ខេត្តកំពង់ឆ្នាំង ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់ខ្លួនជនសង្ស័យពីរនាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ មីនា នៅលំនៅឋានជនសង្ស័យស្ថិតក្នុងភូមិមានក ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។ ការឃាត់ខ្លួននេះគឺ រួមទាំងវត្ថុតាងម៉ូតូដែលទើបប្លន់បានម៉ាក C125 ស៊េរី០៨ មួយគ្រឿងផងដែរ។
តាមប្រភពពីលោកឆឹម ប៊ុនធឿន នាយការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះម៉ាង ចាន់ អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះភួង សំណង់ អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ពាក់ព័ន្ធដល់ការចាប់ខ្លួនរួមទាំងវត្ថុតាងម៉ូតូមួយគ្រឿងផងនោះ លោកបញ្ជាក់ថា ពួកគេ២នាក់នេះបានយកដំបងវាយប្លន់ម៉ូតូអ្នករត់ឌុបម្នាក់កាលពីយប់ថ្ងៃទី១៨ មីនា ហើយគេចខ្លួនបាត់ ។ ក្រោយមានករណីប្លន់នេះភ្លាមប៉ូលិសខេត្តបាត់ដំបង បានផ្តល់ដំណឹងពីករណីវាយប្លន់ម៉ូតូនោះមកស្នងការនគរបាលខេត្ត ហើយលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ក៏បានបញ្ជាឱ្យលោកដឹកនាំកម្លាំងចេញប្រតិបត្តិការតាមគោលដៅពិសេសដើម្បីតាមចាប់មុខសញ្ញា គឺស្ថិតនៅស្រុកសាមគ្គីមានជ័យ ហើយរសៀលថ្ងៃទី២១ មីនា ក៏ចាប់បានជនសង្ស័យទាំងពីរនាក់ដែលជិះម៉ូតូប្លន់បាននោះចូលមកលំនៅឋានវិញ ។
លោកបន្តរំលឹកថា កាលពីយប់ថ្ងៃទី១៨ មីនា ក្រុមនោះមានគ្នា២នាក់ បានជួលម៉ូតូឌុបជិះដែលម្ចាស់ម៉ូតូឈ្មោះភួង រដ្ឋា អាយុ២៣ឆ្នាំ រស់នៅភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ដោយជិះពីផ្សារឡែមទៅចំណុច៣០ (កាប៊ីន) ប៉ុន្តែពេលជិះទៅដល់ចំណុចតាំងយូជាកន្លែងស្ងាត់ឈ្មោះម៉ាង ចាន់ ធ្វើជាជ្រុះស្បែកជើង លុះពេលម្ចាស់ម៉ូតូឈប់ក៏ព្រួតគ្នាដកដំបងចេញពីក្នុងអាវវាយទៅលើជនរងគ្រោះរហូតដល់សន្លប់ធំ ហើយពួកគេក៏ជិះម៉ូតូគេចខ្លួនបាត់ ដោយទុកជនរងគ្រោះចោលហើយស្មានថាស្លាប់ ។ ទោះបីជាយ៉ាងណាលោកបញ្ជាក់ថា ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកកំរៀង នៅឡើយ ។ លោកបន្តថា ក្រោយពីប្លន់បាន ពួកគេជិះម៉ូតូមកដេកនៅបាត់ដំបងមួយយប់ភ្លឺឡើងទើបចេញមកដោយបំណងយកម៉ូតូទៅលក់ ប៉ុន្តែខ្លាចគេចាប់ក៏ជិះម៉ូតូមកខេត្តកំពង់ឆ្នាំង ហើយក៏ត្រូវចាប់ខ្លួនតែម្តង ។ ឈ្មោះភួង សំណង់ បានទៅធ្វើកម្មករបេះផ្លែឈើឱ្យគេនៅស្រុកកំរៀង លុះពេលដេកស្នាក់នៅក៏ស្គាល់គ្នាជាមួយឈ្មោះម៉ាង ចាន់ ហើយក៏បែកគំនិតប្លន់ម៉ូតូ លុះបានសម្រេចក៏ជិះម៉ូតូចូលផ្ទះឯកំពង់ឆ្នាំងវិញ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ