ក្រុងប៉ោយប៉ែត ៖ យ៉ាងហោចណាស់ ក៏មានសពបុរសខ្មែរ២នាក់ត្រូវបានភាគីថៃបញ្ជូនមកឱ្យសាច់ញាតិវិញ ដោយម្នាក់បញ្ជូន មកតាមច្រកទ្វារប៉ោយប៉ែត និងម្នាក់ទៀតបញ្ជូនតាមច្រកស្រុកម៉ាឡៃ ហើយសពបុរសទាំង២នាក់នេះត្រូវបានអះអាងថា ម្នាក់ស្លាប់ដោយសារខ្យល់គរ និងម្នាក់ទៀតស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ។បុរសដែលស្លាប់ដោយខ្យល់គរឈ្មោះហ៊ាន សល់ អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ ។
បុរសរូបនេះត្រូវបាន ឈ្មោះហ៊ាន រ៉ើន អាយុ៣០ឆ្នាំ ជាប្អូនប្រុស ប្រាប់តាមទូរស័ព្ទថា បងរបស់ខ្លួនបានចូល ទៅដីថៃកាលពីក្រោយបុណ្យចូលឆ្នាំថ្មី ដោយទៅធ្វើការជាកម្មករលីកៅស៊ូឱ្យថៅកែនៅក្នុងខេត្ដរ៉ាក់យ៉ង ។ បុរសជាប្អូនបន្ដទៀតថា តាមការទទួលព័ត៌មានពីប្អូនប្រុស ម្នាក់ទៀតឈ្មោះហ៊ាន រ៉ន អាយុ២២ឆ្នាំ ដែលស្ថិតនៅកន្លែងកើតហេតុឯប្រទេសថៃដែរនោះបានប្រាប់ថា នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៣១ ឧសភា គឺជនរងគ្រោះមកពីធ្វើការដើរទៅងូតទឹកនៅមាត់ទន្លេក្នុងខេត្ដរ៉ាក់យ៉ង ដោយជនរងគ្រោះដើរទៅមុន លុះប្រហែលកន្លះម៉ោងក្រោយទើបប្អូនប្រុសឈោះរ៉នដើរទៅតាមក្រោយ ស្រាប់តែឃើញបងរបស់ខ្លួនដេកស្លាប់ផ្កាប់មុខតែម្ដង ។
ដោយឡែកចំពោះសពបុរសម្នាក់ទៀត ត្រូវបានមន្ដ្រីការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃមួយរូបប្រាប់កោះសន្ដិភាពថា មានការបញ្ជូនសពពីទឹកដីថៃមកឱ្យសាច់ញាតិនៅច្រកទ្វារប៉ោយប៉ែតផងដែរ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ម៉ិថនា ។ មន្ដ្រីដដែលនេះបានបង្ហើបប្រាប់ថា សពនេះជានិស្សិត អាយុជាង២០ឆ្នាំឈ្មោះប៉ា ផាណ្ណារ៉ា រៀននៅមហាវិទ្យាល័យអាស៊ីប៉ាស៊ីហ្វិក នៅខេត្ដសារ៉ាក់បុរី ប្រទេសថៃ ហើយការ ស្លាប់នេះគឺដោយសារដួលម៉ូតូនៅវេលាម៉ោង៩យប់ថ្ងៃទី៣១ ឧសភា ។សពនិស្សិតម្នាក់នេះ មានទីលំនៅឯក្រុងភ្នំពេញ ហើយជាកូនរបស់ឯកឧត្ដមម្នាក់ ។
ចែករំលែកព័តមាននេះ