មុននឹងបួស កុលបុត្រទាំងឡាយបានពោលពាក្យប្តេជ្ញាថានឹងធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន (និព្វានំ សច្ឆិ ករនត្ថាយ…)នៅចំពោះមុខឧបជ្ឈាយ៍ ហើយទើបបូជាកាយថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនាបួសជាសង្ឃដោយចិត្តជ្រះថ្លា និងប្តេជ្ញាដើរឆ្ពោះទៅរកផ្លូវស្ងប់សម្រាប់ជីវិត ។
ពេញមួយជីវិតរបស់អ្នកបួស គឺដើរក្នុងផ្លូវដ៏ស្ងប់ស្ងាត់ មានមេត្តា មិនមានការបៀតបៀនសត្វដទៃ មិនមានផ្ទះសម្បែង មិនមានការអាល័យទ្រព្យ អាល័យគ្រួសារ មានសេចក្ដីព្យាយាមចេញចាកកាមជានិច្ច មានការយល់ត្រូវ និងការត្រិះរិះត្រូវ ធ្វើតាមបណ្ដាំរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាអ្នកនាំផ្លូវ ទ្រោលនូវប្រទីបដ៏ភ្លឺស្វាងឆ្ពោះទៅរកទីបំផុតនៃផ្លូវគឺទីរំលត់ទុក្ខពោលគឺព្រះនិព្វាន ដែលអ្នកបួសត្រូវតែខំដើរទើបបានទៅដល់ទីនោះ ។
អ្នកបួសជាអ្នកស្វែងរកសន្តិភាពសម្រាប់ជីវិតរបស់ខ្លួន និងសង្គមសត្វលោកផង ជាអ្នកធ្វើសង្គ្រាមជាមួយសត្រូវធំគឺកិលេសដែលមាននៅក្នុងចិត្តរបស់ខ្លួន ជាអ្នកយកឈ្នះកិលេសធំទាំងនោះឱ្យបានទើបឈ្មោះថាជាសមណៈពិតប្រាកដ ។ សាន សារិន
ចែករំលែកព័តមាននេះ