រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០១០ នៅសាលសន្និសីទចតុមុខមានរៀបចំព្រឹត្តិការណ៍វប្បធម៌អបអរសាទរខួបអនុស្សាវរីយ៍នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ និងល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្រោមអធិបតីភាពលោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានភ្ញៀវជាតិ អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។ លោកអ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ដោយយល់ឃើញសារសំខាន់នៃបេតិកភណ្ឌវប្បធម៌អរូបីជាមូលដ្ឋានគ្រឹះនៃវប្បធម៌ចំរុះដែលកំពុងប្រឈមនូវការបាត់បង់ជាបន្តបន្ទាប់ទើបអង្គការយូណេស្កូបានប្រកាសស្នាដៃឯកនៃបេតិកភណ្ឌសំដី និងអរូបីរបស់មនុស្សជាតិកាលពីឆ្នាំ១៩៩៧ ក្នុងគោលបំណងលើកកំពស់បេតិកភណ្ឌវប្បធម៌អរូបី និងតំរូវការក្នុងការការពារបេតិកភណ្ឌទាំងនោះសំរាប់គុណប្រយោជន៍របស់មនុស្សជាតិ។
លោកអ៊ុក សុជាតិ មានប្រសាសន៍បន្តថា កម្មវិធីប្រកាសនេះត្រូវបានធ្វើឡើងចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០០១, ២០០៣ និងឆ្នាំ២០០៥ ដោយបានទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីចំនួន៩០ទំរង់ ជាស្នាដៃឯកនៃបេតិកភណ្ឌសំដី និងអរូបីរបស់មនុស្សជាតិ ក្នុងនោះមានរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ និងល្ខោនស្រមោលស្បែកធំជាដើម។ លោកបន្តថា ការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤នេះឡើងក្នុងគោលបំណងបំផុសស្មារតីជាតិទាំងមូលឱ្យចូលរួមថែរក្សាការពារមរតកវប្បធម៌ជាតិ និងចង់បង្ហាញបន្ថែមឱ្យពិភពលោកយល់ដឹង និងស្គាល់កាន់តែច្បាស់ថែមទៀតអំពីតំលៃ និងភាពសប្បូណ៍បែបនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ពិសេសរបាំព្រះរាជទ្រព្យ និងល្ខោនស្រមោលស្បែកធំ ដែលជាសិល្បៈសក្តារជាស្នាដៃឯករបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ។
ក្នុងឱកាសនោះលោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ការទទួលស្គាល់ជាអន្តរជាតិនូវរបាំព្រះរាជទ្រព្យ និងល្ខោនស្រមោលស្បែកធំជាស្នាដៃឯកនៃបេតិកភណ្ឌសំដី និងអរូបីរបស់មនុស្សជាតិដោយអង្គការយូណេស្កូ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ធំធេងសំរាប់ប្រជាជនកម្ពុជា។ លោកឃឹម សារិទ្ធ ថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកមួយនៃអង្គការយូណេស្កូ តាំងពីឆ្នាំ១៩៥១មក បាននិងកំពុងព្យាយាមយ៉ាងសកម្ម ដើម្បីបង្កើនការចូលរួមចំណែកជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការថែរក្សាការពារលើកស្ទួយបេតិកភ័ណវប្បធម៌ពិភពលោក។ កេរមរតកវប្បធម៌ដ៏សំបូរបែបទាំងរូបី និងអរូបីគឺជាដួងព្រលឹង និងអត្តសញ្ញាណរបស់ជាតិខ្មែរ មិនអាចកាត់ថ្លៃបានទេ។ ព្រឹត្តិការណ៍វប្បធម៌អបអរខួបអនុស្សាវរីយ៍នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ និងល្ខោនស្រមោយស្បែកធំនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០១០ ដោយមានការតាំងពិព័រណ៍សិល្បៈសូនរូប សិប្បកម្មតម្បាញសូត្រ ការបង្ហាញម្អូបអាហារខ្មែរ និងពេលរាត្រីមានការសំដែងសិល្បៈទស្សនីយភាពជាច្រើនដូចជាសំដែងល្ខោនស្រមោលស្បែកធំ របាំព្រះរាជទ្រព្យ ការបង្ហាញម៉ូដសំលៀកបំពាក់សម័យចតុមុខ សម័យអង្គរ និងមានសំដែងសិល្បៈចំរុះកម្ពុជា-វៀតណាមជាច្រើនទំរង់ទៀត៕
ចែករំលែកព័តមាននេះ