ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវសិស្ស​​ទំនើង​វិទ្យាល័យ​​វត្តភ្នំ​​​៤​នាក់ប្រឈម​មុខ​​នឹង​តុលាការ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នគរបាល​ផ្នែក​​​​នីតិ​​វិធី​នៃ​អធិការដ្ឋាន​​​នគរបាល​ខណ្ឌ​ដូនពេញ​បាន​និយាយ​ថា ​យុវសិស្ស​​ទំនើង​​​​៤នាក់​ដែល​វាយ​​តប់​គ្នា​បង្ក​​ឱ្យបាត់បង់​សណ្តាប់ធ្នាប់​​​ និង​​ភ្ញាក់ផ្អើល​​​ពេញ​វិទ្យា​ល័យ​​​វត្តភ្នំ ​ស្ថិត​ក្នុង​សង្កាត់ស្រះ​ចក ខណ្ឌ​ដូនពេញ ​កាលពី​រសៀល​ថ្ងៃទី​​​១៧ មីនា ​២០១១ ​រួមទាំង​​នគរបាល​​មហាផ្ទៃ​​​២នាក់ទៀត​​​នឹង​ត្រូវ​​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ​​ ។​

យោង​តាម​​របាយការណ៍​​របស់សមត្ថកិច្ច​​​ឱ្យ​​ដឹង​ថា កាលពីថ្ងៃទី​​១៧ មីនា​​​២០១១ វេលា​ម៉ោង​​​២​និង​​២០នាទី​​រសៀល​​ មានយុវ​​​សិស្ស​​២​ក្រុម​​​បានដេញ​​​វាយតប់គ្នា​​នៅកន្លែង​​​លក់ទឹក​អំពៅ​ក្នុង​​វិទ្យា​ល័យ​វត្តភ្នំ ​សង្កាត់ស្រះចក ​ខណ្ឌ​ដូនពេញ ​និង​បាន​​​យក​​កៅអីជ័រ​​គប់គ្នា​​បង្ក​ភាព​​អនាធិបតេយ្យ​​ដោយពុំ​​ខ្លាច​​រអា​នាយកសាលា​​បន្តិច​ណាឡើយ ។ ​​​​​មិនអស់ចិត្ត​​ភាគី​ម្ខាង​​​​ៗ​​បាន​​ទូរស័ព្ទ​ហៅ​បក្សពួក ខ្លះ​ហៅ​​បង​ប្អូន​​ជានគរ​បាល​ទៅ​​សង​សឹក​គ្នា​នៅ​ចំណុច​​ខាង​ជើង​​សាលា​ផ្លូវ​​លេខ​​​​៧៤ ប៉ុន្តែ​ត្រូវ​​បានក​ម្លាំង​​នគរ​បាល​​​​មូល​ដ្ឋានចុះ​ទៅអន្តរាគមន៍​​​ទាន់ពេល​វេលា​​ និង​ឃាត់​ខ្លួន​​​​​២ភាគី​​​ចំនួន​​​៦​នាក់ ក្នុង​​នោះ មាន​នគរបាល​​ព្រហ្មទណ្ឌ​​​ក្រសួងមហាផ្ទៃ​​២​នាក់ ដែល​ទទួល​រង​ការ​ចោទប្រកាន់​ដក​កាំភ្លើង​​​​គំរាម​គូបដិបក្ស​ ។​

យុវសិស្ស​​ទំនើង​​ដែល​បង្ក​ភាពអនាធិប​តេយ្យ​​​​ក្នុង​​វិទ្យា​ល័យ​​​វត្តភ្នំ​​ ហើយ​សមត្ថកិច្ច​​​ឃាត់​ខ្លួន​​ក្រុមទី​​១ ​មានឈ្មោះកែវ ​ចំរើន ភេទប្រុស អាយុ​​​១៩​ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះលេខ​​២៦៣ ​​ភូមិ​សាមគ្គី ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ​និង​ឈ្មោះ​ស៊ឹម ​​វាសនា ​ភេទប្រុស អាយុ​​​​១៨​ឆ្នាំ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​​២៧៧ ​​ផ្លូវលេខ​​​៨៦ ​សង្កាត់ស្រះចក ​ខណ្ឌ​ដូនពេញ ​ជនទាំង​​​​ពីរ​នេះ​ជា​សិស្ស​វិទ្យាល័យ​​​វត្ត​ភ្នំ រី​ឯ​ក្រុម​​​ទី​​២ មាន​​១-​ឈ្មោះ​​​ហ៊ត ឆៃ​ឡង ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ ​ស្នាក់នៅ​ផ្ទះលេខ​​​៥៤ ផ្លូវ​លេខ​​៧០ ​សង្កាត់ស្រះចក ​ខណ្ឌ​ដូនពេញ ​​២-​ឈ្មោះ​​គង់ ភារម្យ ​​ភេទប្រុស អាយុ​​១៧​ឆ្នាំ ​​ស្នាក់​នៅ​​​ផ្ទះលេខ​​៣២៣ ផ្លូវលំ ​សង្កាត់​ឫស្សីកែវ ​​ខណ្ឌ​ឫស្សីកែវ (ជនទាំង​​​២​​​ជាសិស្ស​វិទ្យាល័យ​វត្ត​ភ្នំ) ​៣-ឈ្មោះ​​ហ៊ត ​ហះរ៉េត ភេទប្រុស អាយុ​​​​២៨​ឆ្នាំ ​និង​​​៤-​ឈ្មោះ​​​​ឃន សំណាង ភេទប្រុស អាយុ​​​២៤​ឆ្នាំ ​(ជនទាំង​​​២នេះ​​ជានគរបាល​​ក្រសួង​មហា​ផ្ទៃ)៕​