ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ពិការ​ច្រើន​នាក់ ចែកផ្លូវ​គ្នា​រកស៊ី​យ៉ាង​ត្រដាបត្រដួស​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គួរ​ឱ្យ​អាណិត​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​មួយ ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ជិតខាង ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​មាន​អ្នកខ្លះ​ពិការ​ភ្នែក ខ្លះ​ពិការ​ជើង​ទាំង​ពីរ ព្រោះតែ​របួស​ដោយសារ​តែ​ចូល​កាប់​ឈើ​ធ្វើ​ផ្ទះ​កាលពី​ជាង​១០​ឆ្នាំ​មុន…

ខេត្ត​ប៉ៃលិន ៖ គួរ​ឱ្យ​អាណិត​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​មួយ ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ជិតខាង ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​មាន​អ្នកខ្លះ​ពិការ​ភ្នែក ខ្លះ​ពិការ​ជើង​ទាំង​ពីរ ព្រោះតែ​របួស​ដោយសារ​តែ​ចូល​កាប់​ឈើ​ធ្វើ​ផ្ទះ​កាលពី​ជាង​១០​ឆ្នាំ​មុន លុះ​ប៉ះ​ចំ​គ្រាប់​មីន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​របួស​តែ​ម្តង ។

ចំណែក​ម្តាយ​ចាស់ជរា​ម្នាក់​ក៏​ខំប្រឹង​ដើរ​បេះ​បន្លែ​តាម​ព្រៃ​ភ្នំ និង​អ្នកខ្លះ​ដើរ​ប្រមូល​អុស​លើ​ភ្នំ ដែល​គេ​ឈូស​ចោល ដើម្បី​ដុត​ធ្វើ​ជា​ធ្យូង​លក់​បាន​ប្រាក់​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ទាំង​ត្រដាបត្រដួស ។

បើ​តាម​ប្រភព​ពី​លោក ព្រាប សា​រុន មេ​ភូមិ​ផ្សារ​ព្រំ​ជើង បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០​នេះ​ថា គ្រួសារ​ក្រីក្រ​ខាងលើ មាន​មនុស្ស​នៅ​ក្នុង​បន្ទុក​ចំនួន​៨​នាក់ គឺ​ទី​១-​ឈ្មោះ តេ​ង រឿ​ន ភេទ​ស្រី អាយុ​៨៨​ឆ្នាំ (​ត្រូវជា​ម្តាយ​) ទី​២-​ឈ្មោះ ចាន់ គ្រិ​ល អាយុ​៥៨​ឆ្នាំ ពិការ​ភ្នែក​ខាងស្តាំ (​ជា​កូនប្រសារ​) ទី​៣-​ឈ្មោះ តេ​ង រី ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ត្រូវជា​បងថ្លៃ​) ទី​៤- ឈ្មោះ តេ​ង ស្រី​ពៅ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ (​ជា​ប្រពន្ធ​) ទី​៥- ឈ្មោះ ចាន់ ថេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ឈប់​រៀន​ថ្នាក់​ទី​១១) ទី​៦- ឈ្មោះ ចាន់ រិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ឈប់​រៀន​ថ្នាក់​ទី​១១) ទី​៧- ឈ្មោះ ចាន់ រតនា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​ជា​សិស្ស​រៀន​ថ្នាក់​ទី​៣) និង​ទី​៨- ឈ្មោះ ចាន់ រតនៈ ភេទ​ប្រុស អាយុ​៨​ឆ្នាំ (​អត់​បាន​ទាន់​ចូល​រៀន​នោះ​ទេ​) ។

លោក​មេ​ភូមិ​បន្ត​ទៀត​ថា ពួក​គាត់​រាល់ថ្ងៃ​ពិតជា​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ខណៈ​បុរស​ជា​មេ​គ្រួសារ​ពិការ​ភ្នែក​ខាងស្តាំ ប្រពន្ធ​ពិការ​ជើង​ស្តាំ និង​កូនប្រុស​ទី​១ ពិការ​ជើង​ទាំង​សងខាង ដោយសារ​តែ​ផ្ទុះ​គ្រាប់​មីន​សេសសល់​កាលពី​សម័យ​សង្គ្រាម ខណៈ​ពួក​គេ​ចូល​ទៅ​កាប់​ឈើ ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​ស្នាក់​នៅ កាលពី​ជាង​១០​ឆ្នាំ​មុន បណ្តាល​ឱ្យ​ប៉ះ​ចំ​គ្រាប់​មីន​ប្រភេទ​៦៩ ផ្ទុះ​រង​របួស​ស្ទើរតែ​ទាំងអស់​តែ​ម្តង ។

លោក​មេ​ភូមិ​បន្ត​ថា ចំ​ណែ​ផ្ទះ​១​ខ្នង​ដែល​សង់​ពី​ថ្ម​ខាងលើ​នេះ គឺជា​ផ្ទះ​ទេវតា ជា​មូលនិធិ​ទូរទស្សន៍​​ប៉ុស្តិ៍​បា​យន្ត​តាម​រយៈ​អាជ្ញាធរ​ខេត្ត ទើប​ពួក​គេ​មានផ្ទះ​ស្នាក់​នៅ​បែប​នេះ តែ​ចំពោះ​ជីវ​ភាព​វិញ គឺ​មានការ​ខ្វះខាត​គួរ​ឱ្យ​អាណិតអាសូរ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ឈ្មោះ តេ​ង រឿ​ន អាយុ​៨៨​ឆ្នាំ ត្រូវជា​ម្តាយ បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​ត្រចៀក​ធ្ងន់​បន្តិច​ថា ទោះបីជា​គាត់​មាន​វ័យ​ចំណាស់ ជិត​ឈាន​ចូល​ដល់​វ័យ​៩០​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ជាមួយនឹង​កូនចៅ ដើម្បី​បេះ​ស្លឹក​បាស ស្លឹក​ផ្ទី យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​លក់​បាន​ប្រាក់​ត្រឹមតែ​១៥០០០​ទៅ​២០០០០​រៀល​ប៉ុណ្ណោះ ។ ហើយ​គាត់​ក៏​ប្រាថ្នា​ឱ្យ​មាន​អាហារ​ហូប​គ្រប់គ្រាន់​ជាមួយនឹង​កូនចៅ​ជា​ជន​ពិការ ដែល​កំពុង​រស់នៅ​ក្បែរ​ជើងភ្នំ​ដ៏​សែន​លំបាក​វេទនា​នេះ​ផង​ដែរ​។

ចំណែក​លោក ចាន់ គ្រិ​ល អាយុ​៥៨​ឆ្នាំ ពិការ​ភ្នែក​ខាងស្តាំ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា គាត់​រង​របួស​​ភ្នែក​ខាងស្តាំ​ម្ខាង ដោយសារ​តែ​កាលពី​ជាង​១០​ឆ្នាំ​មុន​នាំ​ប្រពន្ធ​កូនប្រុស​ច្បង​ម្នាក់ ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ ដើម្បី​យក​មក​សង់ផ្ទះ​រស់នៅ​ជួបជុំ​គ្រួសារ លុះ​មិន​ទាន់​បាន​កាប់​ឈើ​ផង ស្រាប់​តែ​ជាន់​ត្រូវ​គ្រាប់​មីន​ផ្ទុះ បណ្តាល​ឱ្យ​រង​របួស​ទាំង​៣​នាក់​តែ​ម្តង ។

លោក​បន្ត​ទៀត​ថា រាល់ថ្ងៃ​ម្តាយ​ចំណាស់​របស់​គាត់ និង​កូន​ៗ​ជួយ​ដើរ​រក​បេះ​ស្លឹក​ផ្ទី និង​បន្លែ​ស្រស់​តាម​ព្រៃ​ភ្នំ ដើម្បី​ផ្សំគ្នា​លក់​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព ។ ចំណែក​លោក​ជាមួយនឹង​កូន​មួយ​ចំនួន​ទៀត នាំ​គ្នា​ដើរ​ប្រមូល​អុស​ឈើ​នៅ​លើ​ភ្នំ​យក​មក​ដុត​ជា​ធ្យូង រួច​ដើរ​លក់​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ម្តង បាន​ប្រាក់​ប្រហែល​៤​ទៅ​៥​ម៉ឺន​រៀល សម្រាប់​ផ្សំគ្នា​យក​ទៅ​ទិញ​អង្ករ និង​ម្ហូប អាហារ​ផ្គត់ផ្គង់​គ្រួសារ ។

លោក​បញ្ជាក់​ថា រាល់ថ្ងៃ​សូ​ម្បី​តែ​ទឹក​ប្រើប្រាស់​ក៏​មានការ​លំបាក​ដែរ ព្រោះ​នៅ​ក្បែរ​ជើងភ្នំ គ្មាន​អណ្តូង ឬ​ស្រះ​ទឹក​នោះ​ទេ អត់​ប្រាក់​សម្រាប់​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក៏​គ្មាន​ដែរ ។ លោក​​ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស បើសិនជា​មានការ​អាណិត​អាសូរ​ដល់​គ្រួសារ​ខ្លួន សូម​ជួយ​រួមចំណែក​បន្តិចបន្តួច​ផង​ចុះ ព្រោះ​ពួក​គាត់​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ ពោល​គឺ​រក​ព្រឹក​ខ្វះ​ល្ងាច​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ