ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផ្អាក​នាំ​អង្ករសចេញ​ទៅ​ក្រៅប្រទេស ​ដើម្បី​ទុក​ផ្គត់ផ្គង់​ក្នុងស្រុក​ខណៈ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រាលដាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្ថានភាព​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត កើន​ឡើងជា​បន្តបន្ទាប់​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បន្ត​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ របស់​ខ្លួន​បន្តបន្ទាប់​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល…

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្ថានភាព​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត កើន​ឡើងជា​បន្តបន្ទាប់​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បន្ត​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ របស់​ខ្លួន​បន្តបន្ទាប់​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល និង​ត្រៀម​ទប់ទល់​នឹង​ស្ថាន ភាព​ដ៏​អាក្រក់​នេះ ។ រហូត​មក​ដល់​ថ្ងៃ​ទី ៣០​ខែមីនា ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត គឺ​ផ្អាក​ការ​នាំ​ចេញ​អង្ករ ស និង​ស្រូវ​ទៅ​កាន់ ទីផ្សារ​បរទេស ដើម្បី​ទុក​អង្ករ​ប្រភេទ​នេះ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​វិញ ។

យោង​តាម​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ៥​ខែមេសា ឆ្នាំ ២០២០​នេះ​តទៅ រដ្ឋាភិបាល​នឹង​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំ​ចេញ អង្ករ ស និង​ស្រូវ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ដោយ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​តែ​អង្ករ​ក្រអូប​ប៉ុណ្ណោះ ។ ការ​ផ្អាក​ការ​នាំ​ចេញ​អង្ករ ស និង​ស្រូវ ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​នេះ គឺ​ដើម្បី​រក្សា​ទុក ផ្គត់ផ្គង់​ក្នុងស្រុក ។

សម្ដេច​មាន​ប្រសាសន៍​ថា កន្លង​មក​កម្ពុជា​នាំ​ចេញ​អង្ករ ស និង​ស្រូវ ភាគច្រើន​នាំ​ចេញ​ទៅ កាន់​ប្រទេស​ជិតខាង ដូច​ជា​៖ ថៃ និង​វៀតណាម ដូច្នេះ​ដើម្បី​ធានា ដល់​ការ​ផ្គត់ផ្គង់​ក្នុង ស្រុក ចាំបាច់​ត្រូវ​តែ​ផ្អាក​ការ​នាំ​ចេញ​អង្ករ ស និង​ស្រូវ​មួយ​រយៈ​រហូត​ដល់​មានការ​ជូន ដំណឹង​ជា​ថ្មី ។ ដោយឡែក​អង្ករ​ក្រអូប គឺ​នៅ​តែ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ជា​ធម្មតា ព្រោះ​អង្ករ ប្រភេទ​នេះ​មិន​មាន​ច្រើន​នោះ​ទេ ហើយ​ក៏​មិន​មាន​តម្រូវការ​ក្នុងស្រុក​ប៉ុន្មាន​ដែរ ដោយសារ តែ​ប្រជាជន​កម្ពុជា​ភាគច្រើន​ប្រើ​តែ​អង្ករ​ធម្មតា ខុស​ពី​អង្ករ​លេខ ១ ដែល​ជា​អង្ករ​ក្រអូប​នាំ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ទីផ្សារ​ចិន និង​ប្រទេស​ផ្សេង​ទៀត ។

សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ទុក​ពេល​មួ​យស​ប្ដា​ហ៍​ដល់​ឈ្មួញ​ដែល​បាន​ទិញ​ស្រូវ និង អង្ករ រួច​ហើយ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ក្រៅ ដើម្បី​ឱ្យ​ផុត​នៅ​ការ​នាំ​ចេញ​របស់ ខ្លួន ហើយ​ចាប់ពី​ថ្ងៃ​ទី ៥​ខែមេសា ឆ្នាំ ២០២០​តទៅ​ការ​នាំ​ចេញ​អង្ករ ស និង​ស្រូវ នឹង​ត្រូវ ផ្អាក រហូត​ដល់​មានការ​កែប្រែ ឬ​ស្ថានការណ៍​ជំងឺ​កូ​វី​ដ ១៩ ត្រលប់​មក​រក​សភាព​ដើម​វិញ ។ សម្ដេច​មាន​ប្រសាសន៍​ថា ៖« ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ ដើម្បី​ទម្លាក់​ប្រាក់​ទៅ​រោង​ម៉ាស៊ីនកិនស្រូវ និង​ស្តុក​ស្រូវ ដើម្បី​ទទួល​ទិញ នូវ​ស្រូវ​ពី​ប្រជា ពលរដ្ឋ ។ ពីព្រោះ​មុន​នេះ បន្តិច​ស្រូវ​របស់​ប្រជាពលរដ្ឋ​ត្រូវ​លក់​ទៅ​ឱ្យ​ឈ្មួញ​ពី​ប្រទេស វៀត​ណា និង​ឈ្មួញ​ពី​ប្រទេស​ថៃ ដូច្នេះ​បើសិនជា​បិទ​មិន​ឱ្យ​នាំ​ចេញ​ស្រូវ នោះ​នឹង​មាន​ភ្ញៀវ ទិញ​ស្រូវ​ពលរដ្ឋ​ទៀត​ឡើយ ។ ឥឡូវនេះ​រោង​ម៉ាស៊ីនកិនស្រូវ​ត្រូវ​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ ក្នុង​តម្លៃ​ដដែល​ដូចដែល​ឈ្មួញ​ទិញ​ពី​ប្រជាពលរដ្ឋ » ។

ភ្លាម​ៗ​ក្រោយ​ពី​មានការ​ប្រកាស​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​កាន់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ដើម្បី​ចាត់វិធានការ លើ​ការ​ទប់ស្កាត់​ការ​នាំ​ចេញ​ស្រូវ និង​អង្ករ​ចេញពី​កម្ពុជា ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ២​ខែ និង ២៥​ថ្ងៃ ក្នុង​ឆ្នាំ ២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ ក្រៅប្រទេស​ចំនួន ២១៤.៦១២​តោន ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​ចិន មាន​ចំនួន​ជាង ៩៨​ពាន់ តោន ទីផ្សារ​សហភាព​អឺរ៉ុប​ចំនួន​ជិត ៦៣​ពាន់​តោន នាំ​ទៅ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​ជិត ៣០ ពាន់​តោន និង​ប្រទេស​ផ្សេង​ទៀត ជិត ៣០​ពាន់​តោន​ដែរ ។ដោយឡែក​សម្រាប់​ការ​នាំ​ចេញ​ស្រូវ​ក្រៅផ្លូវការ​ទៅ​កាន់​ទីផ្សា​ប្រទេស​ជិតខាង មាន​ចំនួន ៨៣៦.៦៩២​តោន ហើយ​នាំ​ចេញ​ទៅ​តែ​ប្រទេស​វៀតណាម​មួយ​ប៉ុណ្ណោះ ក្នុង​រយៈពេល ២​ខែ ២៥​ថ្ងៃ​ក្នុង​ឆ្នាំ ២០២០​នេះ ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ជំ​ងឹ​កូ​វី​ដ ១៩ ត្រូវ​បាន​រក​ឃើញ​ជា​ច្រើន​ករណី​នៅ​ក្នុង​ប្រទេស កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន​ជាង ១០០​ករណី នោះ រដ្ឋាភិបាល​បាន សម្រេច​បិទ​សាលារៀន​រដ្ឋ និង​ឯកជន បិទ​ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត រោងកុន និង​បៀរ​ហ្កា​ឌិន ព្រមទាំង​កាស៊ីណូ ទូ​ទាំង​ប្រទេស​ផង​ដែរ ។ រដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ជំហរ​ថា កម្ពុជា​នឹង មិន​មានការ​បិទ​ក្រុង បិទ​ប្រទេស បិទ​ផ្សារ​លក់ដូរ បិទ​ភោជនីយដ្ឋាន និង​បិទ​ហាង​កាហ្វេ នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ