ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម និង​កូនប្រុស​២​នាក់​របស់​ព្រាប សុវត្ថិ ទទួល​បាន​ក្រប​ខណ្ឌ​ទាហាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ពហុ​ជំនាញ និង​កូនប្រុស​កំពូល​តារាចម្រៀង​២​នាក់​ទៀត គឺ​សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ មុន្នី​វណ្ណ បាន​ទទួល​ក្រប​ខណ្ឌ​ជា​ទាហាន ក្នុង​នាម​ជា​អ្នកបម្រើ​សិល្បៈ​នៅ​វង់​តន្ត្រី​យោធា​​ភិ​រម្យ…

រាជធានី​ភ្នំពេញ ៖ តារា​ពហុ​ជំនាញ និង​កូនប្រុស​កំពូល​តារាចម្រៀង​២​នាក់​ទៀត គឺ​សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ មុន្នី​វណ្ណ បាន​ទទួល​ក្រប​ខណ្ឌ​ជា​ទាហាន ក្នុង​នាម​ជា​អ្នកបម្រើ​សិល្បៈ​នៅ​វង់​តន្ត្រី​យោធា​​ភិ​រម្យ ខណៈ​ពេល​ដែល​មាន​អ្នកសិល្បៈ​ជា​ច្រើន​រូប​ទៀត ក៏​ទទួល​បាន​ក្រប​ខណ្ឌ​តំណាល​គ្នា​នេះ​ដូច​គ្នា​ផង​ដែរ​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ក្រៃ​លែង ត្បិត​នេះ​គឺជា​សេចក្តី​បំណង​ប៉ង​ប្រាថ្នា​របស់​នាង​តាំងពី​តូច ដែល​ចង់​បម្រើកងទ័ព បើ​ទោះបីជា​ក្នុង​ផ្នែក​សិល្បៈ​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​បាន​បម្រើកងទ័ព​នេះ​អស់​ជា​ច្រើន​ឆ្នាំ និង​ក្នុង​នាម​ជា​កូនទាហាន​ធម្មតា​មួយ​រូប​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​បាន​ទទួល​ក្រប​ខណ្ឌ​នា​ពេល​នេះ ដោយសារ​តែ​អ្នក​នាង​បាន​បម្រើ​ការ​ជា​នាយទាហាន​មួយ​រូប​ក្នុង​វង់​តន្ត្រី​យោធា​ភិ​រម្យ ហើយ​អ្នក​នាង​ក៏​បាន​បម្រើកងទ័ព​នេះ ដូច​ជា​កូនទាហាន​ម្នាក់​ផង​ដែរ​។

អ្នក​នាង​បញ្ជាក់​ថា ការ​ទទួល​បាន​ក្រប​ខណ្ឌ​ទាហាន​នា​ពេល​នេះ គឺ​ក្រោយ​ពេល​ដែល​នាង​បាន​ចូល​បម្រើ​ក្នុង​ផ្នែក​សិល្បៈ​ក្នុង​វង់​តន្ត្រី​យោធា​ភិ​រម្យ​លើក​ទី​២ ដែល​ត្រូវ​បាន​ជ្រើសរើស បន្ទាប់​ពី​ក្រប​ខណ្ឌ​លើក​ទី​មួយ ដែល​មាន​អ្នកសិល្បៈ​យើង​បាន​ចាស់​ៗ​អស់​ទៅ​។

នាង​បន្ត​ថា ពួក​គាត់​ចាស់​ៗ​ទាំងអស់​បាន​ក្លាយទៅជា​គ្រូ​អស់ហើយ ហើយ​ថ្នាក់ដឹកនាំ​ដែល​គ្រប់​គ្រង​វង់​តន្ត្រី​យោធា​ភិ​រម្យ បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ជ្រើសរើស​កងទ័ព​ថ្មី​ដែល​បម្រើ​ឲ្យ​ផ្នែក​សិល្បៈ​នេះ​គ្រប់​ផ្នែក ហើយ​ត្រូវ​បាន​ថ្នាក់​អនុញ្ញាត​ឲ្យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ​។

បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម អ្នកសិល្បៈ​ដែល​បាន​ទទួល​ក្រប​ខណ្ឌ​នា​ពេល​នេះ គឺ​មាន​រូប​នាង និង​កូនលោក​ព្រាប សុវត្ថិ ២​រូប​ទៀត រួម​ទាំង​អ្នកសិល្បៈ​គ្រប់​ផ្នែក​ផ្សេង​ទៀត​ប្រមាណ​ជា​៤០​រូប ហើយ​ម្នាក់​ៗ​ទទួល​បាន​ឋា​ន្ត​រ​ស័​ក្ត​ត្រឹម​ជា​ពលទោ​ប៉ុណ្ណោះ​។

យ៉ាងណា​ម៉ិ​ញ អ្នក​នាង​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​រូប​នាង និង​អ្នកសិល្បៈ​ជា​ច្រើន​ទៀត ឲ្យ​ទទួល​បាន​ក្រប​ខណ្ឌ​នា​ពេល​នេះ ក្នុង​ពេល​ដែល​នាង​បាន​បម្រើ​សិល្បៈ​ផ្នែក​កងទ័ព​នេះ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​វា​ក៏​ជា​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​តាំងពី​ក្មេង​មក​ដែរ​។

គួរ​បញ្ជាក់​ថា ការ​ទទួល​បាន​ក្រប​ខណ្ឌ​ជា​នាយទាហាន​ពី​អ្នក​នាង ខាត់ សុ​ឃី​ម នា​ពេល​នេះ មិន​មែន​ជា​រឿង​មួយ​ថ្មី និង​ប្លែក​នោះ​ទេ ពោល​គឺ​មាន​អ្នកសិល្បៈ​ល្បី​ៗ​ជា​ច្រើន​ទៀត​ក៏​ទទួល​បាន​តំណែង និង​ទទួល​នាទី​នៅ​ក្នុង​ជួរ​កងទ័ព​នេះ​ដូច​គ្នា ក្នុង​នាម​ជា​អ្នកបម្រើ​ផ្នែក​សិល្បៈ​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ