រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅព្រឹកថ្ងៃទី ៧ មេសានេះថាសម្តេចបានធ្វើការសម្រេចចិត្តមួយដ៏ឈឺចាប់ ព្រោះសម្តេចបានស្នើឲ្យបងប្អូនខ្មែរចំនួន ១៥០ នាក់កំពុងនៅប្រទេសម៉ាឡេស៊ី មិនឲ្យហោះចូលកម្ពុជា ។
ថ្លែងនៅឯសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថ នោះគឺជាអ្វីដែល «ជាការសម្រេចចិត្តដ៏ឈឺចាប់» ព្រោះមានយន្តហោះមួយរបស់ម៉ាឡេស៊ីដែលត្រូវហោះមកកម្ពុជាដើម្បីមកទទួលជនជាតិរបស់គេ ហើយក្នុងនោះក៏សម្តេចទទួលបាននូវព័ត៌មានមួយថាមានបងប្អូនខ្មែរ ចំនួន ១៥០នាក់ត្រៀមហោះហើរពីម៉ាឡេស៊ីថ្ងៃនេះ ថ្ងៃទី ៧ មេសានេះតែម្តង ។
សម្តេចតេជោបានស្នើដល់បងប្អូននៅទីនោះ «សូមមេត្តាយោគយល់» ព្រោះសម្តេចតម្រូវឲ្យយន្តហោះនោះហោះមកកម្ពុជាទទេរ គឺមិនត្រូវដឹកមនុស្សឡើយ ហើយក៏ត្រូវមានលាយលក្ខណ៍អក្សរ ព្រោះបើមានមនុស្សដឹកនាំគឺមិនអនុញ្ញាត្តឲ្យចូលកម្ពុជាឡើយ ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «សុំខ្មែរយើងនៅម៉ាឡេស៊ី ១៥០ នាក់ស្នាក់នៅទីនោះសិន កុំអាលធ្វើចល័ត»។ សម្តេចបានបញ្ជាក់ថា ឃើញហើយករណីកូវីដ ១៩ នៅកម្ពុជា គឺមានជាង ១០០ ករណីដែលក្នុងនោះការនាំចូលគឺមានជាង ៨០ នាក់ទៅហើយ ។ សម្តេចបានបញ្ជាក់ថាថ្មីៗនេះ និស្សិតខ្មែរម្នាក់មកពីអាមេរិក និងម្នាក់មកពីជប៉ុន ពេលមកដល់កម្ពុជាភ្លាមគឺត្រូវចូលទៅមន្ទីរពេទ្យចាក់អង្រែភ្លាមផងដែរ ។
សម្តេចបានពន្យល់ថាករណីដែលសម្តេចបានចិត្តមេត្តាឲ្យនាវាទេសចរណ៍ឈ្មោះ MS Westerndam ចូលកម្ពុជាកាលពីពេលមុននេះ គឺពេលនោះកម្ពុជា មិនមែនជាដំណាក់កាលឆ្លងទេ៕
ចែករំលែកព័តមាននេះ