ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់បានវាយទៅលើស្ត្រីម្នាក់ទៀត ដោយសារជម្លោះរឿងបូមទឹកដាក់ដំណាំលើដីជាប់ព្រំគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទហិង្សាដោយចេតនាតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ សម្បត្តិ លក្ខ័ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនត្រូវចោទឈ្មោះ សន សុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពពីនគរបាលស្រុកកៀនស្វាយបានអោយដឹងថា ជនរងគ្រោះបានទៅធ្វើស្មៅសំអាតដីរបស់ខ្លួននៅលើកោះក្រោយផ្ទះ ស្របពេលនោះជនសង្ស័យកំពុងបូមទឹកស្រោចដំណាំលើដីជាប់ព្រំជាមួយជនរងគ្រោះ ហើយទឹកបានហូរមកលើដីជនរងគ្រោះ ឃើញដូចនេះ ជនរងគ្រោះបានលើកទុយោទឹករបស់ជនសង្ស័យនោះចេញ ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះជនសង្ស័យខឹងបានជេរប្រមាថទៅលើជនរងគ្រោះ ព្រមទាំងស្ទុះទៅទះកំផ្លៀងជនរងគ្រោះមួយដៃចំថ្ពាល់ខាងស្តាំ បណ្តាលឲ្យវិលមុខដួលទៅលើដីមុតឈើស្រួចចំប្រអប់ជើងខាងស្ដាំចេញឈាម ហើយជ្រុះក្រវិលមួយចំហៀងទៀតផង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរធំ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ