ខេត្តស្វាយរៀង ៖ កុមារីម្នាក់ត្រូវគោឡើងករបស់ខ្លួនជល់រហូតដល់បាក់ឆ្អឹងដងកាំបិត និងសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈដែលរូបនាងទៅស្រាយខ្សែចំណងបំរុងដឹកយកមកផ្ទះ។ កុមារីរងគ្រោះខាងលើ ឈ្មោះចាន់ រស្មី អាយុ១២ឆ្នាំ មានទីលំនៅក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២ មីនា ។
ស្ត្រីម្នាក់ឈ្មោះគឹម រ៉ាវី អាយុ៣៥ឆ្នាំ ត្រូវជាម្តាយកុមារីរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃគាត់មិនដែលបណ្តោយឱ្យកូនស្រីទៅដឹកគោនោះទេ ព្រោះគោសុទ្ធតែឡើងកធំៗខ្លាចវាបុះ ឬរត់ជាន់ ។ គាត់បន្តទៀតថា មុនពេលកើតហេតុរូបគាត់ និងកូនស្រីអង្គុយលើសាលាឆាន់ក្នុងវត្តរង់ចាំលោកឆាន់ហើយន្អាលនឹងហូបបាយជាមួយគ្នាទើបត្រឡប់មកផ្ទះ ប៉ុន្តែពេលដែលលោកឆាន់រួច ស្រាប់តែបាត់កូនស្រី ហើយគាត់នឹកស្មានថា កូនស្រីត្រឡប់ទៅហូបបាយនៅឯផ្ទះជាមួយយាយរបស់នាង ទើបគាត់មិនបានទៅតាមមើល ។ ស្រាប់តែនៅ វេលាម៉ោងខាងលើ ខណៈដែលរូបគាត់កំពុងហូបបាយលើសាលាឆាន់នោះ ក៏មានគេទូរស័ព្ទ ប្រាប់ថា កូនស្រីគាត់ត្រូវគោបុះរបួសធ្ងន់ណាស់ ប្រញាប់មកផ្ទះយកកូនទៅពេទ្យទើបរូបគាត់បានដឹងហើយប្រញាប់យកកូនមកកាន់មន្ទីរពេទ្យ ខេត្តភ្លាមៗ ដើម្បីសង្គ្រោះ ។
ស្ត្រីជាម្តាយបានបញ្ជាក់ថា តាមសំដីកូនស្រីរបស់គាត់បានឱ្យដឹងថា នៅពេលកើតហេតុនោះនាងបានទៅស្រាយចំណងគោនៅឯវាលស្រែបំរុងដឹកយកមកផ្ទះវិញ ប៉ុន្តែពេលដែលស្រាយខ្សែហើយមិនទាន់ទាំងបានដឹកគោផងនោះ រូបនាងត្រូវគោឈ្មោលឡើងកដែលទើបស្រាយខ្សែរួច ស្ទុះមកបុះចំពីមុខបណ្តាលឱ្យដួលដាច់ផ្ងារទៅក្រោយ និងសន្លប់ឈឹងតែម្តង ដោយពុំមាននរណាបានឃើញ និងជួយឡើយ។ ក្រោយមកប្រមាណជា១៥នាទី នាងក៏ដឹងខ្លួនឡើងវិញ ហើយបានកាន់ខ្សែដើរដឹកគោដែលបុះនាងនោះត្រឡប់មកផ្ទះវិញ ហើយនិយាយប្រាប់យាយថា នាងត្រូវគោបុះចំចង្កា និងឆ្អឹងដងកាំបិតខាងស្តាំឈឺខ្លាំងណាស់ ទើបមានការភ្ញាក់ផ្អើលឡើង ។ ក្រោយពីក្រុមគ្រូពេទ្យថតមើលឃើញថា ចង្ការបស់កុមារីរងគ្រោះពុំមានរបួសធ្ងន់ធ្ងរទេ ប៉ុន្តែឆ្អឹងដងកាំបិតខាងស្តាំបានបាក់ហើយចាក់ទៅរកសួតថែមទៀត ដែលចាំបាច់ត្រូវតែធ្វើការវះកាត់ ៕
ចែករំលែកព័តមាននេះ