ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​រថយន្ត​ក្រឡុក​ស៊ី​ម៉ង់ត៍​កិន​ស្លាប់​​ពីរ​នាក់

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ បុរសចំនួន២នាក់​​​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ ដោយ​​សារ​ត្រូវ​រថយន្ត​​កិន​បែក​ក្បាល​ធ្លាយ​ខួរ ខណៈ​ជិះម៉ូតូ​ម៉ាក​វ៉េវពណ៌ក្រហម ​ដួល​ចូលកង់​ក្រោយ​រថយន្តម៉ាក​ហ៊ីណូ​ក្រឡុកស៊ីម៉ង់ត៍ ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 5A-0450 កាល​ពី​វេលា​ម៉ោង៦​ល្ងាច ថ្ងៃ​ទី​១៩ មីនា ២០១១ នៅ​ចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់​សៀម។

លោក​ងិន ហេង ប្រធាននគរបាលចរាចរ​ស្រុក​កំពង់សៀម បានឲ្យ​ដឹង​ថា អ្នកដែល​ស្លាប់​ក្នុង​ឧប្បត្តិហេតុគ្រោះ​ថ្នាក់​​មិន​មាន​ពាក់​មួក​សុវត្ថិ​ភាព​​ទេ ដែល​ឈ្មោះ​នាង ចិត្ត អាយុ២៧ឆ្នាំ រស់​នៅ​ភូមិត្រពាំងចារ ឃុំ​ក្រឡា ស្រុកកំពង់​សៀម ជាអ្នកឌុប ​និង​ម្នាក់​​ទៀត​ឈ្មោះ​ទូច ម៉ុប អាយុ​២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា​ ហើយ​ម៉ូតូ​ដែល​​ជិះនោះ​ក៏​មិនរងការខូចខាតប៉ុន្មាន​ដែរ។ បុរស​រងគ្រោះទាំង២នាក់​ជិះម៉ូតូចេញ​មក​ពី​ទិស​ខាង​លិច លុះ​មកដល់​​ផ្លូវ​ចុះ​ចំណោត​ត្រង់ភូមិ​អណ្តូង​ច្រុះ ស្រាប់តែមាន​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍​​១គ្រឿង​បើក​បរ​​ដោយ​ឈ្មោះ​សោម វណ្ណារិន ភេទ​ប្រុស អាយុ​២៩ឆ្នាំ រស់​នៅ​ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុង​កំពង់​ចាម មក​ពីក្រោយ​ស្របទិសគ្នា តែ​មិន​ដឹងជាយ៉ាងម៉េច​ ស្រាប់​តែ​ម៉ូតូ​​រេចង្កូតមក​ចូល​កង់​​ក្រោយ​រថយន្តក្រឡុកស៊ី​ម៉ង់ត៍​​ បណ្តាលឲ្យ​កិន​ស្លាប់ទាំង២នាក់​យ៉ាង​អាណោច​អាធ័មបំផុត​ចំ​កណ្តាលទ្រូង។ ​ក្នុង​ហេតុ​ការណ៍​នេះ ម៉ូតូបានខ្ទាតចេញពីមនុស្ស​ចម្ងាយ​ប្រមាណ​១ម៉ែត្រ​ រីឯរថយន្តវិញមិនបាន​បើក​​ទៅណាឆ្ងាយ​ទេ ដោយអ្នកបើកបររថយន្ត​ត្រូវ​បាន​ឃាត់​ខ្លួន។

ក្រោយពីកើតហេតុគ្រោះថ្នាក់​ដ៏រន្ធត់នេះ​ប្រជា​ពល​រដ្ឋនៅក្បែរនោះបានភ្ញាក់ផ្អើលនាំគ្នា​មក​មើល​ជាបន្តបន្ទាប់​ ហើយ​មួយសន្ទុះ​​​ក្រោយ​មក ទើប​គេ​ស្គាល់អត្តសញ្ញាណអ្នក​ស្លាប់ទាំង​២​នាក់ និង​ត្រូវ​បានរថយន្តសាមុយរបស់មន្ទីរពេទ្យ 7 “D” មក​ដឹក​យកសព​ទៅកាន់លំនៅឋានរៀងៗ​ខ្លួនដើម្បីរៀបចំធ្វើបុណ្យ​ទៅតាមប្រពៃណី។ តាម​ប្រជាពលរដ្ឋនៅភូមិអណ្តូងច្រុះបាន​ប្រាប់​ថា ក្នុងពេល​មានគ្រោះថ្នាក់​​ដ៏​រន្ធត់​​នេះកើតឡើង​គេ​ឃើញ​លោកវរសេនីយ៍​ត្រី ប៉ាក ជាតិ អធិការ​នគរ​​បាល​ស្រុកកំពង់សៀម និងលោក​មេបញ្ជា​ការ​កងរាជ​អាវុធ​ហត្ថស្រុកកំពង់សៀម បាន​ដឹក​នាំ​កំលាំងចុះ​ទៅដល់កន្លែងកើតហេតុ​ដែលមាន​សភាព​ងងឹត​ផង​នោះ និងបានដាក់សញ្ញា​នៅលើ​ផ្លូវ​ថ្នល់ជួយ​សំរួលចរាចរណ៍​មិនឲ្យមាន​ការ​កក​ស្ទះនោះទេ។ ប៉ុន្តែ​បែរជាមានរថយន្ត១គ្រឿង ចំណុះ១តោន​កន្លះ​ដឹក​សំបកប៊ីដុងដាក់ប្រេង​ពេញ​​ទ្រុង​ខាង​ក្រោយ​ បើកចេញពីទិសខាងលិច​​ស្ទើរ​តែ​បុកមន្ត្រីកងរាជអាវុធហត្ថ​ម្នាក់ និងគ្រោះ​ថ្នាក់ជាក់ជាមិនខាន​ឡើយ។ វត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបាននាំ​យក​មក​កាន់អធិការ​ដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរង់​ចាំ​ដោះ​ស្រាយទៅតាមច្បាប់៕