ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​៦​នាក់​​ឃុំ​បណ្ដោះអាសន្ន ឯ​នៅ​សេស​​​សល់​​កំពុង​ដឹក​​ជម្លៀស​​​ចេញពីភូមិ​?

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ មេ​សា មន្ត្រី​នគរបាល​ស្រុក​បាណ​ន់​បាន​ឃាត់ខ្លួន​ជន​ដៃដល់​តែ​៦​នាក់​​ប៉ុណ្ណោះ​ដែល​សុទ្ធ​ជាអ្នក​រស់នៅ​ឃុំ​ភ្នំ​សំពៅ ​។ ប៉ុន្តែ​នៅមិនឃើញ​មុខ​ជន​ដៃដល់​ប៉ុន្មាន​នាក់​ទៀត ដែល​រស់​នៅ​ឃុំ​ស្នឹង​ដែល​សាក្សី​បាន​ចង្អុលបង្ហាញ​ភ្លាម​ៗនៅ​កន្លែង​កើតហេតុនៅ​ភូមិ​សំរោងនោះ​ទេ​ ។ ​ហើយបើតាម​ប្រភព​ចុងក្រោយ…

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ មេ​សា មន្ត្រី​នគរបាល​ស្រុក​បាណ​ន់​បាន​ឃាត់ខ្លួន​ជន​ដៃដល់​តែ​៦​នាក់​​ប៉ុណ្ណោះ​ដែល​សុទ្ធ​ជាអ្នក​រស់នៅ​ឃុំ​ភ្នំ​សំពៅ ​។ ប៉ុន្តែ​នៅមិនឃើញ​មុខ​ជន​ដៃដល់​ប៉ុន្មាន​នាក់​ទៀត ដែល​រស់​នៅ​ឃុំ​ស្នឹង​ដែល​សាក្សី​បាន​ចង្អុលបង្ហាញ​ភ្លាម​ៗនៅ​កន្លែង​កើតហេតុនៅ​ភូមិ​សំរោងនោះ​ទេ​ ។ ​ហើយបើតាម​ប្រភព​ចុងក្រោយ នាថ្ងៃទី២០ មេសា ​នេះ​ត្រូវគេរាយការណ៍មកថា ក្រុមជន​ដៃដល់​ដែល​សេស​សល់ទាំង​នោះ គឺមាន​​​រថយន្តមួយគ្រឿង​បានមក​ដឹក​​ជម្លៀសពួកគេ​ចេញពីភូមិឋាន​ហើយ ហើយ​ក៏​គេមិន​ទាន់​ដឹង​ថា ការ​ដឹកជម្លៀសពួកគេ​ចេញ​ នាំយកទៅ​កាន់ទីកន្លែង​ណាបន្តទៀតដែរ ។

គួរបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកា​បង្គាប់ឱ្យ​សមត្ថកិច្ចបញ្ជូន​ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​​៦​នាក់​​ដែល​ដេញ​កាប់​គ្នា​ផ្អើល​តាម​ដងផ្លូវ​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៨ មេ​សា ក្រោយ​ពី​តំណាង​អយ្យការ​ចោទ​ប្រកាន់​​ពី​បទ​ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​ ។ នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ផ្ដល់​ព័​ត៌មាន ក្រោយ​បញ្ជូន​ក្រុម​នេះ​ចូល​ដល់​ទ្វារ​ខ្មៅ​ ។

​ជន​ទំនើង​ទាំង​​៦​នាក់​​ ១-ឈ្មោះ​យ៉េន យី​ន អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​ព្រឿ​ង សាវ៉ា​ន អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ​រដ្ឋ ដា​រិ​ទ្ធ អាយុ​១៥​ឆ្នាំ បី​នាក់​នេះ​រស់នៅ​ភូមិ​ក្រពើ​ត្បូង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ៤-ឈ្មោះ​ម៉ៅ សា​មិន អាយុ​១៧​ឆ្នាំ ៥-ឈ្មោះ​អន រ៉ា​ន់ អាយុ​១៦​ឆ្នាំ និង៦-ឈ្មោះ​យឿ​ន សុខ​លី​ន អាយុ​២៣​ឆ្នាំ បី​នាក់​នេះ​រស់នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។ រីឯ​ក្មេង​ទំនើង​ចំនួន​៣​នាក់​ទៀត ​ជាជន​រង​គ្រោះ​ដោយសារ​ផ្លែកាំបិត និង​ផ្លែដាវ ១-ឈ្មោះ​ប៉ិច ធា​រា អាយុ​១៦​ឆ្នាំ ​២-ឈ្មោះ​ណ​ង សុ​ថៃ​លិ​ក អាយុ​២០​ឆ្នាំ ​និង​៣-​ឈ្មោះ​វ៉ា​ន់ សុធី អាយុ​២៧​ឆ្នាំ របួសធ្ងន់ ពួក​គេ​រស់នៅ​ក្រុង​បាត់ដំបង ។

ពាក់ព័ន្ធ​​​សង្គ្រាម​បង្ហូរឈាម​យ៉ាង​កក្រើក​​រវាង​ក្មេង​ទំនើង​ទាំង​ពីរ​ក្រុម​នេះ មន្ត្រី​ជំនាញ​មួយ​ចំនួន​បាន​ព្យា​យាម​លាក់លៀមមិន​ហ៊ាន​បំភ្លឺ​ទេ នៅ​ពេល​សាកសួរ​អំពី​ព័​ត៌​មាន​ ​។ សូ​ម្បី​​​ពេលវេលា ទីតាំង​កើត​ហេតុ ចំនួន​ជន​បង្ក​នៃ​ភាគី​ម្ខាង​ៗ​ ក៏​គេ​ហើបមាត់​ដែរ ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ថា«​ទំនង​អាច​មាន​ភាព​មិន​ប្រក្រតី​ខ្លះ​ៗនៅ​ពីក្រោយ​ឆាកប្រយុទ្ធ​គ្នា​ រវាង​ពួកក្មេង​អន្ធពាល​ទាំង​២​ក្រុម​នេះ​»​។ ប៉ុន្តែ​កំណត់​ហេតុនេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​«​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​»ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​១៥ ​និង​១៦ ​មេ​សា​ ។ យោង​លើ​របាយ​ការ​ណ៍​អំពើ​ហិ​ង្សា​មាន​ច​រិ​ក​យ៉ាង​សា​ហាវ​​ឃោរ​ឃៅ ​ដែល​បង្ក​ឡើងដោយ​ពួកក្មេង​ទំនើង​២​ក្រុម​នេះ​បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​ផ្ទូ​ន​ៗ​​​២​លើក​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ​។

របាយ​ការ​ណ៍ដដែល​បាន​បញ្ជាក់​ថា លើក​ដំបូង​ក្រុម​នេះ​​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​កាប់​គ្នា ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៥​ និង​៥៨​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ មេ​សា (​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​) នៅ​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ នាំ​ឲ្យ​ភាគី​ម្ខាង​មាន​គ្នា​៣​នាក់​រ ង​បួស​ដោយសារ​ច្បាំង​ចាញ់​ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​បំរុង​ទៅ​ផ្ទះ ​។ ប៉ុន្តែ​ត្រូវ​បាន​ភាគី​ដែល​ឈ្នះ​​មាន​គ្នា​ច្រើន នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​ នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ស្នឹង​ដដែល ​។ ​ក្រុម​ដៃដល់​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​ខូចខាត​អស់​១​គ្រឿង ។ តែ​មុន​ពេល​ប៉ះ​គ្នា​លើក​ទី​២​នេះ មន្ត្រី​នគរបាល​មូលដ្ឋាន ក៏​​ឃាត់ខ្លួន​បក្សពួក​ជន​ដៃដល់​បាន​ម្នាក់​ដែរ ឈ្មោះ​យឿ​ន សុខ​លី អាយុ​២៣​ឆ្នាំ​ ។ យ៉ាងនេះ​ក្ដី របាយ​ការ​ណ៍នេះ​ហាក់​មិន​បាន​និយាយ​ពី​មូលហេតុ ដែល​នាំ​ឱ្យ​មាន​អំពើ​ហិ​ង្សា​នេះ​ឡើង ឬវត្ថុ​តាង​ដែល​ដកហូត ឬចំនួន​ជន​បង្កនៃ​ភាគី​នីមួយ​ៗ​នោះ​ទេ ​។

ប៉ុន្តែ​​ប្រភព​ខ្លះ ​បាន​ផ្ដល់​ចម្លើយ​ហាក់​ផ្ទុយ​គ្នា​ត្រង់​ចំណុច​ទៅ​នឹង​របាយ​ការ​ណ៍​សមត្ថកិច្ច​ខាងលើ​​ ដែល​បាន​ពិ​ព​ណ៌នា​អំពី​សកម្មភាព​​ឆាកប្រយុទ្ធ​គ្នា​​រវាង​ពួកក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ​ ។ សាក្សី​ខ្លះ​​​និយាយ​ថា ពេល​ដែល​ភាគី​ទាំង​២បញ្ចប់​ការ​ស្ទាក់​កាប់​គ្នា​លើក​ដំបូង​ នៅ​ភូមិ​បឹង​ចែង គេ​ឃើញ​ក្រុម​ជន​ដៃដល់​ដែល​មាន​គ្នា​ច្រើន ម្នាក់​ៗ​ កាន់​ដាវ កាន់​កាំបិត​ផ្គាក់ និង​ខ្លះ​កាន់​ចំពាមកៅស៊ូ​ផង បាន​ជិះ​ម៉ូតូ​ទាំង​ហ្វូង​ដេញ​តាម​ភាគី​ដែល​ចាញ់ តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ កាត់មុខ​ប៉ុ​ស្ដិ៍នគរបាល​ស្នឹង ឆ្ពោះទៅ​ទិស​ខាងជើង​ទាំង​ព្រលឹង​ចុង​សក់ ​។ប្រភព​ដដែល​​​ថា ពេល​កំពុង​ជិះ​ដេញ​គ្នា​យ៉ាង​ប្រកិត​ៗ គេ​ឃើញ​ក្រុម​ដៃដល់​បាន​ព្យាយាម​លើក​កាំបិត ឬ​ដាវកាប់​ទៅ​លើ​ជន​រង​គ្រោះ ម្ដង​ត្រូវ​ម្ដង​ខុស និងខ្លះ​បាន​បាញ់​ក្រុម​ជន​រង​គ្រោះ​នឹង​ចំពាមកៅស៊ូ រហូត​ដល់​ចំណុច​ភូមិ​សំរោង ទើប​ក្រុម​ដៃដល់​តាម​ទាន់ រួច​ចុះ​ដេញ​កាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់​យ៉ាង​ឃោ​រឃៅផ្អើល​មនុស្ស​ពេញ​ភូមិ​ ។ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់​រត់​ចោល​ម៉ូតូចូល​ទៅ​ក្នុងភូមិស្រែក​ឲ្យ​គេ​ជួយ ដែល​ជន​ដៃដល់​ម្នាក់​ដេញ​តាម​កាប់​យ៉ាង​ប្រកិត​ពីក្រោយ ខណៈ​ជន​មួយ​ក្រុម​ទៀត ព្រូត​កាប់​ចិញ្ច្រាំ​ម៉ូតូ​ជន​រង​គ្រោះ​ឡើង​ខ្ទេច​វ៉​ល់​។

ប៉ុន្តែ​ប្រហែល​១០​នាទី​ប៉ុណ្ណោះ គេ​ឃើញ​មន្ត្រី​នគរបាល​ម្នាក់ និងប្រជា​ការពារ​៣​នាក់​ ក៏​បាន​មក​ដល់​ដែរ ខណៈ​​​ឃើញ​ជន​ដៃដល់​៣​នាក់​កាន់​ដាវ​ស​ស្ញា​ចម្នាក់​មួយ​ដើម​ៗ ដើរ​ចូល​ទៅ​កាន់​ផ្ទះ​ក្បែរ​នោះ រួច​ពួក​គេ​បោះ​ដាវ​ចោល​ក្នុង​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​យ៉ាង​ស្ងាត់ស្ងៀម​បំផុត​ ។ ប៉ុន្តែ​​ក្រោយមក គេ​ក៏​បាន​ប្រទះ​ឃើញ​បក្ស​ជន​ដៃដល់​មួយ​ហ្វូង​ទៀត បាន​ជិះ​ម៉ូតូ​រត់​ពី​សមត្ថកិច្ចទៅ​ឈប់​នៅ​វាល​បឹង​ត្រាវ (​ព្រំប្រទល់​ឃុំ​ស្នឹង និងឃុំ​ភ្នំ​សំពៅ​) ហើយ​ពួក​គេ​បាន​ប្ដូរ​អាវ​គ្នា​ពាក់ ប្ដូរ​ម៉ូតូ​គ្នា​ជិះ ដែល​ទំនង​ចង់​បំភាន់ភ្នែក​មហាជន​ ឬ​សមត្ថកិច្ច រួច​ជិះ​ទៅ​បាត់​អស់​ភ្លាម​ៗ​ដែរ​។

អ្នក​ភូមិ​បាន​ព្យាយាម​ផ្ដល់​ដំណឹង​នេះ​ភ្លាម​ៗ ទៅ​កាន់​លោក​នគរបាល​ម្នាក់ ដែល​កំពុង​ឈរ​មើល​ម៉ូតូ​ជន​រង​គ្រោះ ដើម្បី​ឲ្យ​ចាត់វិធានការ​ក្រុម​ជន​ដៃដល់ និងទៅ​យក​វត្ថុ​តាង តែ​មិន​ត្រូវ​បាន​លោក​នគរបាល​ម្នាក់​នោះ​អើពើ​ឡើយ​ ។ សាក្សី​ខ្លះ​បាន​ស្គាល់​ទាំង​អត្តសញ្ញាណ​ និង​ទីកន្លែង​រស់នៅ​របស់​ជន​ដៃដល់​ប៉ុន្មាន​នាក់​នោះ ហើយ​ថែម​ទាំង​បាន​បង្ហើប​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ តែ​នៅ​តែ​គ្មាន​បានការ​ដដែល ព្រោះ​សមត្ថកិច្ច​ហាក់​ធ្វើ​មិនដឹង មិន​ឮ​ចំពោះ​ការ​ផ្ដល់​ព័​ត៏​មាន​នេះ​។

​បើ​តាម​អ្នក​ភូមិបាន​និយាយ​ថា ក្រោយ​កើតហេតុ​មួយ​ថ្ងៃ សមត្ថកិច្ច​បាន​ចុះ​ព្រោងព្រាត​ទៅ​សួរនាំ​អ្នក​ភូមិ​ក្បែរ​ៗ​នោះ និងបានដឹង​យ៉ាង​ច្បាស់​ពី​តម្រុយនៃ​មុខសញ្ញា​ជន​ដៃដល់​ទាំងនោះ តែ​សមត្ថកិច្ច​ហាក់​ព្យាយាម​គេច​វែ​ស ​មិន​ព្រម​ចាត់វិធានការ​លើ​ក្រុម​ជន​ដៃដល់​ទាំងនោះ​ឡើយ បើ​ទោះជា​គេ​​ឃើញ​មន្ត្រី​ខ្លះ​ជិះ​ម៉ូតូ​ឆ្វែល​ចុះឡើង ស្ទើរ​សឹក​ថ្នល់​កាត់មុខ​ផ្ទះ​ជនសង្ស័យ​ក្ដី​ ។ ប្រភព​ខ្លះ​​ខ្សិ​ប​ប្រាប់​ថា ប៉ុន្មាន​ថ្ងៃនេះ (​ក្រោយ​ពី​កើត​ហេតុ​) គេ​ឃើញ​សាច់ញាតិ​ជន​ដៃដល់​មួយ​ចំនួន​ ហាក់​ខ្វែងដៃខ្វែងជើង​សម្បើម​ណាស់ តាម​រយៈ​មន្ត្រី​ខិល​ខូច​មួយ​ចំនួន ដើម្បី​សុំ​ជួប​លោក​ធំ​នេះ លោក​ធំ​នោះ ដែល​គេ​សង្ស័យ​ថា សកម្មភាព​នេះ​ទំនង​ចង់​សុំ​អន្តរា​គម​ន៏​ជួយ​ដោះស្រាយ​ចំពោះ «​ជន​ដៃដល់​ដែល​មិន​ទាន់​ចាប់ខ្លួន​»​។ ​សកម្មភាព​មិន​ប្រក្រតី​នេះ គេ​សង្កេត​ឃើញ​តាំងពី​ថ្ងៃ​ដំបូង​ម្ល៉េះ ហើយ​គេ​កំពុង​សង្ស័យ«​អាច​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន ជា​អ្នក​ផ្ដល់​យោបល់​ឲ្យ​ជន​ដៃដល់​នៅ​ឃុំ​ស្នឹង សម្ងំ​លាក់ខ្លួន​សិន រួច​ចាំ​រត់ការ​ដោះស្រាយ​តាម​ក្រោយ​»​។ ប៉ុន្តែ​យ៉ាងណា នេះ​គ្រាន់ តែ​ជា​កា​រម​ន្ទិ​ល​របស់​ពលរដ្ឋ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្រុម​ក្មេង​ទំនើង​ច្បាំង​គ្នា​ កក្រើក​ស្រុក​បាណ​ន់​នេះ លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​មាន​ប្រសា​ស​ន៍បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ជាក់ស្ដែង​ពេល​នេះ សមត្ថកិច្ច​ពិតជា​បាន​ឃាត់​ខ្លួន​ក្រុម​ជន​ដៃដល់​បាន​ត្រិ​ម​តែ​ចំនួន​៦​នាក់​មែន​»​។ ប៉ុន្តែ​លោកស្នងការ​រង​រូប​នេះ បាន​ប្រាប់​ថា មន្ត្រី​ការិ​យាល័យ​ជំនាញ បាន​កសាង​សំណុំរឿង​នេះ​យ៉ាង​ល្អិតល្អន់ បញ្ជូន​ទៅ​តុលាការ​ហើយ ​រីឯ​ជន​ទាំង​៦​នាក់​នោះ​ ក៏​ត្រូវ​តុលាការ​ឃុំខ្លួន​ហើយ​ដែរ​ ។ ដោយឡែក​ បក្សពួក​ក្រុម​ដៃដល់​មួយ​ចំនួនដែល​កំពុង​រត់គេច​ខ្លួនអាច​នឹង​ត្រូវ​តុលាការ​ចាត់ការ​តាម​នីតិវិធី​បន្តបន្ទាប់​ទៀត ​នៅ​ពេល​ខាង​មុខ​នេះ ព្រោះ​មុខសញ្ញា​មួយ​ខ្លះ​ យើង​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​ដែរ​ ។

អត្ថបទសរសេរ ដោយ