រាជធានីភ្នំពេញ ៖ ភ្លាមៗ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្ម័គ្រចិត្តបរិច្ចាគនូវប្រាក់បៀវត្សរបស់សម្តេច ជានាយករដ្ឋមន្ត្រីចំនួនស្មើនឹង ៧ខែ ដោយរាប់ចាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ គេកត់សម្គាល់ឃើញថា មានថ្នាក់ដឹកនាំតាមស្ថាប័នកំពូលជាច្រើនរូប ចាប់ពីថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ រហូតថ្នាក់អភិបាលខេត្ត បានដើរតាមគំរូរបស់សម្តេចតេជោ ដោយស្ម័គ្រចិត្តបរិច្ចាគនូវប្រាក់បៀវត្ស ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ មានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រកាសស្ម័គ្រចិត្ត បរិច្ចាគប្រាក់ខែជាឧបនាយករដ្ឋមន្ត្រីរបស់ខ្លួនចំនួន៧ខែ ចាប់ពីខែមីនា ដល់ខែកញ្ញា, និងរដ្ឋមន្ត្រី ៣រូបផ្សេងទៀតក៏ បានប្រកាសស្ម័គ្រចិត្ត បរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន ៦ខែ ចាប់ពីខែមីនានេះ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលរដ្ឋមន្ត្រីទាំង ៣រូប រួមមាន ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ក្នុងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុក៏បានដើរតាមគំរូរបស់សម្តេចតេជោ ហ៊ុន សែន ដោយប្រកាសបរិច្ចាគប្រាក់ខែចំនួន ៧ ខែដល់ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ ៕
ចែករំលែកព័តមាននេះ