ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​វ័យ​ក្មេង​នីម៉ា គឺ​ជា​គ្រាប់​ពេជ្រ​របស់​ប្រេស៊ីល

15 ឆ្នាំ មុន

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ ​Neymar da Silva Santos Junior ត្រូវ​បាន​គេ​ស្គាល់​ថា នីម៉ា កើត​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​១៩៩២ ក្នុង​ទីក្រុង Mogi da Cruzes ប្រទេស​ប្រេស៊ីល។ បច្ចុ​ប្បន្ន​នីម៉ា មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ តែ​គេ​ជា​កីឡា​ករ​មួយ​រូប​ដែល​កំពុង​បញ្ចេញ​ទេព​កោសល្យ​លេច​ធ្លោ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ក្នុង​សត​វត្ស​ទី​២១​នេះ។

​​នីម៉ា​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​បាល់​ទាត់​ដំបូង​តាំង​ពី​២០០៣ នៅ​ក្នុង​ក្លឹប​យុវ​ជន​ Santos រហូត​មក​ដល់​ឆ្នាំ​២០០៩។ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក​ដល់​បច្ចុ​ប្បន្ន​នេះ គេ​បាន​​បន្ត​លេង​ឱ្យ​ក្លឹប​​Santos ដដែល។ នៅ​ជា​មួយ​ក្លឹប Santos កីឡា​ករ​នីម៉ា ធ្លាប់​បាន​បង្ហាញ​​វត្ត​មាន​ចំនួន​៦៤​លើក ស៊ុត​បាល់​បញ្ចូល​ទី​បាន​២៧​គ្រាប់។ ក្រៅ​ពី​ការ​លេងឱ្យ​​ក្លឹប Santos គេ​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡា​ករ​ជម្រើស​ជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ កាល​ពី​ឆ្នាំ​២០០៩ ដោយ​រក​គ្រាប់​បាល់​បាន​១​គ្រាប់ ក្នុង​ការ​បង្ហាញ​វត្ត​មាន​ចំនួន​៣​ប្រកួត។ នៅ​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១០ ​រូប​គេ​ក៏​ត្រូវ​បាន​ជ្រើស​រើស​​ឱ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​​ជាតិ ក្រោម​ការ​ដឹក​នាំ​របស់​លោក Mano Menezes គ្រូ​បង្វឹក​ថ្មី។

តាម​រយៈ​ការ​បង្ហាញ​វត្ត​មាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ចំនួន​៣​ប្រកួត​នេះ កីឡា​ករ​នីម៉ា អាច​មាន​សមត្ថ​ភាព​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ចំនួន​៣​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​សហ​រដ្ឋ​អាមេរិក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់ និង​ស៊ុត​បាល់​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ឱ្យ​ក្រុម​ប្រេស៊ីល​​ឈ្នះ Scotland ២-០ ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៧ មីនា ថ្មី​ៗ​នេះ។ ក្រៅ​ពី​នេះ​ទៀត​កីឡា​ករ​នីម៉ា ក៏​ជា​កីឡា​ករ​ម្នាក់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២០​ឆ្នាំដែរ ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​​បាន​៩​គ្រាប់​ក្នុង​ការ​បង្ហាញ​វត្ត​មាន​ចំនួន​៧​លើក។

ជា​មួយ​នឹង​ភាព​ល្បី​ល្បាញ​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បែប​នេះ ធ្វើ​ឱ្យ​ក្លឹប​ល្បី​ៗ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ដូច​ជា​ក្លឹប Real M, Inter, Juven​tus និង​ជា​ពិសេស​គឺ​ក្លឹប Chelsea ​តែ​ម្តង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​បាន​សាក​ល្បង​ធ្វើ​ការ​ចរចា​​គ្នា​​២ទៅ​៣​​លើក​រួច​​មក​ហើយ ​ជា​មួយ​ក្លឹប Santos តែ​ក្លឹប Santos បាន​កំណត់​តម្លៃ​កីឡា​ករ​រូប​នេះ​​ខ្ពស់​រហូត​ដល់​ទៅ​៣០​លាន​ផោន និង​បាន​បន្ត​កុងត្រា​ជា​មួយ​កីឡា​ករ​នេះ​រហូត​​ទៅ​ដល់​ឆ្នាំ២០១៤។ ការ​បន្ត​កុងត្រា​ និង​កំណត់​តម្លៃ​ដ៏​ខ្ពស់​បែប​នេះ គឺ​ជា​ចេតនា​រារាំង​មិន​ឱ្យ​កីឡា​ករ​រូប​នេះ​ចាក​ចេញ​ពី​ក្លឹប​។ ទោះ​ជា​យ៉ាង​ណា​ក្តី កីឡា​ករ​នីម៉ា បាន​បង្ហាញ​ពី​អារម្មណ៍​ពុះ​កញ្ច្រោល​ចង់​ទៅ​លេង​ឱ្យ​ក្លឹប​នៅ​តំបន់​អឺរ៉ុប ជា​ពិសេស​គឺ​ក្លឹប Chelsea តែ​ម្តង​សម្រាប់​រដូវ​កាល​ក្រោយ៕