផ្នែកទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីនេះ មានច្រើន ហើយក្រៅពីក្រុងសែនមនោរម្យ ស្រុកពេជ្រាដា ឬស្រុកអូរាំង សុទ្ធតែមានសក្តានុពលទេសចរណ៍ទាំងអស់។ ប៉ុន្តែកន្លងមកតំបន់មួយចំនួន ពុំទាន់បានតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធ( ផ្លូវ ស្ពាន )។
ជាក់ស្តែងដូចនៅស្រុកកែវសីមា នៅរដូវចូលឆ្នាំ ឃើញមានប្រជាជនទៅលេងជាលក្ខណៈគ្រួសារ មិនមែនទៅជាលក្ខណៈប្រមូលផ្តុំឡើយ គឺទៅលេងទឹកនៅអូរព្រំដែន ដែលរាជរដ្ឋាភិបាលកំពុងស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន ឬអាចហៅបានថា ផ្លូវប្រវត្តិសាស្ត្រ ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ។ លោកអភិបាលខេត្តបន្តថា នៅពេលធ្វើផ្លូវក្រវ៉ាត់ព្រំដែននោះទៅ ផ្លូវស្អាត ក៏ធ្វើឲ្យប្រជាពលរដ្ឋជិះឡានម៉ូតូតាមនេះដែរ ហើយក៏មានកន្លែងកម្សាន្តប្លែកៗ ដែលមិនទាន់មានការអភិវឌ្ឍន៏ផងនោះ ធ្វើឱ្យពលរដ្ឋទៅលេងសប្បាយផងដែរ។
មិនត្រឹមតែប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះ ទៅលេងទឹកនោះទេ សូម្បីប្រជាកសិករដែលបានដាំដុះដំណាំកសិឧស្សាហកម្មនានា ក៏អាចប្រើផ្លូវមួយខ្សែនេះ ដឹកកសិផលរបស់ពួកគាត់យកទៅលក់នៅទីផ្សារបានយ៉ាងងាយស្រួល។
លោក ស្វាយ សំអ៊ាង ក៏បានផ្តាំផ្ញើរថា សូមមន្ត្រីរាជការ និងប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលលើការប្រើប្រាស់ផ្លូវខ្សែក្រវ៉ាត់ព្រំដែន ហើយយើងត្រូវចូលរួមថែរក្សាផ្លូវមួយខ្សែនេះ ទុកជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយទាំងអស់គ្នា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ