រាជធានីភ្នំពេញ ៖ លោកតាម្នាក់បានបាត់បង់ជីវិតនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងចោលប្រពន្ធនិងកូនៗចំនួន១៧នាក់ ខណៈគាត់មានជំងឺបេះដូងនិងលើសឈាមប្រចាំកាយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយនោះបានធ្វើទុក្ខ ព្រោះតែគាត់ខកខានមិនបានលេបថ្នាំដោយគ្មានថ្នាំលេប នេះបើតាមការប្រាប់ឲ្យដឹងពីស្ត្រីជាប្រពន្ធក្រោយរបស់គាត់។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ5A ដែលមានទីតាំងស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ឲ្យនគរបាលដឹងថា បុរសជាប្តីឈ្មោះឯក សុផាត អាយុ៧៥ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ហើយរូបគាត់និងប្ដីបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធអស់រយៈពេល៥ឆ្នាំមកកន្លងហើយ ។
តាមប្រភពដដែលបានបន្តថា គាត់ជាស្រីមេម៉ាយមានកូន៥នាក់ ចំណែកប្ដីរបស់គាត់គឺជាបុរសពោះម៉ាយប្រពន្ធស្លាប់ចោលនិងមានកូនចំនួន១២នាក់ ហើយប្ដីរបស់គាត់មានមានជំងឺបេះដូងនិងលើសឈាមប្រចាំកាយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយបានលេបថ្នាំជារៀងរាល់ថ្ងៃជាប់ជាប្រចាំថែមទៀតផង ។ ដោយឡែកនៅថ្ងៃកើតហេតុបានអស់ថ្នាំលេប ខណៈដែលគាត់ដេកថ្ងៃ ស្រាប់តែជំងឺរបស់ប្តីធ្វើទុក្ខឡើងហើយក៏ប្រកាច់ត្រដរខ្យល់បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង ចំណែករូបគាត់ក៏ដូចជាក្រុមគ្រួសារនិងអ្នកជិតខាងមិនអាចជួយសង្គ្រោះបានទាន់ពេលឡើយ គឺលឿនខ្លាំងណាស់តែមួយភ្លែតប៉ុណ្ណោះប្តីរបស់គាត់ក៏បានបាត់បង់ជីវិតចោលរូបគាត់និងកូនៗចំនួន១៧នាក់គួរឲ្យសង្វេគបំផុត។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ជើងឯករួមជាមួយកម្លាំងនគរបាលខណ្ឌដង្កោបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីធ្វើកំណត់ហេតុបំភ្លឺផ្សេងៗពីប្រពន្ធនិងសាច់ញាតិ ហើយតាមការពិនិត្យជាក់ស្ដែង បុរសចំណាស់ម្នាក់ខាងលើនេះពិតជាបាត់បង់ជីវិតដោយសារជំងឺប្រចាំកាយពិតប្រាកដមែន ចំណែកក្រុមគ្រួសារមិនបានប្ដឹងផ្ដល់អ្វីឡើយ និងសុំយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ