ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​ថា​អត់​បើក សូ​ម្បី​តែ​នារី​ខារ៉ា​អូខេ​​ក៏​​អត់​ដែរ តែ​សមត្ថកិច្ច​រក​ឃើញ​ស្រី​ផង ប្រុស​ផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ហាង​ខារ៉ាអូខេ​មួយ​កន្លែង​បាន​បើក​ទាំង​លួចលាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ទាំង​បុរស ទាំង​ស្ត្រី​១០​នាក់ នាំ​យក​ទៅ​បំភ្លឺ និង​សួរនាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ហាង​ខារ៉ាអូខេ​មួយ​កន្លែង​បាន​បើក​ទាំង​លួចលាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ទាំង​បុរស ទាំង​ស្ត្រី​១០​នាក់ នាំ​យក​ទៅ​បំភ្លឺ និង​សួរនាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ខារ៉ាអូខេ យីហោ សំណាង សីហា KTV ស្ថិត​នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ កម្លាំង​ល្បាត​របស់​ពួក​គាត់​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន គឺ​ដើរ​មើល​ប្រជាពលរដ្ឋ​ផឹកស៊ី​តាម​បណ្តា​ភូមិ​នានា​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​បន្ទាប់​មក​ក៏​មាន​យុវជន​២​នាក់​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា នៅ​ទីតាំង​ខាងលើ មាន​ខារ៉ាអូខេ​មួយ​កន្លែង​មិន​ទាន់​បិទ ដោយ​លួច​បើក​។ ពេល​សមត្ថកិច្ច​សាក​សួរ​បញ្ជាក់​ហើយ យុវជន​ទាំង​២​នាក់​ខាងលើ​និយាយ​ប្រាប់​ថា​ដោយ​ពួក​គាត់​មុន​នេះ​បន្តិច មាន​មិត្ត​ភ័ក្ដិ​មួយ​ចំនួន​បាន​នាំ​ពួក​គាត់​ចូល​ខារ៉ាអូខេ​ខាងលើ​ម្តង​រួច​មក​ហើយ ដោយ​នាំ​គ្នា​ផឹក​បាន​បន្តិច ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់ ទើប​ពួក​គាត់​ក៏​ដាច់​ចិត្ត​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ កម្លាំង​នគ​បាល​ខណ្ឌ​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ និង​ទាក់ទង​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ដើម្បី​សហការ​គ្នា​ភ្លាម​ៗ​ផង​ដែរ ។ ខណៈ​ពេល​ចុះ​ទៅ​ទីតាំង​ហាង​ខារ៉ាអូខេ​ខាងលើ ឃើញ​ថា ហាង​នេះ​បាន​បិទ​ភ្លើង​នៅ​ខាង​មុខ ដោយនៅ​ខាង​ក្នុង​មានការ​ផឹកស៊ី​២​កន្លែង គឺ​នៅ​កន្លែង​កញ្ចុះ​មួយ​កន្លែង និង ក្នុង​បន្ទប់​ខារ៉ាអូខេ​លេខ ៩៩៩៩ មួយ​កន្លែង និង​មាន​ស្រា​បៀរ​ទាំង​ជុង ផង​ដែរ ។

ទោះជា​សមត្ថកិច្ច​ឃើញជាក់ស្ដែង​យ៉ាងណា​ក៏​ដោយ ក៏​នារី​មេការ​ហាង​ខាងលើ​បាន​បដិសេធន៍​រហូត​ថា ទីតាំង​ខាងលើ​អត់​មាន​បើក​នោះ​ទេ សូ​ម្បី​តែ​នារី​ខារ៉ាអូខេ​ក៏​អត់​មាន​ដែរ គឺ​មាន​តែ​២​នាក់​ទេ ចំណែក​ពួក​ប្រុស​ៗ​វិញ គឺ​នាង​ថា ជា​បងប្អូន​ថៅកែ​បាន​មក​ផឹកស៊ី​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បាន​រក​ឃើញ​នារី​ៗ​នៅ​ក្នុង​ហាង​ចំនួន​៥​នាក់ បុរស​ៗ​ចំនួន​៨​នាក់ នៅ​ទីតាំង​កន្លែង​កើត​ហេតុ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​បុរស​ៗ​ដែល​មក​ផឹកស៊ី​ក្នុង​ហាង​ខាងលើ​ចំនួន​៨​នាក់ និង​នារី​ចំនួន​២​នាក់ សរុប​ទាំងអស់​ដែល​ឃាត់ខ្លួន​ចំនួន​១០​នាក់ យក​ទៅ​សួរនាំ​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សួរនាំ​ចំណែក​នារី​ៗ​ប៉ុន្មាន​នាក់​ទៀត​ទុក​ឲ្យ​នៅ​ចាំ​ហាង និង​ម៉ូតូ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ