សម្តេច ស ខេង ដាក់វិធានការឲ្យអភិបាលរាជធានី-ខេត្តអនុវត្តបទបញ្ជារាជរដ្ឋាភិបាលឲ្យបានម៉ឹងម៉ាត់


រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​អភិបាល​រាជធានី​-​ខេត្ត និង​ប្រធាន​គណៈ​បញ្ជាការ ឯកភាព​រដ្ឋបាល រាជធានី​-​ខេត្ត ទាំងអស់​ត្រូវ​អនុវត្ត​បាន​ម៉ឺងម៉ាត់​នៅ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ដាក់​កំហិត​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា ។

យោង​តាម សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង ធ្វើការ​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​-​ខេត្ត ត្រូវ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន​រួម​មាន ៖ ទី​១-​ត្រូវ​ដឹកនាំ​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ការ​សហការ​រៀបចំ​គោលដៅ​ត្រួតពិនិត្យ និង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ស្រប តាម​បញ្ជា​របស់​រាជរដ្ឋាភិបាល ។ ទី​២-​ត្រូវ​សម្រប​ម្រួ​ល​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល រាជធានី និង​ខេត្ត ដូច​មាន​ចែក​ក្នុង​ចំណុច​ទី​២ នៃ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ទី​៣-​ត្រូវ​យកចិត្ត​ដាក់​ការពារ​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ចំពោះ​គោលដៅ​នយោបាយ ការទូត និង​ការ​វិនិយោគ​ដែល​មាននៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។ ទី​៤-​ក្នុង​ការ​អនុវត្ត​បទបញ្ជា​ខាងលើ​នេះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ខិតខំ​សម្របសម្រួល ដោះស្រាយ និង​បញ្ចៀស​ឲ្យ​បាន​នូវ​អំពើ​ហិង្សា​គ្រប់​រូបភាព​។​

ទន្ទឹម​នេះ​ត្រូវ ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​យល់​ជ្រួតជ្រាប​អំពី​គោលបំណង​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​គោរព និង​សហការ​អនុវត្ត​តាម​ស្មារតី​បទបញ្ជា​របស់​រាជរដ្ឋាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ -១៩ នៅ​កម្ពុជា​ក៏​ដូច​ជា ថែរក្សា​សុខភាព​សាធារណៈ និង​ការពារ​នូវ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។ ទី​៥-​ត្រូវ​រៀបចំ​ក្រុម​ប្រចាំការ ដើម្បី​ប្រមូល​ព័ត៌មាន ដែល​បាន​កើតឡើង​ក្នុង​រាជធានី -​ខេត្ត​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​បទបញ្ជា​នេះ ហើយ​ត្រូវ​ខិតខំ​សម្របសម្រួល​ដោះស្រាយ​បាតុភាព​នានា​ឲ្យ​បាន​ល្អ​ប្រសើរ ។

ក្នុង​ករណី​ដែល មិន​អាច​ដោះ​ស្រា​យាន​ត្រូវ​រាយការណ៍​ជូន​ក្រុម​ប្រចាំការ ដើម្បី​ធ្វើ​ជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ​ក្នុង​ការ​អនុវត្ត​បទបញ្ជា​លេខ​០២ បប ស្ដី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​-១៩ ។ ទី​៦-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ប្រមូល​កងកម្លាំង​សរុប​មធ្យោបាយ​សរុប​ក្នុង​ការ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​គ្រប់គ្រង​សភាពការណ៍​នៅ​តាម​ដ្ឋា​ន​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ។ និង​ទី​៧-​ចំពោះ​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ ត្រូវ​បន្ដ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ក្នុង​ករណី​ដែល​មាន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ចូល​មក​កម្ពុជា តាម​ច្រកព្រំដែន​កំណត់​ណាមួយ​ដែល​បាន​ឯកភាព​គ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​សម្របសម្រួល និង​គ្រប់គ្រង ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ