រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Google បានចាប់ផ្ដើមផ្សាយរបាយការណ៍ទិន្នន័យ ទីតាំងអ្នកប្រើប្រាស់ ដើម្បីជួយបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ នេះបើតាមរយៈហ្វេសប៊ុកផេក របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។
ចាប់ផ្តើមពីថ្ងៃសុក្រ ទី០៣ ខែមេសា កន្លងមក ក្រុមហ៊ុន Google បានចាប់ផ្ដើមចុះផ្សាយទិន្នន័យ ទាក់ទងនឹងទីតាំងអ្នកប្រើប្រាស់ (Community Mobility Reports) ដើម្បីជួយអាជ្ញាធរ នៃប្រទេសនីមួយៗ ងាយស្រួលក្នុងការអង្កេតចំនួនមនុស្ស ក្នុងតំបន់ទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ។
របាយការណ៍នេះ បង្ហាញពីទីតាំងរបស់អ្នកប្រើប្រាស់ ដែលបានឯកភាព បើកសិទ្ធឱ្យក្រុមហ៊ុន ទាញយកទិន្នន័យទីកន្លែង (Location) របស់ពួកគេ ប៉ុន្តែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ នឹងពុំត្រូវបានបង្ហាញជាសាធារណៈនោះទេ ។
លោកស្រី Jen Fitzpatrick ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះ បាននិយាយថា ក្រុមហ៊ុនទាញយកទិន្នន័យពីផែនទីរបស់ Google ហើយបង្ហាញពីកម្រិតចំនួនមនុស្ស នៅក្នុងតំបន់អាជីវកម្មនីមួយៗ ដែលទិន្នន័យនេះ វាមានអត្ថប្រយោជន៍ណាស់សម្រាប់អាជ្ញាធរផ្នែកសុខាភិបាល ធ្វើសេចក្តីសម្រេចចិត្ត ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ។
បច្ចុប្បន្នរបាយការណ៍នេះមានសម្រាប់ ១៣១ប្រទេស ដោយផ្ដល់ឱ្យជាប្រភេទឯកសារ PDF ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការចែកចាយ ហើយងាយយល់ដោយដាក់បង្ហាញទីតាំងផ្សេងៗ គ្នាចែកជា៦ប្រភេទ ដូចជា ៖
១-កន្លែងកម្សាន្ត ផ្សារ សារមន្ទីរ បណ្ណាល័យ រោងភាពយន្ត…
២-ហាងទំនិញ ឱសថស្ថាន
៣-សួនឧទ្យាន សួនកម្សាន្តសាធារណៈ ឆ្នេរសមុទ្រ ផ្លាសា…
៤-ស្ថានីយធ្វើដំណើរសាធារណៈ ចំណតរថយន្តក្រុង ស្ងានីយរថភ្លើង…
៥-កន្លែងការងារ
៦-កន្លែងស្នាក់នៅ ឬលំនៅឋាន ។
ជាឧទាហរណ៍ នៅកម្ពុជា របាយការណ៍នេះ បានបង្ហាញថា អំឡុងសប្តាហ៍មុន ចំនួនអ្នកនៅក្នុងតំបន់ កន្លែងកម្សាន្ត និងផ្សារ មានការថយចុះ ៤៣% សួនឧទ្យាន មានការថយចុះ ៣១% ចំណែកឯកន្លែងស្នាក់នៅមានការកើនឡើង១២% ។ នេះបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ បានកាត់បន្ថយការចេញពីផ្ទះ ដែលជាសញ្ញាដ៏ល្អមួយ ក្នុងការកាត់បន្ថយឆ្លងនៃជំងឺកូវីដ-១៩ ។
ហេតុផលសំខាន់ដែលធ្វើឱ្យក្រុមហ៊ុន Google ធ្វើបែបនេះ ក៏ព្រោះតែចង់ឱ្យអាជ្ញាធរអាច ចាត់វិធានការទៅលើកការចល័ត ឬប្រមូលផ្តុំរបស់មនុស្សនៅកន្លែងណាមួយ មានគ្នាច្រើនពេក ឬក៏អាចជាការកំណត់ប្តូរម៉ោង ក្នុងការដើរហើរខ្លះ ក៏ដូចជាអាចបិទកន្លែងណាមួយជាដើម ដើម្បីបញ្ជៀសការចេញដើរ និងទៅកន្លែងតែមួយ ក្នុងពេលដំណាលគ្នាច្រើនពេក ដែលទាំងនេះ ក៏ជាការជួយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ បានផងដែរ ៕
ចែករំលែកព័តមាននេះ