រាជធានីភ្នំពេញ ៖ ទីតាំងខារ៉ាអូខេមួយកន្លែង ទំនងអត់ឃ្លានណាស់ បានបើកលួចលាក់ ត្រូវបានប្រជា ពល រដ្ឋប្តឹងទៅសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបុរសស្ត្រី១០នាក់យកទៅបំភ្លឺសួរនាំ និងបង្កឲ្យមានការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៩ មេសា ឆ្នាំ២០២០ នៅចំណុចហាងខារ៉ាអូខេយីហោ សំណាង សីហា KTV ដែលស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា នៅមុនពេលកើតហេតុ កំលាំងល្បាតរបស់ពួកគាត់បានចុះល្បាតនៅក្នុងមូលដ្ឋាន គឺដើរមើលប្រជាពលរដ្ឋផឹកស៊ីតាមបណ្តាភូមិនានានៅក្នុងខណ្ឌពោធិ៍សែនជ័យ ។ លុះបន្ទាប់មក ក៏មានយុវជន២នាក់ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា នៅទីតាំងខាងលើមានខារ៉ាអូខេមួយកន្លែងមិនទាន់បិទ គឺលួចបើក ។
ពេលទទួលបានព័ត៌មាន សមត្ថកិច្ចបានសាកសួរបញ្ជាក់ពីយុវជនទាំង២នាក់ខាងលើ បាននិយាយប្រាប់ថា មុននេះបន្តិច មានមិត្តភក្ដិមួយចំនួន បាននាំពួកគាត់ចូលខារ៉ាអូខេខាងលើម្តងរួចមកហើយ ដោយនាំគ្នាផឹក ស៊ីច្រៀងបានបន្តិច ដោយខ្លាចសមត្ថកិច្ចចាប់ ទើបពួកគាត់ដាច់ចិត្តចេញមកលួចប្រាប់សមត្ថកិច្ចតែម្ដងទៅ ។
ប្រភពព័ត៌មានបន្តទៀតថា ខណៈពេលភ្លាមៗនោះ កំលាំងនគរបាលខណ្ឌពោធិ៍សែន បានរាយការណ៍ទៅផ្នែកជំនាញ និងទាក់ទងទៅកំលាំងនគរបាលប៉ុស្តិ៍ ដើម្បីសហការគ្នាភ្លាមៗផងដែរ ដោយចុះទៅទីតាំងខារ៉ាអូខេខាងលើ ឃើញគេបិទភ្លើងនៅខាងមុខ តែខាងក្នុងភ្លើងពណ៌មានការផឹកស៊ី២កន្លែង នៅខ្យូសមួយកន្លែង និងក្នុងបន្ទប់ខារ៉ាអូខេលេខ៩៩៩៩ផឹកស៊ី ស្រីញីអូនបង ស្ទាបអង្អែលមួយកន្លែង ដោយមានស្រាបៀរទាំងជុងផងដែរ ។
បើតាមស្ត្រីម្នាក់ជាមេការខារ៉ាអូខេខាងលើ ទោះសមត្ថកិច្ចឃើញជាក់ស្ដែងយ៉ាងណា នារីមេការហាងខាង លើបានបដិសេធន៍ និងអះអាងថា ទីតាំងខាងលើអត់មានបើកទេ សូម្បីនារីខារ៉ាអូខេក៏អត់មានដែរ គឺមានតែ២នាក់ទេ ចំណែកពួកប្រុសៗវិញ គឺជាបងប្អូនថៅកែមកផឹកស៊ីតែប៉ុណ្ណោះ ។ ផ្ទុយពីការអះអាងរបស់ស្ត្រីមេការ សមត្ថកិច្ចបានរកឃើញនារីនៅក្នុងហាងខាងលើចំនួន៥នាក់ បុរសៗចំនួន៨នាក់ នៅទីតាំងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ កំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បាននាំបុរសៗដែលមកផឹកស៊ីក្នុងហាងចំនួន៨នាក់ នារីចំនួន២នាក់ សរុបទាំងអស់ចំនួន១០នាក់ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលម្នាក់ៗនិយាយត្រង់គ្រប់គ្នាគឺលួចបើកមែន ៕
ចែករំលែកព័តមាននេះ