ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​តវ៉ាមក​ពី​តំបន់​បឹង​កក់​ប្រមាណ​ជិត​៥០នាក់ មាន​សង្ឃ​មួយ​អង្គ​​ចូល​រួមលេច​ធ្លោ​ជាង​គេ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១១ ​មាន​អ្នក​ភូមិ​បឹង​​កក់ ប្រមាណ​៥០​​នាក់ ​ភាគ​ច្រើន​​ជា​ស្ត្រី​​រស់​នៅ​ភូមិ​ទី​៦, ២១, ២២, ២៣ និង​ភូមិ​ទី​២៤ ​ក្នុង​សង្កាត់​​ស្រះ​ចក ខណ្ឌ​​ដូន​ពេញ បាន​​​នាំ​គ្នា​មក​ប្រមូល​​ផ្តុំ​​​នៅ​មុខ​សាលា​រាជ​ធានី​ ដើម្បី​ទាម​ទារ​សុំ​ឱ្យ​អភិ​បាល​រាជ​ធានី​ភ្នំពេញ ដោះ​ស្រាយ​ដី​បឹង​កក់​ចំនួន​ប្រាំ​ហិកតា ​ទុក​ឱ្យ​ពួក​​គាត់​​អភិ​វឌ្ឍ​ដោយ​ខ្លួន​ឯង ។ នេះ​ជា​ការ​ទាម​ទារ​ច្រើន​លើក​ច្រើន​សា​មក​ហើយ ​ពុំ​ដែល​បាន​ទទួល​លទ្ធ​​ផល​ឡើយ ​​ព្រោះ​​ការ​​ទាម​ទារ​​បែប​នេះ វា​ខុស​ទៅ នឹង​គោល​ការណ៍​ដោះ​ស្រាយ​​របស់​រាជ​រដ្ឋា​ភិបាល​​ដែល​មាន​អ្នក​យល់​ព្រម​​ចាក​ចេញ​​ប្រមាណ​៩០% ​រួច​​​ហើយ ​​ប៉ុន្តែ​ពួកគាត់​នៅ​​តែ​ព្យា​យាម​​ដដែល ។

រាល់​បាតុ​កម្ម​ទាម​ទារ​ជា​ច្រើន​លើក​មក​ហើយ គេ​សង្កេត​​ឃើញ​មាន​បាតុ​ករ​ភាគ​ច្រើន​​ជា​ស្ត្រី​ប្រមាណ​ពី​៣០​ទៅ​៥០​នាក់ ជា​អ្នក​ភូមិ​បឹង​កក់ តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​បំបែក​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សំគាល់​ទៀត​នោះ គឺ​ការ​តវ៉ា​នា​ពេល​នេះ​ប្លែក​ជាង​ពេល​ណាៗ​ទាំង​អស់​ ព្រោះ​ឃើញ​មាន​​​សង្ឃ​មួយ​​អង្គ​ស្នាក់​នៅ​កុដិ​លេខ​​​៤៥​វត្ត​ឧណ្ណា​​លោម​បាន​ចូល​រួម​ថត​វីដេ​អូ និង​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​អ្ន​ក​កាសែត​ ព្រម​ទាំង​ចូល​​ប្រជ្រៀត​ក្នុង​ហ្វូង​បាតុ​ករ​​ដែល​ភាគ​ច្រើន​ជា​នារី ។ គេ​មិន​បាន​ដឹង​ច្បាស់​ថា ​តើ​ព្រះ​សង្ឃ​​អង្គ​នោះ​មាន​ផ្ទះ ឬ​ដី​ ឬ​ញាតិ​ញោម​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​​​​ដែរ ឬ​អត់​ទេ ប៉ុន្តែ​​បើ​តាម​ច្បាប់​ ឬ​វិន័យ​ព្រះ​ពុទ្ធ​សាសនា គឺ​ព្រះ​សង្ឃ​​​នោះ​ធ្វើ​ខុស​ទាំង​ស្រុង​ ដែល​បញ្ហា​នេះ អាជ្ញា​ធរ​រាជ​ធានីភ្នំបេញ បាន​និង​កំពុង​ធ្វើ​លិខិត​ថ្វាយ​ទៅ​សម្តេច​សង្ឃ​ដើម្បី​មាន​វិធាន​ការ​តាម​វិន័យ​ព្រះ​ពុទ្ធ​​សាសនា​ហើយ ។

​គេ​បាន​កត់​សម្គាល់​​ថា ក្នុង​រយៈ​ពេល​កន្លង​មក ប្រជា​ពល​រដ្ឋរ​ស់​នៅ​តំបន់​​​បឹង​កក់​​មួយ​ចំនួន​បាន​ព្យា​យាម​ធ្វើ​ការ​តវ៉ា​ដើម្បី​ទាម​ទារ​ដី​អភិ​វឌ្ឍន៍​ដោយ​ខ្លួន​ឯង ចំណែក​​មួយ​​​ចំនួនធំ​​បាន​ឯក​ភាព​ទទួល​យក​គោល​នយោ​បាយ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់។ ​​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​​ ទោះ​បី​ជា​​អ្នក​ភូមិ​ទាំង​នោះ​​បាន​ព្យា​យាម​​ធ្វើ​ការ​ប្រមូល​ផ្តុំ​ ឬ​ទាម​ទារ​​នោះ បើ​ពិនិត្យ​ទៅ​លើ​​ ជំហរ​ខាង​អាជ្ញា​ធរ​ ឬ​ក្រុម​ហ៊ុន ​​ហាក់​​មិន​មាន​ការ​ប្រែ​ប្រួល​ទេ ព្រោះ​នេះ​ជា​គោល​ការណ៍​អភិ​វឌ្ឍន៍​​​របស់​រាជ​រដ្ឋា​ភិបាល​​ដែល​រាជ​ធានី​ភ្នំពេញ ​បាន​​​ត្រឹម​តែ​ជា​អ្នក​សម្រប​សម្រួល​ប៉ុណ្ណោះ ។ ម្យ៉ាង​ទៀត​អ្នក​រស់​​នៅ​ ឬ​តាំង​ទី​លំនៅ​ក្នុង​តំបន់​បឹង​កក់​ត្រូវ​បាន​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ ​ចាត់​ទុ​ក​ថា ជា​អ្នក​ខុស​ច្បាប់ ​ព្រោះ​​ជុំ​វិញ​បឹង​កក់​ជា​តំបន់​ហាម​ឃាត់ ។ ដោយ​សារ​ជា​តំបន់​ហាម​ឃាត់​ និង​ហាម​មិន​ឈ្នះ​នេះ​ហើយ ទើប​ការ​តាំង​ទី​លំនៅ​​មិន​ត្រូវ​បាន​ភូមិ​បាល​ទទួល​ស្គាល់​ គឺ​គ្មាន​​ប័ណ្ណ​​ គ្មាន​ប្លង់​ដី ។ ចំណែក​​ព្រះ​​សង្ឃ​មួយ​អង្គ​ដែល​ចូល​រួម​ធ្វើ​បាតុ​កម្ម​តាម​ដំណឹង​ថា ​អាច​មាន​បញ្ហា​​ប្រឈម​​ជា​មួយ​នឹង​វិន័យ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​​ទៀត​ផង។

​តាម​ព័ត៌​មាន​​ចុង​​ក្រោយ​​ឱ្យ​ដឹង​ទៀត​ថា ​វេលា​ម៉ោង​ជាង​២​រសៀល ថ្ងៃ​ទី​២៥ មីនា ដដែល​ ស្ត្រី​ក្រុម​អ្នក​តវ៉ា​ដដែល​​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជ​ធានី​​ភ្នំពេញ​ម្តង​ទៀត ធ្វើ​ឱ្យ​​ស្ទះ​ដល់​ការ​ងារ​របស់​​​​មន្ត្រី​ការិយា​ល័យ​រដ្ឋ​បាល  រហូត​ដល់​​បិទ​​ទ្វារ​មិន​អាច​ចូល​ធ្វើ​ការ​បាន។ តាម​ដំណឹង​ថា ខាង​សាលា​រាជ​ធានី​ភ្នំពេញ បាន​ទទួល​​​យក​លិខិត​​ទាម​ទារ​ពី​ក្រុម​ស្ត្រីទាំង​នោះ​​ហើយ​​ព្រម​ទាំង​មាន​ព័ត៌​មាន​ថា ខាង​សាលា​រាជ​ធានី​​ភ្នំពេញ យល់​​ព្រម​ឱ្យ​តំណាង​​អ្នក​តវា៉​ចូល​ជួប​ពិភាក្សា​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ មីនា ​ទើប​បន្ទាប់​មក​ដក​ថយ​​ទៅ​ផ្ទះវិញ។ ​ប្រភព​ព័ត៌​មាន​ពី​តំបន់​អភិ​វឌ្ឍន៍​​បឹង​កក់​ឱ្យ​ដឹង​ថា ការ​អភិ​វឌ្ឍ​​តាម​គម្រោង ​​កំពុង​បោះ​ជំហាន​ទៅ​មុខ​ឥត​រា​ថយ​ឡើយ ។ ដំណោះ​ស្រាយ​គោល​នយោ​បាយ​​៣​ចំណុច​នៅ​តែ​បើក​​ចំហ​​នៅ​ឡើយ​ទេ។ ​ចំណែក​ការ​ស្ថាបនា​មហា​វិថី​​ខ្វាត់​ខ្វែង​​ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​គ្មាន​ការ​រាំង​ស្ទះ​ដែរ៕