ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុអ្វីកីឡាវាយកូនគោលមិនត្រូវបានបិទដូចកន្លែងម៉ាស្សា ឬក្លឹបហាត់ប្រាណ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​បាន​សម្រេច​ឈាន​ដល់​ការ​បិទ​សាលារៀន និង​អាជីវកម្ម KTV ម៉ាស្សា ក្លឹ​ប​ហាត់ប្រាណ ជាដើម…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​បាន​សម្រេច​ឈាន​ដល់​ការ​បិទ​សាលារៀន និង​អាជីវកម្ម KTV ម៉ាស្សា ក្លឹ​ប​ហាត់ប្រាណ ជាដើម ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​គេ​សង្កេត​ឃើញ​ថា​ប្រភេទ​កីឡា វាយ​គោល (Golf Course) គឺ​នៅ​ដំណើរការ​ធម្មតា ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា តើ​មូលហេតុ​អ្វី​បានជា​តារាង​វាយកូនគោល​នៅ​បន្ត​អាជីវកម្ម​បាន​ធម្មតា ខណៈ​មានការ​ព្រួយបារម្ភ​ពី​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នោះ លោក សុខ វ​ណ្ណា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​កម្សាន្ត​និង​កីឡា​ទេសចរណ៍ របស់​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​ទោះបីជា​អាជីវកម្ម​វាយកូនគោល​នៅ​ដំណើរការ​ធម្មតា​ក៏​ពិតមែន តែ​ក្រសួង​បាន​ចាត់វិធានការ​ការពារ​យ៉ាង​ម៉ឹង​ម៉ាត់​ផង​ដែរ ។

លោក សុខ វ​ណ្ណា បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​ថា «​ក្លឹ​ប​ហាត់ប្រាណ​នៅ​រួម​គ្នា ជុំ​គ្នា​ច្រើន ដោយឡែក​កន្លែង​វាយកូនគោល​របស់​យើង​គឺ បិ​រវេ​ណ​ទីលាន​ធំ​ទូលាយ ។ ហើយ​យើង​ឃើញ​ហើយ​អ្នក​ដែល​គាត់​លេង​វាយកូនគោល គឺ​គាត់​ដើរ​ឃ្លាតឆ្ងាយ​ៗ​គ្នា ហើយ​គាត់​វាយ​ម្នាក់​ម្តង ។ ហើយ​ម្យ៉ាងទៀត យើង​អត់​ឲ្យ​មាន​លក្ខណៈ​ជា​ការ​ប្រមូលផ្តុំ​ទេ ។ យើង​ឲ្យ​លេង​យ៉ាងច្រើន មួយ​ក្រុម ៤​នាក់ ប៉ុន្តែ​ការ​ដែល​លេង​វាយ​កូនគោល គឺ​អត់​ជុំ​គ្នា​ទេ មួយ​លេង​នៅ​ចម្ងាយ ១០ ២០ ឬ ៥០ ម៉ែត្រ ឬ ១០០ មែ់​ត្រ​ពី​គ្នា ។ ហើយ​មាន​តែ​បុគ្គលិក​ម្នាក់​រើស​កូន​ហ្គោ​ល ដាក់​ឲ្យ​ភ្ញៀវ​គាត់​វ៉ៃ ។ សូ​ម្បី​នៅ​ក្នុង​សេចក្តីណែនាំ ក៏​យើង​អត់​មាន​ឲ្យ​រៀបចំ​ប្រកួត​ដែរ​» ។

លោក​បាន​បន្ត​ថា ការ​លេង​វាយ​កីឡា​វាយ​ហ្គោ​ល មានការ​ជួបជុំ លុះត្រាតែ​មាន​ព្រឹត្តិ
ការណ៍​ប្រកួត​ពានរង្វាន់​រក​កីឡាករ​លេខ ១ ជា​ឧទាហរណ៍ អ​ញ្ចឹ​ង​យើង​ហាម​អត់​ឲ្យ​មាន​អាហ្នឹង​ទេ ។ លោក​បាន​បន្ត​ថា ការ​លេង​វាយកូនគោល គឺ​ពេល​ខ្លះ​គាត់​ម្នាក់ឯង ហើយ​ត្រង់នេះ​ក៏​វា​ចូល​ក្នុង​ន័យ​ចូល​រួមការ​រក្សា​គម្លាត​សុវត្ថិភាព​កូ​វី​ដ​-១៩ ហ្នឹង​ដែរ ។ ហើយ​កីឡា​នេះ​ទៀត​សោត​គឺ​មិនមែន​នៅ​ក្នុង​ម្លប់​ទេ គឺ​កីឡា​នេះ លេង​ហាលថ្ងៃ ។

សូម​រម្លឹក​ថា ថ្មី​ៗ​នេះ​ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​អំពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ សម្រាប់​អាជីវកម្ម​ទីលាន​វាយកូនគោល (Gold Course) ដោយ​បាន​ណែនាំ​ចំពោះ​អ្នកគ្រប់គ្រង បុគ្គលិក​បម្រើ​ការងារ​និង​កីឡាករ កីឡាការិនី​វាយកូនគោល ត្រូវ​អនុវត្ត​៖ ១- មិន​ត្រូវ​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍ ឬ​ការ​ប្រកួត​ដ​ណ្តើ​ពានរង្វាន់​កីឡាវាយកូនគោល​ឡើយ​, ២- ត្រូវ​មាន​កន្លែង​សមរម្យ​ដើម្បី​ពិនិត្យ​កម្តៅ​បុគ្គលិក​បម្រើ​ការងារ​និង​កីឡាករ កីឡាការិនី​វាយកូនគោល​មុន​អនុញ្ញាត​ឲ្យ​ចូល​លេង​, ៣- តម្រូវ​ឲ្យ​ឡាន​កូនគោល (Gold cart) មួយ​សម្រាប់​ភ្ញៀវ​លេង​ម្នាក់ និង​បុគ្គលិក (Caddy) ម្នាក់​ឈរ​ខាងក្រោយ ជាដើម​។

ជាមួយ​គ្នា​នោះ​ក្រសួងទេសចរណ៍​ក៏​បាន​បញ្ជាក់​ថា «​មិន​អនុញ្ញាត​ឲ្យ​លេង​លើស​ពី ៤ នាក់ ក្នុង​១​ក្រុម និង​អាច​យក​បុគ្គលិក (Caddy) តែ​ម្នាក់​ប៉ុណ្ណោះ​សម្រាប់​កីឡាករ កីឡាការិនី​ម្នាក់ និង​មិន​អាច​ប្រើប្រាស់ ឬ​ប៉ះពាល់​ឧបករណ៍​សម្ភារៈ​ក្រៅពី​របស់​ផ្ទាល់ខ្លួន​ឡើយ​» ។

លោក សុខ វ​ណ្ណា ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​នៅ​កម្ពុជា​គឺ​មាន​តារាង​វាយកូនគោល​សរុប ១០ កន្លែង ដែល​តម្រូវ​ឲ្យ​អនុវត្ត​ដូច​គ្នា​ទាំងអស់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​តារាង​វាយកូនគោល​មាន​ភ្នំពេញ ៣ ទៅ ៤ កន្លែង វឌ្ឍនៈ​កោះក្របី Grand ភ្នំពេញ កប់​ស្រូវ នៅ​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​តារាង​កោះកុង ដែល​ជា​តំបន់​ដាច់​ឆ្ងាយ​ផុត​ៗ អត់​មាន​លក្ខណៈ​ប្រមូលផ្តុំ​ទេ ។

អ​ញ្ចឹ​ង​បាន​ន័យ​ថា​វា​ស្រប​តាម​លក្ខខណ្ឌ ព្រោះ​កូ​វី​ដ​-១៩ គឺ​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​ហើយ​ត្រូវ​នៅ​ដាច់​ដោយឡែក សូ​ម្បី​តែ​បរិវេណ​តារាង​វាយ​កូនគោល​ក៏​ឆ្ងាយ​ពី​គ្នា​ដែរ ខណៈ​កន្លង​ម៉ាស្សា​អី​គឺ​នៅ​ក្នុង​បន្ទប់ គ្រែ​ជិត​គ្នា​អី និង​ក្លឹ​ប​ហាត់ប្រាណ​ជា​ទូទៅ​ជា​កន្លែង​ប្រ​មួល​ផ្តុំ​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ