ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹម​កូ​វី​ដ​១៩​វាយប្រហារ​រមណីយ​ដ្ឋាន​​នានា សូ​ម្បី​ស្វា​ក៏​អុកឡុក​ភ្នំ​ប្រុស​ដែរ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​តាម​ទី​វត្ត​អារាម រួម​នឹង​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្តកំពង់ចាម មាន​សភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លង​ទៅ​ថ្មី​ៗ​។ កត្តា​ទាំងនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ បើ​តាម​អ្នក​លក់ដូរ​ម្នាក់​ឈ្មោះ សេង…

ខេត្តកំពង់ចាម ៖ នៅ​តាម​ទី​វត្ត​អារាម រួម​នឹង​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្តកំពង់ចាម មាន​សភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លង​ទៅ​ថ្មី​ៗ​។ កត្តា​ទាំងនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

បើ​តាម​អ្នក​លក់ដូរ​ម្នាក់​ឈ្មោះ សេង ហៀ​ប ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ​ថា ក្រោយ​ពី​បាន​វិល​ត្រឡប់​មក​ពី​ធ្វើ​ចម្ការ​នៅ​ខេត្តព្រះវិហារ​វិញ គាត់​បាន​រៀបចំ​តំឡើង​តូប​លក់ដូរ​នៅ​លើ​រមណីយដ្ឋាន​ភ្នំ​ប្រុស ស្ថិត​ក្នុងស្រុក​កំពង់សៀម ទើបតែ​បាន​ប៉ុន្មាន​ខែ​នេះ​ទេ​។ ហើយ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​៣​ថ្ងៃនេះ គាត់​លក់​មិន​ដាច់​នោះ​ទេ ដោយសារ​តែ​មិន​មាន​មនុស្ស​ឡើង​មក​លេង​លើ​កំពូលភ្នំ​។

អ្នក​លក់ដូរ​ខាងលើ​រៀបរាប់​បន្ត​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លក់​មិន​ដាច់ គឺ​ដោយសារ​តែ​ប្រជាពល​រដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទើប​ម្នាក់​ៗ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​។ ហើយ​មុន​នឹង​ជំងឺ​នេះ​ផ្ទុះ​ឡើងជា​មធ្យម​ក្នុង​មួយ​ថ្ងៃ គាត់​អាច​លក់ដូរ​បាន​ជាង​១០​ម៉ឺន​រៀល លុះ​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ពី​ជំងឺ​នេះ ធ្វើ​ឱ្យប្រាក់​ចំណូល​របស់​គាត់​មានការ​ធ្លាក់​ចុះ​ជា​ច្រើន​។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ទើបតែ​ឃើញ​មាន​ម៉ូតូ និង​រថយន្ត​ភ្ញៀវ​ជាតិ​នាំ​គ្នា​បើក​ឡើង​មក​លេង​នៅ​លើ​ភ្នំ តែ​ចំនួន​នៅ​មាន​កម្រិត​តិច​នៅឡើយ សូ​ម្បី​តែ​រូប​គាត់​ផ្ទាល់​ក៏​មានការ​ព្រួយបារម្ភ ត្រូវ​ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ​ផង​ដែរ​។

បើ​តាម​ព្រះ​តេជគុណ ធី​ម គ​ន្ធា ព្រះ​ជន្ម​៣៥​ព្រះ​វស្សា ជា​គ្រូសូត្រស្ដាំ​គង់នៅ​លើ​វត្ត​ភ្នំ​ប្រុស មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា ព្រះ​មេគុណ​ខេត្ត រួម​នឹង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ចេញ​លិខិត​ណែនាំ​ដល់​ព្រះ​ចៅអធិការ​គ្រប់​វត្ត​នៅ​ក្នុង​ខេត្តកំពង់ចាម ។ ក្នុង​នោះ​រៀងរាល់ថ្ងៃ​សីល ពេល​ដែល​ថ្វាយបង្គំ​ព្រះ​មិន​ឲ្យ​មានការ​ជួបជុំ​គ្នា​នោះ​ទេ ដោយ​លោកតា​លោកយាយ​ត្រូវ​ថ្វាយបង្គំ​ព្រះ​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មានការ​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

ជាក់ស្ដែង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​៣​ថ្ងៃ​កន្លង​ទៅ​នៅ​វត្ត​ភ្នំ​ប្រុស មាន​សភាព​ស្ងប់ ស្ងាត់ ដោយសារ​តែ​ម្នាក់​ៗ​ខ្លាច​ជំងឺ​ខាងលើ ជាមួយ​នោះ​ស្វា​នៅ​លើ​ភ្នំ​មាន​កាន់តែ​ច្រើន​ហើយ​តែងតែ​រំខាន​ដល់​ព្រះសង្ឃ​ដូច​ជា​ការ​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម ដូច​ជា​អំ​ពូ​ល​ភ្លើង​ត្រូវ​បាន​ស្វា​ឡើង​កាច់​បំបាក់ បណ្ដាល​ឱ្យ​ឆ្លងភ្លើង ហើយ​ក្បឿង​ក៏​ត្រូវ​ស្វា​កាច់​បំបាក់​បោះចោល​ក៏​មាន​។

ជួន​មាន​ពេល​ខ្លះ​ទៀត ស្វា​ក៏​ខាំ​ភ្ញៀវ​ដែល​មក​លេង ដោយ​ឃើញ​បញ្ហា​បែប​នេះ​ប្រអប់​គ្រោង​នឹង​ស្នើ​សុំ​មក​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដើម្បី​នាំ​យក​ស្វា​ទៅ​ព្រ​លែង​នៅ​កន្លែង​ដែល​សម្បូរ​ព្រៃ​។ ព្រះ​អង្គ​ក៏​បាន​រំលឹក​ថា កាលពី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​មុន បាន​រៀបចំ​ស​ង្ក្រា​ន និង​តុបតែង​បាន​ល្អ​នៅ​ជើងភ្នំ​ប្រុស​ភ្នំ​ស្រី គឺ​បាន​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​លេង​ច្រើន​កុះករ ក្នុង​នោះ​រួម​មាន​ទាំង​ភ្ញៀវ​អន្តរជាតិ​ផង​ដែរ​។

បើ​តាម​ស្ត្រី​ឈ្មោះ​សុខ ជា អាយុ​៥២​ឆ្នាំ លក់ដូរ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ ក្នុងស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ គាត់​លក់ដូរ​មិន​ដាច់​នោះ​ទេ ដោយសារ​មិន​មាន​មនុស្ស​ម្នារ​មក​លេង​កម្សាន្ត ម្នាក់​ៗ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ស្ទើរតែ​ដល់​ពេលបាយ​ថ្ងៃត្រង់​ទៅ​ហើយ គាត់​លក់​ទឹកអំពៅ​ទើបតែ​បាន​លុយ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លង​ទៅ​ថ្មី​ៗ នៅ​តាម​ទី​វត្ត​អារាម និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ចាម មាន​សភាព​ស្ងប់ស្ងាត់​។ ក្នុង​នោះ​រមណីយដ្ឋាន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី​១ ថ្ងៃ​ទី​២ មិន​មាន​មនុស្ស​មក​លេង​កម្សាន្ត​នោះ​ទេ ទើបតែ​ថ្ងៃ​ទី​៣ មាន​មនុស្ស​មក​លេង​ប្រមាណ​៦០​នាក់​ប៉ុណ្ណោះ​។ ចំណែក​រមណីយដ្ឋាន​ទឹកឆា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បិទ​មិន​ឱ្យ​មនុស្ស​មក​លេង ដើម្បី​ការពារ​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ