ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​ឆ្លង​មកពីណា ​ខណៈ​៤​ថ្ងៃ​ជាប់គ្នា​​កូ​វី​ដ​១៩ រក​ឃើញ​សុទ្ធជា​ជនបរទេស​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​ពិនិត្យ​ឃើញ​ថា ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ គឺ​កើត​មាន​លើ​ចំណោម​ជនបរទេស​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ មេ​សា​នេះ​ផង​ដែរ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ មានការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ​៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​ពិនិត្យ​ឃើញ​ថា ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ គឺ​កើត​មាន​លើ​ចំណោម​ជនបរទេស​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ មេ​សា​នេះ​ផង​ដែរ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ មានការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន ២ លើ​ស្ត្រី​ជនជាតិ​វៀតណាម និង​ស្វាមី​របស់​នាង​គឺ បុរស​ជនជាតិ​កា​ណា​ដា ដែល​មាន​ដើម​​កំណើត​ចិន​ដែល​បុរស​នេះ​បម្រើ​ការងារ​នៅ​កាស៊ីណូ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

យ៉ាងណាមិញ ប្រភព​ដើម​ដែល​នាំ​ឲ្យ​ប្តី​-​ប្រពន្ធ​ជា​ជនបរទេស​ខាងលើ​កើត​វីរុស​ឆ្លង​មួយ​នេះ គឺ​មិន​មាន​​ប្រភព​ណា​ច្បាស់លាស់​នោះ​ទេ ថា​ តើ​ជា​ករណី​នាំ​ចូល ឬ​ក៏​បុរស​ខាងលើ​ឆ្លង​ពី​ប្រពន្ធ​ជា​ទេសចរ​ជនជាតិ​វៀតណាម ឬ​យ៉ាងណា?

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​សួរ​ថា បុរស​និង​ស្ត្រី​ដែល​ទើប​រក​ឃើញ​វិជ្ជ​មាន​កូ​វី​ដ ១៩ នោះ តើ​ដឹង​ប្រភព​ឆ្លង​ឬទេ? ឬ​មួយ​ក៏​ពួក​គាត់​ឆ្លង​មិនដឹង​ប្រភព​ឆ្លង​មក​ពី​ណា? ឬ​មួយ​ក៏​អាច​ឆ្លង​ក្នុង​ការ​ស៊ី​ណូ ទីកន្លែង​ដែល​បុរស​ជនជាតិ​កា​ណា​ដា គាត់​ធ្វើការ ឬ​យ៉ាងណា​នោះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា​«​ក្រុមការងារ​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត​ហើយ​» លើ​ករណី​នេះ ។

ទន្ទឹម​នឹង​ក្រសួងសុខាភិបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ឆ្លង​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន ២ ករណី​ថ្មី​នេះ ក្រសួងសុខាភិបាល​ក៏​បាន «​អំពាវនាវ​និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ប្រកាន់​យក​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ ឬ​ទម្លាប់​របស់​ខ្លួន​ជា​ចាំបាច់​នៅ​ក្នុង​ដំណាក់​កាល​ដែល​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​ជនបរទេស​ជា​បន្តបន្ទាប់​នេះ និង​អនុវត្ត​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន ១៤ ថ្ងៃ សម្រាប់​បុគ្គល​ចំណាកស្រុក​ដែល​បាន​វិល​ត្រឡប់​មក​ផ្ទះសម្បែង​» ។

ហើយ​សំខាន់​បំផុត​នោះ ក្រសួង​បាន​បញ្ជាក់​ថា ​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ សូម​ពលរដ្ឋ​ខ្មែរ​នៅផ្ទះ កុំ​ធ្វើ​ដំណើរ​ចល័ត ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​មួយ​នេះ ។

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​សៅរ៍​ទី ១១ មេ​សា ករណី​វិជ្ជមាន​កូ​វី​ដ ១៩ មួយ​ករណី​រក​ឃើញ​លើ​ស្ត្រី​ជន​ជាតិចិន វ័យ ៣១ ឆ្នាំ​។ ហើយ​នៅ​ថ្ងៃ​ទី ១០ មេ​សា​ករណី​វិជ្ជមាន​វីរុស​ឆ្លង​នេះ​គឺ​កើត​មាន​១​ករណី​​លើ​ស្ត្រី​អ្នកទេសចរ​ជនជាតិ​វៀតណាម វ័យ ៣៤ ឆ្នាំ និង​ថ្ងៃ​ទី ៩ មេ​សា​ករណី​វិជ្ជមាន​មួយ​ករណី​ក៏​រក​ឃើញ​លើ​ស្ត្រី​ជនជាតិ​វៀតណាម​វ័យ ៣០​ឆ្នាំ​ផង​ដែរ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ