ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ស្វាគមន៍​ភាគ​ទុ​និក​ថ្មី​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ជាមួយ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញា​បណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ធំ​ជាងគេ និង​មានបទពិសោធន៍ 25 ឆ្នាំ​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ទទួល​បាន​ភាគ​ទុ​និក​ធំ​ថ្មី​ពី​ប្រទេស​កូរ៉េ​ខាងត្បូង គឺ «​ធនាគារ ខេ​ប៊ី គូក​មីន…

ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញា​បណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ធំ​ជាងគេ និង​មានបទពិសោធន៍ 25 ឆ្នាំ​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ទទួល​បាន​ភាគ​ទុ​និក​ធំ​ថ្មី​ពី​ប្រទេស​កូរ៉េ​ខាងត្បូង គឺ «​ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank)» ។

ធនាគារ ខេ​ប៊ី គូក​មីន គឺជា​ធនាគារ​ឈានមុខ​គេ​នៅ​កូរ៉េ​ខាងត្បូង បាន​ជោគជ័យ​លើ​ការ​ទិញ​ភាគហ៊ុន​ចំនួន 70% របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ថ្ងៃ​ទី​10 ខែមេសា ឆ្នាំ 2020 ។ នៅ​ពេល​នេះ ប្រា​សាក់ ក្លាយជា​បុត្រ​សម្ព័ន្ធ​មួយ​ក្នុង​ចំណោម​បុត្រ​សម្ព័ន្ធ​ទាំងអស់​របស់ KB Financial Group ហើយ ខេ​ប៊ី គូក​មីន បន្ត​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បញ្ចូល​ប្រា​សាក់​ជា​បុត្រ​សម្ព័ន្ធ​ទាំងស្រុង នៅ​ពេល​ដែល​ទិញ​បាន​ភាគហ៊ុន​ដែល​នៅ​សល់​ចំនួន 30% ទៀត​នា​ពេល​អនាគត ។

ប្រា​សាក់ ត្រូវ​បាន​ស្គាល់​ថា ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​សមិទ្ធផល​ដ៏​លេចធ្លោ​ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា ដោយ​ផ្អែក​លើ​ចំណែក​ទី​ផ្សារ និង​ទ្រព្យសកម្ម​សរុប ។ ប្រា​សាក់ ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស​ដោយ​មាន​បណ្តាញ​ការិយា​ល័យ​ចំនួន 180 សាខា និង​ទីតាំង​ម៉ាស៊ីន ATM ជិត 150 កន្លែង ។

លោក Hur Yin ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ខេ​ប៊ី គូក​មីន បាន​ថ្លែង​ថា «​ការ​ទិញ​យក​ប្រា​សាក់​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​ការ​ពង្រីក​បណ្ដាញ​ធនាគារ​សម្រាប់​សាធារណ​ជន​ទូទៅ​របស់​ធនាគារ ខេ​ប៊ី គូក​មីន នៅ​ទ្វីបអាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សាកល​របស់​ខេ​ប៊ី​» ។

លោក​បន្ថែម​ទៀត​ថា «​ជាមួយនឹង​ផែនការ​រយៈពេល​វែង​ក្នុង​ការ​ប្រែក្លាយ​ប្រា​សាក់​ទៅ​ជា​ធនាគារ​ពាណិជ្ជ យើង​សង្ឃឹមថា នឹង​អភិវឌ្ឍ​ប្រា​សាក់ ឱ្យ​ក្លាយជា​ធនាគារ​ឈានមុខ​គេ តាម​រយៈ​ការ​ផ្ទេរ​សមត្ថភាព​ផ្នែក​ធនាគារ​ដ៏​រឹង​មាំ​របស់​ខេ​ប៊ី និង​ការ​ធ្វើ​ឱ្យ ប្រា​សាក់ ក្លាយជា​គ្រឹះ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​» ។

លោក ស៊ី​ម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​របស់ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ការ​វិនិ​យោគ​របស់ ខេ​ប៊ី គូក​មីន បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​មក​លើ​ប្រទេស​កម្ពុជា និង ប្រា​សាក់ ។ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក ប្រា​សាក់ សូម​ស្វាគមន៍​ភាគ​ទុ​និក​ថ្មី​របស់​យើង គឺ​ធនាគារ ខេ​ប៊ី គូក​មីន ដែល​នឹង​ជ្រោមជ្រែង​ប្រា​សាក់​ក្នុង​ការ​បន្ត​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ដើម្បី​ពង្រីក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ។

លោក សេនា​ជាតិ បាន​បន្ថែម​ថា «​ប្រា​សាក់ តែងតែ​នាំមុខ​គេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាងគេ លទ្ធភាព​រក​ប្រាក់​ចំណេញ​ខ្ពស់ និង​ធានា​បាន​នូវ​កំណើន​ប្រកប​ដោយ​និរន្តរភាព​លើ​សម្ពៀត​ឥណទាន និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ។ យើង​សម្រេច​បាន​លទ្ធផល​សំខាន់​ៗ​ជា​ច្រើន​នៅ​ឆ្នាំ 2019 រួម​មាន ៖

i). ទ្រព្យសកម្ម​សរុប​មាន​ចំនួន 3.11 ប៊ី​លាន​ដុល្លារ
ii). សមតុល្យ​ឥណទាន​សរុប​មាន​ចំនួន 2.50 ប៊ី​លាន​ដុល្លារ និង​មាន​អតិថិជន​សេវា​ឥណទាន​សរុប​ចំនួន 417 ពាន់​នាក់
iii). អនុ​បាត​ឥណទាន​មិន​ដំណើរ​ការ​​មាន​ត្រឹមតែ 0.4% ទាប​ជា​អត្រា​ទីផ្សារ
iv). សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន 1.78 ប៊ី​លាន​ដុល្លារ និង​មាន 742 ពាន់ គណនី​បញ្ញើ​សន្សំ​» ។

លោក សេនា​ជាតិ បាន​បន្ត​ថា «​លទ្ធផល​ដែល ប្រា​សាក់ សម្រេច​បាន​មកនេះ ដោយសារ​តែ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន និយ័ត​ករ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​យើង ការ​ធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ ការ​បណ្តុះ​វប្បធម៌​បុគ្គលិក​ក្នុង​ការ​នាំ​មក​ជូន​នូវ​ការ​រីក​ចម្រើន​ជាមួយ​គ្នា និង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​បម្រែបម្រួល​ទីផ្សារ​» ។

លោក សេនា​ជាតិ លើក​ឡើង​ថា «​ដោយ​មានការ​វិនិយោគ​ពី ខេ​ប៊ី ប្រា​សាក់​នឹង​នាំ​មក​នូវ​ផលិត​ផល និង​សេវា​ហិរញ្ញវត្ថុ​ទំនើប​ៗ រួម​មាន សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​បទ​ពិសោធន៍​​ធនាគារ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ទីផ្សារ​ជូន​ដល់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី ជា​ពិសេស​គឺ សហគ្រាស​ខ្នាត​តូច និង​មធ្យម​» ។

អំពី​ប្រា​សាក់
ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនា​គារជាតិ​នៃ​កម្ពុជា និង​ប្រ​តិ​ប​ត្តិ​ការ 25 ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ជូន​ដល់​អតិថិជន រួម​មាន​៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ទឹក សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​​ប្រាសាក់ ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម ផ្ទេរ​ប្រាក់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ីច (CSS) សេវា​ទូទាត់​រហ័ស បើកប្រាក់​បៀវត្ស អេ​ធី​អឹ​ម ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ទូទាត់​តាម​​ប្រព័ន្ធ​បាគង សេវា​បញ្ជាក់​សមតុល្យ​គណនី និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ជូន​ដល់​អតិថិជន​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ https://www.prasac.com.kh

អំពី ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank)
ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank) គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ចំនួន​សាខា​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​វិស័យ​ធនាគារ និង​មាន​អតិថិជន​ជាង 30 លាន​នាក់ ដែល​សម​មូល​នឹង​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូ​ទាំង​ប្រទេស ។
ធនាគារ ខេ​ប៊ី គូក​មីន ក៏​ឈរ​ជា​ធនាគារ​នាំមុខ​គេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​លតា​ម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត រួម​មាន Liiv និង KB Star Banking ដោយ​មាន​អតិថិជន​ច្រើន​ជាង 15 លាន​នាក់ ។ ធនាគារ ខេ​ប៊ី គូក​មីន បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​រួម​បញ្ចូល​គ្នា​ក្នុង​ចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​នៅ​ក្នុង KB Financial Group ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.kbstar.comwww.kbfg.com ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ