រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជាកម្មករសំណង់២នាក់បានលូនចូលទៅក្នុងលូ ដើម្បីតាមចាប់ទាក្នុងចម្ងាយប្រមាណជា១០០ម៉ែត្រ ហើយក៏ថប់ដង្ហើមដាច់ខ្យល់ជាប់ក្នុងលូនោះតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ២រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ លុះម៉ោងប្រមាណជាង៦ល្ងាច ទើបអាជ្ញាធរ និងសមត្ថកិច្ច សហការជាមួយក្រុមគ្រួសារជនរងគ្រោះ នាំគ្នាយកគ្រឿងចក្រមកកាយរកសពឃើញ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ១-ឈ្មោះអៀង ចាន់អាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះឃឿន សេន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ព្រមទាំងមានកូនប្រុសម្នាក់អាយុ៦ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិ-ឃុំកើតហេតុខាងលើ និងមានស្រុកកំណើតភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង និង២-ឈ្មោះ ផាន់ សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅជាមួយគ្នា មានប្រពន្ធឈ្មោះ ឆា ស្រីទូច អាយុ២០ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតជាមួយគ្នា។
តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិបានលែងទាឱ្យរកស៊ីចំណីនៅវាលស្រែ ហើយពេលនោះទាក៏បានចូលលូបាត់ប្រមាណជាង១០ក្បាល ។ ខណៈនោះជនរងគ្រោះដែលជាកម្មករនៅការដ្ឋានសំណង់ខាងលិច ដែលថ្ងៃនេះជាថ្ងៃសំរាក ក៏បានជួបជុំគ្នាផឹកស៊ី និងខ្លះទៀតក៏បានដើរចាប់ត្រី ហើយគាប់ជួនឮថា មានទាចូលលូបាត់ កម្មករក៏បានលូនចូលតាមចាប់ ហើយបានទាចំនួន៥ក្បាល ។ លុះក្រោយមក ក៏បានលូនចូលទៅចាប់ទៀត ព្រោះទាដែលបាត់នោះគេអះអាងថា ជាង១០ក្បាល ។
តាមព័ត៌មានដដែលឱ្យដឹងទៀតថា នៅក្នុងពេលដែលលូនចូលលូ ដើម្បីចាប់ទាទៀតនោះ ស្ត្រីជាភរិយាក៏បាននៅរង់ចាំមើលចាប់ទាផងដែរ ។ នៅពេលជនរងគ្រោះឈ្មោះអៀង ចាន់អាន បានលូនចូលទៅក្នុងលូដែលមានមុខកាត់ ០,៨០ម៉ែត្រ ក៏បានបាត់យូរមិនឃើញចេញមកក្រៅវិញ ពេលនោះជនរងគ្រោះម្នាក់ទៀតឈ្មោះ ផាន់ សីហា ក៏បានលូនចូលទៅតាម ស្រាប់តែបានបាត់ដែរ។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាបពីបាត់ប្តីយូរពេក ស្ត្រីជាប្រពន្ធទាំង២នាក់ក៏មានភ័យស្លន់ស្លោ ហើយក៏ប្រាប់អ្នកភូមិ និងអ្នកធ្វើការជាមួយគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល ព្រមទាំងប្តឹងសមត្ថកិច្ច្ និងអាជ្ញាធរឱ្យជួយតែម្តង។
តាមព័ត៌មានដដែលបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុនោះ គឺមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយនគរបាល និងក្រុមគ្រួសារ ព្រមទាំងអ្នកភូមិក៏បានយកគ្រឿងចក្រមកជួយកាយរក និងបើកគម្របអណ្តូងលូ ព្រមទាំងបូមទឹកតាមរ អស់រយៈពេលប្រមាណជាង៤ម៉ោង។ លុះនៅម៉ោងប្រមាណ៦និង៣០នាទីយប់ ទើបរកសពឃើញសពទាំង២នាក់នៅជាប់ ក្នុងលូនោះចំងាយប្រមាណជា១០០ម៉ែត្រ នេះបើគិតចាប់តាំងពីកន្លែងលូនចូលតាមចាប់ទានោះ។
ទន្ទឹមនឹងនោះ ស្ត្រីជាប្រពន្ធ ក៏បានស្រែកទ្រហោយំទាំងអាលោះអាល័យជាទីបំផុត ។ ក្រោយមកសពជនរងគ្រោះទាំង២នាក់ ក៏ត្រូវបាននគរបាលបញ្ជូនទៅតំកល់នៅឈាបនដ្ឋាវត្តក្រាំងធ្នង់ ដើម្បីទុកឱ្យនគរបាលជំនាញចុះមកត្រួតពនិត្យ ។
តាមនគរបាលឱ្យដឹងថា សពបុរស២នាក់ខាងលើ គឺបានថប់ដង្ហើមរហូតបាត់បង់ជីវិតនៅក្នុងនៅលូនោះ ខណៈពេលដែលលូនចូលចាប់ទាតាំងពីកន្លែងអត់ទឹក រហូតដល់នៅកន្លែងទឹក ហើយបានដាក់ការសង្ស័យថា ប្រហែលមកពីអត់មានអ៊ុកស៊ីសែន ទើបបណ្តាលឱ្យបាត់បង់ជីវិតជាប់ក្នុងលូតែម្តង ។ ហើយពេលនេះសពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ